បន្តភាគយើងទៀត..រឿង៖ ស្នេហានេះខ្ញុំជាជនទីបី
ភាគទី០៩ង៉ោង!
ការចួបគ្នារវាងលូហ្ស៊ីងនឹងក្លារ៉ាបន្តទៅត្រឹមតែជាង១០នាទីតែប៉ុណ្ណោះ ទោះបីជាការចួបនោះវាធ្វើឲ្យចិត្តបេះដូងគេរសាប់រសល់ដល់ថ្នាក់ធ្វើខ្លួនមិនត្រូវក៏ពិតមែន តែក៏មានប៉ុន្មានឃ្លាប្រយោគដែលគេចាំច្បាស់ចេញពីមាត់នាង ទាក់ទងនឹងម៉ាខេឡា អនាគតប្រពន្ធគេ។
(ម៉ាខេឡានាងមើលទៅដួចជាខុសប្លែក...)
(នាងដូចជាមានរឿងអ្វីដែលលាក់បាំង)
(លោកឧស្សាហ៍មើលនាងផង)
កាន់តែស្ដាប់ នាយកាន់តែមិនយល់ តើក្លារ៉ានាងបានចួបម៉ាខេឡាក្នុងសភាពបែបណា បានជានាងគិតថាម៉ាខេឡាមានអ្វីលាក់លៀមអីបែបនេះ?
"នាងចង់សម្ដៅទៅលើស្អី?" លូហ្ស៊ីងកាន់តែច្របូកច្របល់ចិត្ត ដល់ថ្នាក់ជើងជាន់ហ្គែរផុងទៅហើយ នៅមិនដឹងខ្លួនទៀត។ គេបើកឡានយ៉ាងលឿន សម្ដៅត្រឡប់មកកាន់សណ្ឋាគារវិញ ក្រោយពីទៅរកនាងនៅសំណាក់ហ័រ តែក៏បែរជាទទួលដឹងថានាងមិនបាននៅសមាធិទេ នាងបានត្រឡប់ទៅផេនហោស៍វិញបាត់ទាំងថ្ងៃ។
ផឹប! ផឹប...
សម្រឹបជើងធ្ងន់ បោះទម្លាក់ញាប់សឹងតែរាប់ជំហានដើរគេមិនទាន់ លូហ្ស៊ីងចូលមកខាងក្នុងសណ្ឋាគាររួចក៏ដើរហួសទាំងមិនបានសូម្បីតែងាកទៅទទួលដឹងពីការរាក់ទាក់របស់បុគ្គលិកសោះ។
"នេះអ្នកប្រុសកើតអីហ្នឹង?"
"យើងក៏អត់ដឹងដែរ តែទឹកមុខគាត់ដូចជាអត់ល្អសោះតែម្ដង" បុគ្គលិកប៉ុន្មាននាក់ ក្រោយចៅហ្វាយប្រុសទៅបាត់ក៏នាំគ្នាលាន់មាត់ឆ្ងល់តែម្ដង។ គាប់ចួនជាពេលនោះចូវិន គេទើបចេញពីហូបបាយថ្ងៃក៏មកដល់ទាន់នឹងបុគ្គលិកកំពុងតែជជែកគ្នាល្មម។
"ថ្ងៃនេះមិនមែនប្លែកតែអ្នកប្រុសទេ អ្នកស្រីម៉ាខេឡាក៏ប្លែកដែរ រាល់ដងគឺទៅរៀនសមាធិដល់ល្ងាចៗមេឃត្រជាក់ទើបមកវិញ តែថ្ងៃនេះប្លែក គាត់មកតាំងពីថ្ងៃរសៀលរះត្រង់ខ្ពស់ ហើយសភាពគាត់ដូចជាមិនល្អសោះ"
"អូហ៍ អ៊ីចឹងប្រហែលជារឿងដែលអ្នកប្រុសមកវិញ មានទាក់ទងជាមួយនឹងរឿងដែលអ្នកនាងមកវិញហ្នឹងដឹង?"
"សណ្ឋាគារប្រហែលជាតូចប៉ុនរន្ធកណ្ដុរហើយ បានជាបុគ្គលិកម្នាក់ៗទំនេរ គ្មានការងារស្អីធ្វើសោះ"
"លោក..លោកចូវិន" ពេលវេលាស៊ីត្រាវរឿងចៅហ្វាយក៏ត្រូវបានចូលមកបំផ្លាញដោយកម្លោះសង្ហាចូវិន មនុស្សជំនិតរបស់អ្នកប្រុសដែលពួកនាងនិយាយអម្បាញ់មិញហ្នឹងឯង។
"ទំនេរណាអីបានជានាំគ្នាមកនិយាយដើមចៅហ្វាយ ប្រយត្ន័តែគាត់លឺ ពួកឯងហូបបាយលែងបានពេញមាត់ទៅ"
"ឲ្យពួកខ្ញុំសុំទោសលោកចូវិន ពួកខ្ញុំសន្យាថានឹងមិនមានលើកក្រោយទៀតនោះទេ"
"អារឿងនិយាយដើមគេហ្នឹង ទោះរន្ទះបាញ់ស្លាប់ក៏កែមិនបានដែរ មិនបាច់សន្យាស្អីទេ កុំតែនិយាយលើកក្រោយ ឲ្យលឺដល់ត្រចៀកខ្ញុំរឺអ្នកប្រុសហ្ស៊ីងទៅបានហើយ"
"បាទ/ចាស៎លោកចូវិន"
កម្លោះសង្ហាយើង ក្រោយពីគម្រាមកូនចៅក្រោមបន្ទុករួច គេក៏ដើរចេញពីទីនោះទៅទាំងមុខស្មើធេង ពេញដោយភាពម៉ដចត់ តែដើរចេញឆ្ងាយពីពួកគេមិនទាន់បានសាមសិបម៉ែត្រផង អារម្មណ៍ចង់ដឹងរបស់គេក៏ភ្ញោចចេញមកដោយឯកឯង។ សម្ដីនិយាយដើមដែលគេដៀលថាឲ្យកូនចៅអម្បាញ់មិញ ពេលនេះគេក៏យកមកគិតដែរ។
"នេះចៅហ្វាយនឹងអ្នកនាងម៉ាខេឡាមានរឿងអី?"
ចិត្តចង់ដឹងហួសមាឌ បង្គាប់បញ្ជាចូវិនឲ្យប្រញាប់ដើរទៅចំណតឡាន រួចសម្ដៅចូលទៅបើកឡានចៅហ្វាយមើល ពិសេសគឺជីភីអេស បង្ហាញគោលដៅដែលគាត់បានទៅ។
