រាត្រីត្រជាក់
ទោះបីជាបរិយាកាសក្នុងរាត្រីនេះមានសភាពរងារញ័រញាក់ព្រឺរោមខ្លាំងប៉ុណ្ណា ប៉ុន្តែនៅតែមានអារម្មណ៍ថាកក់ក្តៅចំពោះគ្រួសារតូចដែលមានសមាជិកត្រឹមតែបីនាក់នៅខាងក្នុងបន្ទប់បួនជ្រុងតែមួយដដែល។
រ៉ូគិ បិទសៀវភៅរៀនសូត្រទុកដាក់ទៅម្ខាង លើតុដ៏ប្រណីតហើយជំនួសមកវិញដោយទឹកមុខល្វើយជាខ្លាំង សឹមដើរចូលទៅដាក់ខ្លួនទម្រេតខ្នងគេង តាមដោយរាងកាយល្ហិតល្ហៃអស់កម្លាំង។
“ងងុយគេងហើយឬ?” ថេយ៉ុង ញញិមដាក់ដៃឱបអាល្អិតតូច ឃើញកូនស្ងាបហាមាត់ធំៗ ឫកពាកិកកុកៗគួរឱ្យស្រឡាញ់ណាស់។
“ងងុយគេងហើយប៉ាប៉ា!” រ៉ូគិ ត្រសុលខ្លួនចូលទៅគេងផ្អឹបខ្នងក្បែរដើមទ្រូងរាងតូច មិនភ្លេចស្រវាចាប់កូនតុក្កតារបស់ខ្លួនមកឱបជាប់ក្នុងរង្វង់ដៃបន្ថែម។
“កូនឯងគេងខាងទៅ ដេតឌីគេងជិតប្រពន្ធដេតឌីវិញ!”
ជុងហ្គុក បន្ទាប់ពីបានងូតទឹកផ្លាស់ឈុតហើយភ្លាមនាយក៏ដើរតាំងៗទៅនិយាយដេញកូនទាំងមុខស្ងួតជ្រើង តែអាល្អិតនោះត្បុលឡើងជិះអង្គុយលើក្បាលពោះរាបស្មើ ថេយ៉ុង ជាប់។
“កូនគេងកណ្តាល អត់គេងខាងទេ ខ្លាចខ្មោច!” រ៉ូគិ ដាក់ក្បាលផ្អឹបលើដើមទ្រូងដ៏កក់ក្តៅ រួចប្រកែកទាំងចរិតក្នក់ក្នាញ់គួរឱ្យចង់ចាប់គ្រញិច។
“អ៊ីចឹងដេតឌីឱបប្រពន្ធដេតឌីម៉េចដល់?” អ្នកដែលទទូចទាមទារចាប់ផ្តើម សំដែងឫកពារំអុកកូនតូចខ្ចីល្ហក់ដែលដេកននៀលជិះជាន់ខ្លួនប្រាណប្រពន្ធខ្លួនយ៉ាងទំនើងចាស់ដៃថែមទាំងលើកដៃវាយលើខ្លួនគេទៀត។
“បើចង់គេងឱបប្រពន្ធ ខំយកកូនមកធ្វើអីចុះ? មិនបាច់ឱប អួយស្អីទេ បិទភ្នែកគេងភ្លាមទៅ គេងភ្លាម វាយឥឡូវហ្នឹង!” រ៉ូគិ ខាំមាត់ ចាប់ទាញដៃ ជុងហ្គុក អូសមកជិតខ្លួនរួចបង្ខំឱ្យឪពុកគេង ទាំងទឹកមុខមាំទាំរាបស្មើធេង។
“ទៅដេតឌីសុំអង្វរ!” ជុងហ្គុក ប៉ងក្នុងចិត្តរួចហើយថាយប់នេះបានគេឱបប្រពន្ធឱ្យបានពេញៗដៃ ដោយសារតែ ថេយ៉ុង ទើបតែរៀបចំខ្លួនថែទាំស្បែកនិងរាងដ៏តូចច្រឡឹងស្អាតពីក្បាលដល់ចុងជើង គ្មានប្តីឯណាដែលថាមិនគ្រឺតក្នាញ់ភរិយាពេលធ្វើខ្លួនស្អាតយ៉ាងនេះឡើយ។
