ការជួបជុំសមាជិកនៅក្នុងគ្រួសារបរិភោគអាហារពេលល្ងាចដ៏ឈ្ងុយឆ្ងាញ់ក៏ទើបតែបញ្ចប់ទៅហើយថ្មីៗ។ ផ្ទៃមេឃស្រាប់តែចាប់ផ្តើមខ្មៅងងឹតខ្មួរខ្មាញមួយប៉ប្រិចភ្នែក ស្របពេលដែលសំឡេងខ្យល់បក់បោកក៏ចាប់ផ្តើមរន្ថើនឡើងរំកិលចុងស្រល់ទន់ទេរយ៉ាងខ្លាំង។
មិនយូរប៉ុន្មានតំណក់ភ្លៀងចាប់ផ្តើមស្រក់ធ្លាក់ស្រោចស្រពដីផ្សើមជោកជាំសំណាងហើយដែលគ្រួសារ ជុងហ្គុក ចាកចេញដំណើរទៅមុនអស់នៅសល់តែគេម្នាក់ដែលនៅជួយរៀបចំរបស់របរទុកដាក់ហើយក៏មិនបានទៅលឿនទាន់និងគេឯង ថ្ងៃនេះបើកម៉ូតូមកទៀត ភ្លៀងធ្លាក់មិនងាយរាំងដោយសារតែជាចំហាយព្យុះធំទើបនាំឱ្យមានភ្លៀងធ្លាក់មិនព្រមឈប់។
ដំណកដង្ហើមធំៗដកបន្ធូរចេញចូលយ៉ាងញាប់រន្ថើន រាងកាយក្រាស់ឃ្មឹក លើកដៃមកឱបលើដើមទ្រូងឈរសម្លឹងទឹកភ្លៀងស្រក់ធ្លាក់ចុះពីសំយាបខាងមុខផ្ទះដោយកែវភ្នែកប្រដេញជះពន្លឺព្រាកៗដែលចាំងមកពីផ្ទេកបន្ទោនិងស្នូររន្ទៈ។
«មកឈរអីត្រង់នេះ?» ថេយ៉ុង ឧទានដើរចេញមកឈរទន្ទឹមនិងរាងកាយខ្ពស់ក្រាស់។
«បងចាំឱ្យមេឃរាំងភ្លៀងន្អាលនឹងបានទៅផ្ទះ!» ជុងហ្គុក និយាយរួចសម្លឹងមើលទឹកភ្លៀងដែលនៅតែស្រក់ហូរកាន់តែជោកជាំខ្លាំងទៅៗគ្មានបានផលទេបើគេរង់ចាំឱ្យមេឃរាំងភ្លៀងយ៉ាងហោចណាស់ក៏យប់ជ្រៅខ្លាំងដែរ។
«មេឃធ្លាក់ភ្លៀងខ្លាំងណាស់.. លោកចង់ទៅវិញទាំងយប់អ៊ីចឹងអ្ហេស?»
ថេយ៉ុង បារម្ភខ្លាំងណាស់ដែរដោយសារតែនេះជាខែវស្សារដូវភ្លៀងធ្លាក់រអឹកនិងមានគ្រោះធម្មជាតិរន្ទៈកាចខ្លាំងផង បើបណ្តោយឱ្យគេចេញទៅយប់ព្រលប់បែបនេះខ្លាចក្រែងចួបគ្រោះថ្នាក់មើលមិនឃើញ។
«បើនៅគេងផ្ទះអូនក្រែងមិនសមអ៊ីចឹងអ្ហី?» នាយញញិមស្ងួតបែរទៅចាប់ទាញរាងតូចមកឱបក្រសោបក្នុងរង្វង់ដើមដៃ ផ្អឹបខ្នងស្រឡូនអឹបជាប់ទ្រូងធំទូលាយ។
«តែដីបែកល្បាប់វាអាចនឹងរអិលដួល..» ផ្ទៃមុខផូរផង់ផ្ងើយឡើងបង្ហាញកែវភ្នែកខ្វល់ខ្វាយ។
«ចាំឱ្យរាំងភ្លៀងយូរខ្លាំងណាស់!» ជុងហ្គុក ថាចប់ដាក់ចង្កាលើស្មាតូចផ្ទេរភាពកក់ក្តៅដល់រាងតូចឱ្យមានអារម្មណ៍រ៉ូមែនទិកក្រោមសំឡេងតំណក់ភ្លៀងលាន់រងំពេញត្រចៀក។
«គេងនៅទីនេះហើយ.. ចាំខ្ញុំទៅគេងជាមួយ ថេលី ក៏បាន!» មិនចង់ឃើញនាយពិបាកទីបំផុតកំលោះតូចដាច់ចិត្តហាមឃាត់នាយស្នាក់នៅទីនេះមួយយប់វាមិនខុសឆ្គងនោះទេពួកគេមានឈ្មោះជាគូស្នេហ៍ក្លាយទៅជាគូដណ្តឹងគ្នាឆាប់ៗនេះទៅហើយនរណាៗក៏បានដឹងឮនិងទទួលស្គាល់សម្ព័ន្តភាពរវាងអ្នកទាំងពីរដូច្នោះដែរវានៅតែគ្មានបញ្ហារំខាន។
«តែបងចង់គេងជាមួយអូន!»
«មិនឱ្យគេងជាមួយទេ ដៃលោករាវដូចមឹកអ៊ីចឹងនោះ!»
«អត់រាវគេងអត់លក់!»
«ទម្លាប់អាក្រក់!»
«សឺត.. ទម្លាក់អាក្រក់ តែបងចង់នៅជិតអូន!» បបូរមាត់គ្រើមៗផ្តិតស្នាមថើបលើបបូរមាត់ក្លែបក្រូចមួយដង្ហើម ពេលវេលាកាន់តែរំកិលទៅមុខភ្លៀងនៅតែមិនព្រមឈប់ស្រក់ដូចដើម។ ចុងបញ្ចប់ ជុងហ្គុក ក៏សម្រេចចិត្តគេងនៅទីនេះដោយសារតែ ថេយ៉ុង ហាមប្រាមនាយខ្លាំងពេក។
នៅខាងក្នុងបន្ទប់សម្រាក ដែលបានរៀបចំទៅដោយពូកនិងគ្រែឈើមានរបៀបរៀបរយត្រឹមត្រូវ វាបំភ្លឺទៅដោយពន្លឺចង្កៀងអុជប្លុងៗនេះជាបន្ទប់ដាក់សម្ភារៈកាលពីមុន។ ប៉ុន្តែបច្ចុប្បន្នលោក ថេអីន បានជួសជុលប៉ះប៉ូវកែច្នៃឱ្យក្លាយទៅជាបន្ទប់គេងសម្រាប់ទទួលភ្ញៀវមកពីចម្ងាយវិញ។
ថេយ៉ុង មិនបានទៅគេងបន្ទប់របស់ ថេលី ទេគេណែនាំឱ្យ ជុងហ្គុក មកសម្រាកនៅបន្ទប់នេះវិញ ព្រោះភ្លេចឱ្យឈឹងទៅថាប្អូនស្រីក៏ធំពេញក្រមុំទៅហើយគេប្រកាន់ទើបមិនចង់ទៅគេងជាមួយនិងនាង។
«ភួយ!» ថេយ៉ុង ហុចភួយដណ្តប់ទៅឱ្យ ជុងហ្គុក ដែលឈរពើបនឹងមាត់ទ្វារ។
«ដាច់ចិត្តណាស់ហ្ន៎មិនឱ្យអនាគតប្តីគេងជាមួយផងទេអ្ហេស?»
«មិនទាន់រៀបការផងលោកចង់បំពានគំនូសច្បាប់ប្រពៃណីហើយមែនទេ?»
«សន្យាហើយតើសថាបងមិនធ្វើអីលើអូនលើសលស់ទេ!» កំលោះច្រឡឺមញញិមញញែមលូកដៃទៅចាប់បេះបួយថ្ពាល់ក្រពុំបបួលឱ្យស្នាមញញិមនៅលើបបូរមាត់ក្លែបក្រូចនោះ រីកស្រស់ប៉ប្រិមមុននឹងលើកដៃក្តិចលើម្រាមដៃនាយយ៉ាងខ្លាំង។
«ស្អប់ណាស់.. ឆាប់ចូលគេងទៅយប់ជ្រៅហើយ!»
«ថើបបងសិនមក..» ជុងហ្គុក សម្លឹងទឹកមុខ ថេយ៉ុង យ៉ាងយូរមិនចង់ព្រលែងរាងតូចឱ្យឃ្លាតចេញពីរង្វង់ដៃឆាប់ៗសោះ។
«ខ្លាចលោកពុកនិងអ្នកម៉ែឃើញ!»
«ចុះរាល់ដងបងថើបអូននៅនឹងមុខពួកគាត់ម្តេចក៏មិនអី?»
«តែខ្ញុំថើបលោកវាមិនសម!»
«កំណាញ់ខ្លួនដូចស្រីក្រមុំអ៊ីចឹង.. ខ្លាចនេះខ្លាចនោះមិនបាច់ខ្លាចទេ អនាគតប្តីអូនគឺបងតែម្នាក់នេះហើយ!» រាងតូចឈរសម្លក់រាងក្រាស់ព្រោះតែក្នាញ់ខ្លាំងពេកមុននឹងអើតខ្លួនទៅថើបលើផែនថ្ពាល់នាយសង្ហាមួយខ្សឺត។
«ជុប៎.. ចូលគេងបានហើយ!» និយាយចប់ ថេយ៉ុង បង្វិលខ្លួនដើរតាំងៗទៅរកបន្ទប់ទាំងលួចសើចញញិមម្នាក់ឯង ព្រោះអៀននិងទង្វើដដែលៗ ទោះបីជាស្នេហ៍មួយនេះឈានដល់ចាស់ទុំទាំងសងខាងទទួលស្គាល់ដឹងឮក៏ដោយក្តីប៉ុន្តែគេនៅតែលួចមានថាអារម្មណ៍រំភើបរំជើបរំជួលមិនព្រមឈប់។
ចូលដល់ខាងក្នុងបន្ទប់ភ្លាម ថេយ៉ុង ចាក់គន្លឹះជិតស្លុប រួចស្ទុះទៅរកគ្រែគេងទាំងអារម្មណ៍រំភើបត្រេកអរ មុននឹងហក់ឡើងលើគ្រែគេងឱបរឹតខ្នើយឱបយ៉ាងណែនដៃដោយស្នាមញញិមជាប់លើបបូរមាត់ប៉ប្រិមមិនរលាយ។
(ចុះរាល់ដងបងថើបអូននៅនឹងមុខពួកគាត់ម្តេចក៏មិនអី?)
(តែខ្ញុំថើបលោកវាមិនសម!)
(កំណាញ់ខ្លួនដូចស្រីក្រមុំអ៊ីចឹង.. ខ្លាចនេះខ្លាចនោះមិនបាច់ខ្លាចទេ អនាគតប្តីអូនគឺបងតែម្នាក់នេះហើយ!)
«ប្រុសចម្កួត!» កម្តៅស្នេហ៍កើនឡើងបុកស្រឺតៗជ្រាបពេញបេះដូងក្រហមមួយកណ្តាប់នេះយ៉ាងជ្រាលជ្រៅ។ មិនដឹងកើតរោគស្អីសុខៗក៏មកដេកអៀនសើចញញិមញញែមអរកខិកកខុបម្នាក់ឯងដូចជាមនុស្សមានប្រព័ន្ធប្រសាទមិនល្អ។

YOU ARE READING
?? ?????????? ????????? Love is satisfying ??
Fanfiction?????????????????????? (1970)