៣ ខែក្រោយ
វិមាន ‘ចន’ ស្ថិតនៅផ្លូវជាយក្រុងក្នុងគម្រោងរចនាបថសាងសង់ឡើងមិនទាន់ហើយរួចរាល់ទាំងស្រុងនៅឡើយប៉ុន្តែក៏មានផ្នែកខ្លះគ្រោងឆ្អឹងឡើងនិងត្រូវបានបុកគ្រឹះយ៉ាងរឹងមាំបែងចែកទៅតាមលក្ខណៈសណ្ឋានប្លង់នីមួយៗរបស់អ្នកជំនាញផ្នែកវិស្វកម្មជាជនជាតិស្វិសសុទ្ធសាធទៅតាមលំដាប់លំដោយ។
រថយន្តបាំងជិតមួយគ្រឿងបរមកឈប់ចតខាងមុខទីធ្លារបងដែលបានសង់ឡើងធ្វើមកអំពីស៊ីម៉ង់លាយឡំជាមួយដែកល្អៗដែលមានរចនាបថក្បូចក្បាច់រចនាតាមបែបអ៊ឺរ៉ុបជះពន្លឺពណ៌មាសសុទ្ធក្រាលដោយប៊េតុងរលោងស្រិលនិងមានរូបចម្លាក់សេះជារូបចម្លាក់ដេកនិងឈរបីក្បាលពណ៌ខ្មៅនៅចំកណ្តាលដី រំលេចទៅដោយសួនផ្កាកុលាប.ស ១ម៉ឺនដើម នៅភាគខាងស្តាំ ភាគខាងឆ្វេងជាទីធ្លាចតយាន្តជំនិះទីធ្លាខាងក្រោយវិមានចាត់ទុកជាដីចម្ការតូចមួយសម្រាប់ដាំដំណាំជាប្រភេទរុក្ខជាតិហូបផ្លែ និងខាងមុខដាំដុះទៅដោយកូនស្មៅតូចៗ សម្រាប់ទីធ្លាកម្សាន្តសម្រាប់កុមារយ៉ាងល្អិតល្អន់។
«ម្តេចក៏បន្ទប់នេះធំខ្លាំងយ៉ាងនេះ?» ថេយ៉ុង ឈរនៅពីមុខបន្ទប់ជាន់ទី ៣ នៃវិមានដ៏ធំស្គឹមស្កៃដែលត្រូវបានសាងសង់ឡើងមានលក្ខណៈទ្រង់ទ្រាយធំទូលាយជាងបន្ទប់ដទៃ។
នៅខាងក្រៅបន្ទប់ក៏មានវេរ៉ង់ដាដែលមានទីធ្លារាងធំអាចដាក់បានកូនតុនិងកៅអីសម្រាប់អង្គុយស្រូបយកខ្យល់បរិសុទ្ធនៅក្នុងបរិយាកាសដ៏ល្អ ទស្សនាទេសភាពធម្មជាតិជាយក្រុងយ៉ាងត្រជាក់ភ្នែកបន្ថែមទៀត។
«បន្ទប់នេះបងធ្វើឡើងគ្រោងជាបន្ទប់ដាក់សម្ភារៈ បងដឹងថាអូន ចូលចិត្តផ្កា ការកាត់ដេរ និង សៀវភៅ ទើបបងរៀបចំឱ្យមានលក្ខណៈធំជាងបន្ទប់ដទៃ មុនពេលបំពាក់គ្រឿងបរិក្ខារនៅក្នុងនេះបន្ថែម បងចង់ឱ្យអូនចំណាយពេលវេលាគ្រប់គ្រាន់ជាមួយនិងចំណង់ចំណូលចិត្តរបស់អូន!» ថេយ៉ុង ញោចស្នាមញញិមខ្ជឹបបបូរមាត់ ជុងហ្គុក ធ្វើអ្វីមួយក៏គិតគូរដល់គេជានិច្ចដែរ មានអារម្មណ៍ថាជីវិតដែលរស់រានខ្វះខាតសព្វថ្ងៃត្រូវបានបុរសម្នាក់នេះចូលមកបំពេញចន្លោះប្រហោងវារួចរាល់អស់ទៅហើយមានពេលខ្លះក៏លួចគិតថាខ្លួនឯងសំណាងមហាសែនសំណាងបំផុតដែរ។
«អូនចង់ទៅមើលខាងណាទៀត?»
«ចង់មើលមុខលោកច្រើនជាង!»
«ចែចង់បងអ្ហេសមិនបាច់ទេបងមិនចេះអៀនអូនទេ!» ជុងហ្គុក អស់សំណើចសើចតិចៗលូកប្រអប់ដៃទៅចាប់ក្រៀកចង្កេះគូដណ្តឹង មុននឹងនាំគេដើរទៅមុខបន្តមកដល់បន្ទប់លាតមួយទៀត។
«ចុះបន្ទប់នេះ?»
«នេះជាបន្ទប់ការិយាល័យ ព្រោះបងនឹងផ្លាស់មករកនៅប្រទេសកូរ៉េហើយបើកក្រុមហ៊ុនជំនួញ Swiss Arabian នៅក្នុងទីក្រុងសេអ៊ូលបន្ថែមចេញចូលក្រុមហ៊ុនជាធម្មតាក៏មានការងារត្រូវមកធ្វើនៅផ្ទះដែរ!»
«ឧស្សាហ៍ណាស់ហ្ន៎!»
«ប្តីអូនតែចឹង!»
«ជ្រេញឫកណាស់!»
សឺត!!
ក្នាញ់សម្តីគូដណ្តឹង ជុងហ្គុក ឆ្មក់ថើបបបូរមាត់ក្លែបក្រូចមួយប៉ក់ មុននឹងឈ្មុលផ្ទៃមុខរំកិលបបូរមាត់មកថើបថ្ពាល់ម៉ដ្ឋរលោងមួយខ្សឺតទៀត។
«ខ្មាសគេ!»
«ខ្មាសនរណា?»
«ជាង!»
«ជនជាតិស្វិសបឺតមាត់គ្នានៅកណ្តាលទីប្រជុំជនផង!» នាយសើចឮរហ៊ឹះក្នុងបំពង់ក ទើបតែចាប់អារម្មណ៍ឈុតលើដងខ្លួនរាងតូចថ្ងៃនេះស្អាតប្លែក។
«ឈុតរបស់អូន?»
«យ៉ាងម៉េច?»
«គឺ..»
«ឈុតនេះស្អាតទេ?» ថេយ៉ុង បង្វិលខ្លួនបង្ហាញអាវកាត់ដៃខ្លីក.ឌុបពណ៌ផ្កាឈូកសាច់រលោងស៊កទឺនុយជាមួយនិងខោកាត់សម្រុងវែងពណ៌ទឹកដោះគោគួរឱ្យស្រឡាញ់ដូចកូនកំលោះផ្កាឈូករាងក្រាស់ឈរញញិមញញែមស្រស់បស់ងក់ក្បាលលើកដៃមេបង្ហាញពីការស្ងើចសរសើរ។
«ស្អាត.. តែធម្មតាអូនស្លៀកឈុតអីក៏ស្អាតដែរ!»
«បញ្ជោរទៀតហើយ!» រាងតូចអៀនក្របួចមាត់។
«មិនបានបញ្ជោរទេប្រពន្ធបងស្អាតពិតមែន!»
«ស្អប់ណាស់..»
«ចូលទៅមើលខាងក្នុងទេ? បងឱ្យជាងដំឡើងចម្លាក់ស្អាតៗណាស់!»
«មើល!» ថេយ៉ុង ថាចប់ឈានជើងដើរចូលទៅខាងក្នុងបន្ទប់ដែលមានសភាពរាងងងឹតៗ ព្រោះមិនទាន់ចោះចន្លោះបង្អួចបានគ្រប់ចំនួន ទើបផ្តល់ពន្លឺបានតិចជាងបន្ទប់ដទៃ។
ប៊ឹប!!
«ថេយ៍ ខ្មោច!» ជុងហ្គុក ស្រែកបន្លាចតន្ត្រំជើងក្ឌូងក្ឌាំង។
«ហ៊ឹកៗ..» កំលោះតូចយំគគ្រូកភ័យញ័រខ្លួនឡើងប្រហោងពោះធ្លុង កាលបើត្រូវអ្នកម្ខាងទៀតពញ្ញាក់បន្លាចចំមនុស្សពូកែខ្លាចខ្មោចខ្លាំងផងព្រលឹងចុងសក់អស់។
«អូហ៍បងលលេង!»
«មួយថ្ងៃៗលោកចូលចិត្តធ្វើឱ្យខ្ញុំយំមួយថ្ងៃប៉ុន្មានដង?» ថេយ៉ុង ដកដង្ហើមដង្ហក់ខឹងកញ្ជ្រោលញ័រសាច់ក្តាប់ម្រាមដៃណែនគក់លើស្មាស្រោបទៅដោយសាច់ដុំហាប់ណែនទឹកភ្នែកហូរសស្រាក់សស្រាំយ៉ាងរហេមរហាម។
«បងមិនបានធ្វើអីផង អូនយំខ្លួនឯងសោះ!» ជុងហ្គុក ញ៉ោះថែម ចាប់ទាញថ្ពាល់ប៉ោងៗច្បិចឡើងហើយសើចកក្អឹករឹងពោះ។
«នៅមិនដឹងកំហុសទៀត?» សំឡេងកញ្ចែស្រែកស្រួយស្រែស គេខ្លាចចង់លស់ព្រលឹងស្លាប់ទៅហើយនៅញ៉ោះគេថែមទៀត។
«ចឹងប្រាប់មកថាបងខុសអី?»
«ខ្លួនឯងធ្វើខុសអី នៅមិនដឹងខ្លួនទៀតអ្ហេស?»
«បើអត់ដឹងមែន!»
«ហ៊ឹកៗ!»
«បងសូមទោស ហិហិ.. សូមទោសបណ្តូលចិត្ត!» នាយថាចប់លូកប្រអប់ដៃទៅជូតតំណក់ទឹកភ្នែកថ្លាយ៉ង់ចេញ រួចក្រសោបប្រាណតូចស្តើងមកឱបយ៉ាងណែនលើកដៃអង្អែលសក់ក្បាលទន់ល្មើយសំងំស្តាប់សំឡេងយំរៀបរាប់អណ្តឺតអណ្តក់។
«ហ៊ឹកៗ.. ចុះបើខ្ញុំគាំងបេះដូងស្លាប់? លោកធានាខុសត្រូវមែនទេ? ខ្ញុំខ្លាចងងឹត ខ្លាចខ្មោចចាប់តាំងពីតូចលោកមិនយល់ទេ ខ្ញុំស្មារតីខ្សោយ មិនមែនរឹងមាំដូចជាលោកទេ ខ្ញុំស្អប់លោក ហ៊ឹកៗ!»
«ថ្ងៃក្រោយបងឈប់លលេងបែបនេះទៀតហើយ!»
«ថ្ងៃក្រោយៗៗថ្ងៃក្រោយប៉ុន្មានដងប៉ុន្មានលើកលោកនៅតែចូលចិត្តធ្វើបាបខ្ញុំដដែល!»
«បើមិនមានកំហុសនៅថ្ងៃនេះ ម្តេចអាចកែប្រែកំហុសទៅថ្ងៃក្រោយបានទៅ?» ជុងហ្គុក បង្អូសខ្នងដៃលើថ្ពាល់ស្រឡូនគ្មានស្នាមគ្រើម ទើបឱនទម្លាក់បបូរមាត់ក្រសោបលើបបូរមាត់តូចជំពិតរបៀបលួងលោមដល់បេះដូងដែលញ័រកន្ត្រាក់អម្បាញ់មិញព្រោះតែការខឹងងរង៉ក់ក៏ទន់ជ្រាយល្អូក។
«ចង់ទៅមើលសួនផ្កាវិញ ទីនោះខ្យល់ធ្លាក់ល្អ មិនចូលចិត្តទីនេះទេ ងងឹត!»
«ឈប់ខឹងបងទៅ តស់បងជូនអូនទៅ!»
សួនច្បាល្អដ៏ស្រស់ប៉ប្រិមសម្បូរទៅដោយផ្កាកុលាបពណ៌ស ១ម៉ឺនដើមដែល ជុងហ្គុក បានចំណាយពេលវេលាជាង ៤ ខែក្នុងការដាំដុះវាឱ្យមានធនធានល្អទៅក្នុងដីដែលមានជីវជាតិពេញលេញនិងសម្រស់ដ៏ស្រស់ស្អាតបូករួមទាំងខ្យល់បរិយាកាសធម្មជាតិនាំឱ្យឫកគល់និងសន្សើមរាត្រីផ្តល់សំណើមគ្រប់ដង្ហើមចេញចូលដោយសូរ្យសែងព្រះអាទិត្យនាំឱ្យរុក្ខជាតិមួយប្រភេទនេះរស់នៅបានយូរនិងចាក់ឫសកែវបែកមែកបែកធាងបែកកញ្ចុំដុះដាលស្អេកស្កះលូតលាស់កាន់តែល្អប្រសើរពីមួយថ្ងៃទៅមួយថ្ងៃទៀត។
«អូនពេញចិត្តទេ?» ជុងហ្គុក បន្តដំណើរកៀកកិតក្រោយខ្នងរាងតូចដែលឈរញញិមសម្លឹងមើលផ្កាយូរយ៉ាងណាក៏បិទមាត់មិនជិត។
«ពេញចិត្តខ្លាំងណាស់!» សំឡេងស្រទន់បន្លឺ។
ឃឹក!!
ម្រាមដៃមាំទាំកាច់ទងផ្កាកុលាបដោយការប្រុងប្រយ័ត្ន មុននឹងហុចកុលាបមួយទងនេះប្រគល់ជូនរាងតូច។
«ម្តេចក៏លោកកាច់វា?»
«ហេតុអ្វី?»
«ចឹង ១ ម៉ឺនដើម កាច់១ នៅសល់ ៩៩៩៩ ពាន់ដើមហើយ!»
«ចាំដាំទៀតទៅ.. ស្តាយមែនទេ?»
«មកពីចង់ឱ្យគ្រប់ចំនួន ១ ម៉ឺនដើមហ្នឹងហើយ!»
«គ្រាន់តែកូនវាដុះឡើងញឹក លើសចំនួន ១ ម៉ឺនដើមហ្នឹងទៅទៀត អូនទៅព្រួយចិត្តអី?» ថេយ៉ុង ទទួលយកផ្កាមកកាន់រួចកាច់ទងវារាងខ្លីបន្តិចមកសៀតត្រចៀក។
«សមទេ?»
«គួរឱ្យស្រឡាញ់ទៅវិញទេ!»
«ចាំសៀតវារាល់ថ្ងៃអ៊ីចឹងហិហិ..»
«បងចាំមើលរាល់ថ្ងៃ!» ជុងហ្គុក ងក់ក្បាលរួចដាក់បង្គុយចុះលើបង់ដំណាលនិងរាងតូចដែលផ្តេតក្បាលកើយលើស្មានាយថ្នមៗ។
«ខ្ញុំសួរលោកបន្តិចបានទេ?»
«សួរមក.. រឿងអី?»
«រឿងដែលលោកប៉ាយល់ព្រមលើកខ្ញុំឱ្យលោកហ្នឹង!»
«អូនគិតថាងាយស្រួលឬ? ប៉ារបស់អូនជាមនុស្សប្រកាន់ភ្ជាប់ច្បាប់ក្រិតក្រមសម្បើមខ្លាំងណាស់មិនងាយស្រួលយកចិត្តដល់ម្លឹងទេ!» ប្រយោគសម្តីរបស់ ជុងហ្គុក ធ្វើឱ្យ ថេយ៉ុង កាន់តែខ្វាយខ្វល់ចង់ដឹងយ៉ាងអន្ទៈសារជាខ្លាំង។
«លោកប្រាប់ខ្ញុំផងអ៊ីចឹង!»
«ថ្ងៃនោះ..»

YOU ARE READING
?? ?????????? ????????? Love is satisfying ??
Fanfiction?????????????????????? (1970)