“ឯងទៅរួចទេ?” យូហ៊ាន ដាក់ដៃទះទៅលើស្មាធ្លាក់ចុះនោះថ្នមៗហើយចាប់សង្កេតមើលទឹកមុខដ៏កម្សត់ដោយខ្សែភ្នែកសោកសៅ។
“ខ្ញុំមិនអីទេ!” គេប្រាប់ទាំងសំឡេងញ័រតតាត់ ឈានជើងដើរចេញពីបារទាំងទឹកភ្នែកហូរបុកសម្រុកជាន់កគ្នាដាបពេញផែនថ្ពាល់រហេមរហាម។ គេដើរបណ្តើរនឹកស្រណោះអាណិតជីវិតខ្លួនឯងបណ្តើរទឹកភ្នែកហូរជោកក្រណាត់អាវផ្សើមអស់ បបូរមាត់ញ័រសសឹក សឹងតែស្រែកព្រលែងការឈឺចាប់ទាំងអម្បាល់មាណចេញមកឱ្យអស់ពីខ្លួន។
“ខ្ញុំមិនបន្ទោសម៉ាក់ មិនបន្ទោសប៉ា ដែលឱ្យជីវិតមកខ្ញុំ សម្រាប់រស់នៅក្នុងស្ថានភាពបែបណានោះទេ ខ្ញុំខុសខ្លួនឯង ខ្ញុំជាអ្នកខុសដែលកើតមកជ្រើសរើសយកភាពទន់ជ្រាយខ្លាំងពេកពេលរៀនចប់ខ្ញុំនឹងវិលត្រលប់ទៅរកអ្នកទាំងពីរវិញ មនុស្សនៅក្នុងទីក្រុងទាំងអស់ពិតជាអាក្រក់ខ្លាំងណាស់ ចិត្តពួកគេគឺខ្មៅកខ្វក់ ខ្ញុំស្អប់គ្រប់គ្នាដែលនៅទីនេះខ្លាំងណាស់!” ជុងហ្គុក ឈរស្រែកខ្លាំងៗ ក្តាប់ដៃម៉ាត់ដាល់ជញ្ជាំងម៉ាំងៗជាំសាច់ជ្រាំឈាមទាល់តែហើមក្រញរដៃនឹងដាច់រលាត់ស្បែក។
បន្ទប់ជួល
រាងកាយដែលគ្មានកម្លាំង សល់តែសំបក គ្មានក្តីសង្ឃឹម បានត្រឹមទម្លាក់ខ្លួនអង្គុយផ្ទាល់ឥដ្ឋទាំងក្លិនផ្អួរស្អុយគគ្រូកលើដងខ្លួន សភាពប្រឡាក់ស្រមេកស្រមក មុខមាត់សោកសៅក្រៀមក្រំ ស្លេកៗគ្មានឈាម គិតហើយ ឃើញហើយ ពិតជាអាណិតខ្លួនឯងខ្លាំងណាស់ ខណៈដែលបាយក៏គ្មានញាំ ប្រាក់ក៏គ្មានចាយ ត្រូវរង់ចាំរហូតដល់ពេលបើកប្រាក់ខែម្តងទៀត ទុកបង្គ្រប់បង់តែថ្លៃសាលាតែប៉ុណ្ណោះ។
ជុងហ្គុក លើកដៃជូតកៀសដំណក់ទឹកចេញស្អាត ត្រដរក្រោកដើរទៅបន្ទប់ទឹក ដើម្បីដោះសម្លៀកបំពាក់ទុកត្រាំបោក រួចងូតទឹកសម្អាតខ្លួន ព្យាយាមដើរមករកគ្រែគេងទាំងដៃជើងល្ហិតល្ហៃ ឃ្លានសឹងតែខ្យល់គស្លាប់ទៅហើយ។
“ខ្ញុំប្រហែលធ្វើតាមសន្យាដែលលោកយាយចង់បាន មិនបានទេ ចៅសូមទោស ខួរក្បាលរបស់ចៅល្ងង់ខ្លាំងណាស់ ជីវិតដែលចៅបានជួបនៅពេលនេះគឺប្រៀបដូចជានរកទាំងស្រុងអ៊ីចឹងលោកយាយ!” គេដេកសើចញញឹមយំលាយឡំអារម្មណ៍ជូរចត់ ស្ថានភាពប្រហាក់ប្រហែលទៅនឹងមនុស្សឆ្កួត តើគេគួរត្រូវរស់នៅក្នុងទិដ្ឋភាពបែបនេះដល់ពេលណាទៀត ហេតុអីគេមិនអាចផ្លាស់ប្តូរខ្លួនឯងបាន ហេតុអីសូម្បីតែការប្រាថ្នារស់នៅក្នុងជីវិតសាមញ្ញមួយនឹងគេក៏មិនអាច?គ្រប់យ៉ាង ទាំងឋានៈ មុខមាត់ រូបរាង គេអន់មួយចប់ សូម្បីតែខួរក្បាលក៏ល្ងង់ សង្គមនេះក៏មើលមកកាន់គេ ចាត់ទុកគេដូចជាសំរាម នរណាក៏អាចមើលស្រាលគេបានដែរ គិតហើយកាន់តែឈឺចាប់ គិតហើយកាន់តែនឹកអាណិតស្រណោះជីវិតដ៏កម្សត់របស់ខ្លួនឯងខ្លាំងណាស់។
ថ្ងៃថ្មីនេះ
ម៉ោង ៦:៣០នាទីព្រឹក
ថ្ងៃនេះមិនខុសពីម្សិលមិញ សភាពយ៉ាប់យឺន នឹងទឹកមុខស្មឿគ គ្មានកម្លាំងនៅតែបន្តបង្ហាញឡើងជាញឹកញាប់ដដែល។ ជុងហ្គុក ពាក់វែនតាធំៗ ស្ថិតក្នុងរូបរាងធាត់ មុខមាត់ក្រៀមក្រំ សក់ក្រញាញ់ សម្បុរស្រអាប់ ជាកូនអ្នកក្រដែលមកពីខេត្តឆ្ងាយតាមស្រុកភូមិជនបទម្តងទៀត។ គេដើរចូលទៅក្នុងថ្នាក់រៀន សិស្សដែលជាមិត្តរួមថ្នាក់ សម្លឹងមើលមកកាន់គេ តាមដោយក្រសែភ្នែកស្អប់ខ្ពើម មិនខុសប្លែកពីរាល់ដងអ្វីប៉ុន្មានឡើយ។

????????????????????????? ????????????
Start from the beginning