បន្ទាប់ពីដើរចេញពីហាងអាហារនោះមក ម៉ាលីក៏សម្រេចអោយលេខារបស់ខ្លួនត្រឡប់ទៅក្រុមហ៊ុនមុន ឯនាងបែរជាជិះឡានសម្ដៅទៅរកកន្លែងដែលនៅជាយទីក្រុងបន្តិច ព្រោះទីនោះមានទេសភាពស្រស់ស្អាត ស្ងប់ស្ងាត់ ហើយជិះមិនដល់មួយម៉ោងទេក៏ដល់ហើយ។ ព្រោះពេលនេះនាងហាក់ព្យាយាមទប់លំនឹងចិត្តនិងបេះដូងរបស់នាងអោយនឹងនរ កាលបើអម្បិញមិញវារង្គោះរង្គើស្ទើរស្លាប់ទៅហើយ ។ នេះទំនាក់ទំនង និងមិត្តភាពដែលនាងខំសាងរាប់ឆ្នាំ បែរជាបកមកចាក់នាងអោយឈឺចាប់ដល់ថ្នាក់នេះផងឬ? នាងចាប់សង្ស័យតាំងពីពេលមីរ៉េ ផុសរូបប្រអប់ចញ្ចៀនពេជ្រនោះមកម្ល៉េស ព្រោះនាងចាំច្បាស់ណាស់ថានាងបានឃើញប្រអប់នោះនៅជាមួយនឹងប៊ុមស៊ុក ស្របពេលអ្នកដឹកនាំរបស់មីរ៉េខលមកប្រាប់ថាពួកគេទាំងពីរបានឡើងឡានទៅជាមួយគ្នានាងរឹតតែអត់មិនគិតមិនបាន តែការងាររបស់នាងរវល់ពេលនាងមិនបានគិតនឹងជីកឬសជីកគល់ពីរឿងទាំងនេះឡើង តែមើលចុះពេលនេះនរណាដែលកំពុងខូចចិត្ត? នៅសុខៗគ្រប់យ៉ាងលាតត្រដាងដោយខ្លួនឯង។
ក្រោយពីចំណាយពេលអស់40នាទីជាងទីបំផុតនាងក៏មកដល់ទីនេះ ។ អាកាសធាតុចុះខ្យល់ត្រជាក់ធ្វើនាងរងារបន្តិចដែល តែមិនបានយកអាវក្រៅអ្វីមកទេព្រោះលើខ្លួនមានតែខោជើងធំក្រណាត់ខ្មៅ និងអាវបិទឡេវធ្វើការនេះឯង ។
រីងងង រីងងងងង (សម្លេងទូរស័ព្ទរោទិ៍ឡើង)
«......» ម៉ាលីហាក់ចម្លែកចិត្តពេលឃើញលេខទូរស័ព្ទប្លែករបស់នរណាមិនដឹងខលមក ជាធម្មតាគ្មាននរណាស្គាល់ឬទាក់ទងមកលេខនេះក្រៅពីរឿងផ្ទាល់ខ្លួនទេ ឬនរណាមានបញ្ហាអ្វី?
«អាឡូ ខ្ញុំម៉ាលីនិយាយ»
«សួស្ដីអ្នកនាងម៉ាលី »
គ្រាន់តែសម្លេងពីខ្សែរទូរស័ព្ទអ្នកម្ខាងទៀតបន្លឺឡើង ធ្វើអោយអ្នកស្ដាប់រួចហាក់ស្រឺតពោះមួយភឹបដែរ។ នឹកឃើញដល់ផ្កាមួយបាច់កាលពីព្រឹកមិញ ធ្វើអោយនាងកាន់តែឆ្ងល់ថាតើគេមានការអ្វីទើបដល់ថ្នាក់ អាចរកលេខផ្ទាល់ខ្លួនរបស់នាងឃើញ?
«អគ្គនាយកជុនមែនទេ?»ម៉ាលី
«បាទមែនហើយគឺខ្ញុំ ។ សុំទោសណាដែលរំខាន តែគិតថានេះជាម៉ោងអាហារថ្ងៃត្រង់ ខ្ញុំគិតចង់បបួលអ្នកនាងម៉ាលីញ៉ំាអាហារថ្ងៃត្រង់មួយពេលហើយក៏ឆ្លៀតនិយាយរឿងការងារបន្តិចផង ។ »ជុងហ្គុក
«រឿងការងារឬ? ខ្ញុំមិនបានត្រៀមអ្វីទេ ហើយពេលនេះគឺខ្ញុំមិនបាននៅក្នុងក្រុង ។ សុំទោសណា៎តើអគ្គនាយកជុន អាចមានពេលទំនេរនៅម៉ោងក្រោយដែរទេ? ខ្ញុំនឹងជិះត្រឡប់ទៅវិញ» ម៉ាលី
« មិនអីទេខ្ញុំជាអ្នកខលរំខាន បើមិនប្រកាន់ទេផ្ញើរអាស័យដ្ឋានមកអោយខ្ញុំមក ខ្ញុំនឹងជិះទៅរកវិញ ព្រោះខ្ញុំខលទៅលេខាអ្នកនាងដែរតែគេប្រាប់ថាអ្នកនាងម៉ាលីចេញទៅលំហែរកាយទើបខ្ញុំសុំលេខផ្ទាល់ខ្លួនតែម្ដង» ជុងហ្គុករហ័យតបក្នុងន័យជាសុភាពបុរស គេមិចនឹងអាចអោយនាងជិះទៅជិះមកទាន់ហន់ដោយសារតែគេទៅ?
«នេះរឹតតែរំខានហើយ មិនអីទេខ្ញុំអាចជិះត្រឡប់ទៅវិញបានបើវាជារឿងការងារ គឺខ្ញុំគ្រាន់តែជិះមកមានធុរៈមិនបានលំហែរកាយអីទេ» ម៉ាលី
«ផ្ញើរ location មកអោយខ្ញុំមក ចាត់ទុកថាខ្ញុំសុំចូលរួមជាមួយធុរៈអ្នកនាងម៉ាលីចុះ» ជុងហ្គុកនិយាយចប់ភ្លាមក៏រហ័សផ្ដាច់ខ្សែរទូរស័ព្ទភ្លាមរកតែអ្នកម្ខាងទៀតប្រកែកមិនទាន់។ ម៉ាលីក៏ធ្វើអ្វីមិនបានក្រៅផ្ញើរទីតាំងដែលនាងកំពុងនៅទៅអោយគេ ។
ហើយបន្តាប់ពីនោះនាងក៏បន្តរការគិតដ៏ច្របូកច្របល់របស់នាងតែលើកនេះមិនមែនជារឿងស្នេហារបស់នាងទេ គឺរឿងរបស់ជុងហ្គុក ។ នាងអង្គុយគិតយ៉ាងណាក៏គិតមិនចេញថាហេតុអីសុខៗ ជុងហ្គុកស្រាប់តែមកល្អនឹងនាង ក្រែងគ្រប់គ្នានិយាយថា គេជាមនុស្សពិបាកជួបមុខបំផុតមិនថារឿងផ្ទាល់ខ្លួនឬរឿងការងារ ជុងហ្គុកមិនងាយទៅជិតស្និតឬទាក់ទងនរណាឡើយ ដរាបណាម្នាក់នោះពិតជាមានប្រយោជន៍ខ្លាំងនៅក្នុងជំនួញរបស់គេ ។ គេជាមនុស្សដែលមានពេលវេលាតែជាមួយបងប្អូន និងការិយាល័យរបស់គេតែប៉ុណ្ណោះ គ្មាននរណាងាយបានចូលទៅគៀកនឹងគេឡើយ ហើយហេតុអីតាំងពីពេលនាងជួបគេមក គេហាក់ដូចជាខុសស្រឡះពីអ្វីដែលនាងបានឮតរៗគ្នាមក។
[20នាទីក្រោយមក ~~~~ ]
អាកាសធាតុចុះត្រជាក់ខ្លាំងព្រោះទីនេះជាតំបន់ខ្ពស់ មានព្រៃឈើច្រើននិងចុះអ័ព្ទច្រើន ធ្វើអោយរាងស្ដើងកាន់តែរងារ ។ កំពុងអង្គុយឱបដៃរងចាំអ្នកម្ខាងទៀតសុខៗ សម្លេងម៉ាស៊ីនឡានទំនើបឮលាន់រំពងគេឯងក៏បរមកចតនៅក្បែរឡានរបស់នាងដោយមិនបង្អង់យូរ ធ្វើអោយអ្នកខាងក្នុងរហ័សក្រឡេកមើលហើយក៏គ្មាននរណាក្រៅពីកម្លោះសង្ហារ ជុន ជុងហ្គុករបស់យើងនេះឯង ។នេះគេជិះមកតែ20នាទីទេឬ? មិនដឹងប្រើល្បឿនជាមួយឡានដ៏ទំនើបរបស់គេប៉ុន្មានទេទើបមកលឿនដល់ថ្នាក់នេះ។ គេដើរចុះមកជាមួយនិងទឹកមុខមិនរាប់នរណា មើលទៅអង់អាច ក្រអឺតក្រទម នៅក្នុងដៃក៏មានអាវក្រៅហាក់ដឹងថាទីនេះចុះត្រជាក់ ហើយពេលឈានជំហ៊ានមកដល់ខាងក្នុងហាងកាហ្វេភ្លាម កែវភ្នែករបស់គេក៏រំពៃរកមើលដៃគូរណាត់ ទើបម៉ាលីក៏លើកដៃជាសញ្ញា គ្រាន់តែគេឃើញនាងភ្លាមទឹកមុខដែរឥតរាប់ញាតិអម្បិញមិញស្រាប់តែរីកមានស្នាមញញឹមមួយរំពេច ។គេដើរទៅអង្គុយទល់មុខនិងតុរបស់នាងមុននិងទម្លាក់អាចក្រៅរបស់ខ្លួននៅកៅអីម្ខាងទៀត។
«អគ្គនាយកជុនមិនគួរជិះមកដល់ឆ្ងាយយ៉ាងនេះទេ» ម៉ាលីរហ័សបន្លឺបែបក្រែងចិត្ត ព្រោះទោះនាងមិនដឹងថាគេមានការអ្វីចង់និយាយជាមួយនាងតែ ថ្នាក់គេជិះមកតាមនាងឆ្ងាយដល់ថ្នាក់នេះដូចជារំខានពេលវេលាមនុស្សរវល់ដូចជាគេពេកហើយ។
«ខ្ញុំជាអ្នកចង់មក អញ្ចឹងហើយមិនអីទេ ។ តែថាទីនេះត្រជាក់ណាស់ហេតុអីអ្នកនាងម៉ាលីមិនពាក់អាវក្រៅ?» ជុងហ្គុក
«ខ្ញុំចេញមកប្រញ៉ាប់ពេក ទើបមិនបានយកមក។ ណាមួយក៏ភ្លេចទៅថាទីនេះនឹងចុះត្រជាក់ជាងធម្មតា»ម៉ាលី
«ពាក់របស់ខ្ញុំសិនទៅអញ្ចឹង» ជុងហ្គុកក៏ហុចអាវទៅអោយនាងដោយមិនស្ទាក់ស្ទើរ ទើបអោយម៉ាលីរហ័សបដិសេដព្រោះនាងមិចនឹងអាចនៅសុខៗទៅពាក់អាវរបស់គេទៅ?
« ខ្ញុំមិនអីទេ ចុះអគ្គនាយកជុនមិនរងារទេឬ?» ម៉ាលី
«អាវរបស់ខ្ញុំក៏ក្រាសស្រាប់ហើយ តែពេលជិះមកទីនេះឃើញថាចុះអ័ព្ទត្រជាក់ ពេលចុះមកក៏កាន់អាវនេះមកសាគួរក្រែងល៎អ្នកនាងម៉ាលីត្រូវការ។ ជ្រុលជាខ្ញុំយកមកហើយឆាប់ពាក់ទៅ រួចចាំនិយាយរឿងការងាររបស់យើងវិញ» ជុងហ្គុក
ដោយប្រកែកនិងគេមិនបាន ចុងក្រោយនាងត្រូវទទួលអាវគេយកមកពាក់ដដែល។ តែពិតជាកក់ក្ដៅណាស់ នេះមនុស្សកំពុងរងារស្រាប់ផង។
«អរគុណណាស់ » ម៉ាលី
«រឿងការងារដែលថានោះគឺ ខ្ញុំស្គាល់អតិថិជនដែលចង់រកក្រុមហ៊ុនដែលមានលក់ឡាននាំចូល និងមានម៉ូដែលច្រើនសម្រាប់រើសជាច្រើនគ្រឿង ហើយខ្ញុំបានណែនាំ Wang group ទៅអោយគេ។ ប៉ុន្តែពេលនេះមាន ក្រុមហ៊ុនប៉ុន្មានទៀតដែលព្យាយាម offer តម្លៃទាបទៅអោយគេ ប្រសិនបើអ្នកនាងម៉ាលីអាចទាក់ទាញអតិថិជនម្នាក់នោះបាន អាត្រានៃការលក់ប្រចាំឆ្នាំរបស់ក្រុមហ៊ុនវ៉ាងនិងកើនឡើងខ្លាំងមិនធម្មតាទេ។» ជុងហ្គុក
«ពិតមែនឬ? ប៉ុន្តែមិចក៏អគ្គនាយកណែនាំក្រុមហ៊ុនរបស់យើងទៅអោយគេ? នេះជាអតិថិជនធំខ្លាំងណាស់បើស្ដាប់មើលទៅ» ម៉ាលី បន្លឺទាំងរំភើបចិត្ត កាលបើឮគេនិយាយបែបនេះ ។ ព្រោះប្រសិនបើនាងធ្វើអោយក្រុមហ៊ុនកើនអត្រាការលក់ចេញប្រចាំឆ្នាំបានច្រើនពិតមែន វានិងក្លាយជាសមិទ្ធផលដ៏ធំសម្រាប់នាងនិងក្រុមហ៊ុន ។
«ក៏ខ្ញុំឃើញថាអ្នកនាងម៉ាលីគួរតែទទួលបានឱកាសនេះដើម្បីសាកល្បងសមត្ថភាពខ្លួនឯង ។ សាកចេញទៅប្រជែងនឹងក្រុមហ៊ុនធំៗទាំងនោះមើលទៅ ថាមិនត្រូវនៅឆ្នាំក្រោយ Wang groupe ស្រាប់តែឡើងមកដំណែងលេខ 2 នៅក្នុងវិស័យនេះក៏ថាបាន» ជុងហ្គុក
«ពិតជាអរគុណអគ្គនាយកជុនណាស់ ដែលផ្ដល់ឱកាសនេះមកអោយខ្ញុំ ។ ខ្ញុំនឹងព្យាយាមអោយអស់ពីសមត្ថភាព ។ ប៉ុន្តែមិនដឹងថាបានអ្វីមកតបស្នងនឹងឱកាសមួយនេះទៅអគ្គនាយកវិញទេ ថ្ងៃក្រោយទៅប្រសិនបើលោកត្រូវការអ្វីដែលខ្ញុំអាចជួយទៅវិញបាន សូមប្រាប់មក ខ្ញុំនឹងជួយតាមដែលអាចធ្វើទៅបាន» ម៉ាលីសើចស្រស់តបទៅគេវិញ អារម្មណ៍រំភើបក៏ជ្រាបពេញនៅក្នុងខ្លួន ភ្លេចអស់ទុកកង្វល់ផ្សេងៗដែលនាងទើបតែមានមុននេះ ។ ធ្វើអោយកម្លោះជុនក៏សប្បាយទៅតាម កាលបើឃើញនាងមានស្នាមញញឹមនេះសារជាថ្មី ។
«មិនអីទេ ចាត់ទុកថាជំពាក់ខ្ញុំមួយចុះខ្ញុំនឹងទារវិញនៅថ្ងៃក្រោយមិនខាន។ ហើយសង្ឃឹមថាការងារនេះដំណើរការទៅដោយរលូនទៅចុះ» ជុងហ្គុក
បន្ទាប់ពីនិយាយរឿងការងារចប់ ពួកគេទាំងពីរក៏អង្គុយនិយាយគ្នាបន្តរពីនោះពីនោះ ហាក់មើលទៅត្រូវរូវគ្នានិងស្និតស្នាលជាងមុន ។ មិនដឹងថាពីរនាក់នេះជាមនុស្សនិយាយច្រើនតាំងពីពេលណា៎ ទើបបានមកអង្គុយនិយាយគ្នាបានបែបនេះ។ តែក៏អរគុណដល់កម្លោះសង្ហារនេះ ដែលជួយបន្លប់នាងបានមិនអោយខូចចិត្តពេញមួយថ្ងៃ ។ ពេលនេះទើបម៉ាលីដឹងថាតាមពិតទៅ ការងារនិងក្រុមហ៊ុនចាប់ផ្ដើមក្លាយជារឿងសំខាន់បំផុតសម្រាប់នាងទៅហើយ ។
———————————————
ក្រោយពីត្រឡប់មកពីជួបគ្នាវិញអស់មួយកំណាត់ថ្ងៃ ជុងហ្គុកក៏សម្រេចថាទៅលេងក្មួយៗរបស់គេនៅឯផ្ទះធំ ។ ឡានទំនើបពណ៍ខ្មៅរបស់គេ បរលូនចូលទៅចតនៅមុខភូមិគ្រិះដ៏ធំស្កឹមស្កៃដែលមិនប្រែប្រួលទៅណា៎ ។ គិតៗទៅភូមិគ្រិះដែលធ្លាប់តែស្ងាត់ជ្រងំពេលនេះប្រែក្លាយជាអ៊ូរអរ ... បងៗរបស់គេសុទ្ធតែមានគ្រួសារនិងកូនៗគួរអោយស្រឡាញ់ ឯជីមីនក៏កំពុងមានកូនទីពីរទៅហើយ ទីធ្លាដែលធ្លាប់តែមានតែសួននិងដើមឈើពេលនេះលម្អរដោយទោងក្មេងៗគ្រប់ប្រភេទ គ្រាន់តែចុះពីលើឡានភ្លាមសម្លេងក្មេងៗលេងនៅខាងក្នុង បន្លឺចេញមកឮដល់ខាងក្រៅធ្វើអោយគេរហ័សបោះជំហ៊ានចូលទៅកាន់តែឆាប់ ។
«ផ្ទះថ្ងៃនេះអ៊ូអរម្ល៉េះណ៎»
«ពូហ្គុក !! »
ក្មេងៗគ្រាន់តែឃើញគេមកភ្លាមម្នាក់ៗរហ័សរត់ទៅទទួល ព្រោះម្នាក់នេះហើយជាពូសំណព្វរបស់ក្មួយៗ ។ គេមិនតឹងតែងពេក ក៏មិនកាចពេក ណា៎ជុងហ្គុកមិនទាន់មានគ្រួសារផង គេម្នាក់ឯងចូលចិត្តធ្វើខ្លួនសប្បាយៗ ។
«ចេញពីរៀនហើយឬទើបមកជុំគ្នាបែបនេះ?» ជុងហ្គុក
«បាទចេញហើយ»ជីហ៊ុន ( កូនប្រុសរបស់ជីមីន)
«ចុះមាននរណាខូច ធ្វើអោយប៉ាម៉ាក់ឈឺក្បាលដែលទេ?» ជុងហ្គុក
«ចាស៎ អត់មានទេ ។ ពូហ្គុកថ្ងៃនេះមកគេងនៅផ្ទះឬ? »យ៊ុនហ្វ៊ីដា ( កូនរបស់ស៊ូហ្គារ)
«ពូត្រូវត្រឡប់ទៅខនដូរវិញព្រោះស្អែកមានការងារត្រូវធ្វើ តែនឹងនៅទីនេះអោយយូរៗណា៎ ។ »ជុងហ្គុក
«អញ្ចឹងនៅថ្ងៃអាទិត្យពូហ្គុកមកគេងនៅទីនេះមកណា៎ ខ្ញុំចង់លេងបាល់ជាមួយ» ជីហ៊ុន
«អត់ទេមកលេងមនុស្សយន្តជាមួយអូនវិញ» ថេឃ្យូ ( កូនរបស់ថេយ៉ុង)
«កុំដណ្ដើមគ្នាៗ ចាំពូមកគេងនៅទីនេះ ។ »
«យ៉េហហហហ»ក្មេងៗលោតកញ្ច្រោល អរសប្បាយណាស់គ្រាន់តែឮពាក្យយល់ព្រមពីពូសំណព្វចិត្តភ្លាម។
«ចុះប៉ាម៉ាក់ នៅឯណា ហេតុអីមិនឃើញនៅជុំគ្នា?» ជុងហ្គុក
«ម៉ាក់នៅធ្វើម្ហូបជាមួយម៉ាក់អ៊ំ ម៉ាក់មីង ហើយប៉ានៅជុំគ្នានៅបន្ទប់ធ្វើការខាងលើ» ជីហ៊ុនដែលមានអាយុបងគេក៏រហ័សឆ្លើយ ។ ដូចដែលបានដឹងថាកម្លោះនេះសម្ដីដឹងក្ដីដូចមនុស្សចាស់តាំងពីនៅតូច មួយពព្រិចភ្នែកសោះឥឡូវនេះធំអាយុ 6ឆ្នាំជាងទៅហើយ។
«អញ្ចឹងពូទៅរកប៉ាសិនណា៎ »ជុងហ្គុក
«បាទ/ចាស»
————————————-
[បន្ទប់ធ្វើការ]
ការិយាល័យធ្វើការនៅភូមិគ្រិះធំនេះជាការិយាល័យរួម ជាទូទៅពួកគេមកប្រជុំគ្នានៅទីនេះតែពេលមានរឿងសំខាន់ត្រូវដោះស្រាយជុំគ្នាតែប៉ុណ្ណោះ។ តែអ្នកកម្លោះហាក់ឆ្ងល់ថាហេតុអីទើបគ្មាននរណាប្រាប់អ្វីគេសោះក៏សម្រេចចិត្តដកទូរស័ព្ទមកមើលប្រអប់សារ ក្រែងល៎គេប្រាប់តែខ្លួនមិនបានឃើញ ។ ហើយក៏បានដូចចិត្ត នៅក្នុងគ្រុបបងប្អូនរបស់គេជីនបានឆាតមកប្រាប់ថាអោយមកផ្ទះធំតាំងពីម៉ោងប្រាំ នេះគេយឺត40នាទីទៅហើយ។
ក្រាកកកកក~~~
« មកហើយឬ? មិចក៏ឯងចេះតែយឺតរហូតអញ្ចឹង» ណាមជុន រហ័សបោះសម្ដីទៅកាន់អ្នកដែលទើបនិងចូលមកធ្វើជាលបៗ ។ សម្លេងកាចគ្រាន់បើ ស្ដាប់ហើយគួរអោយខ្លាច។
«គឺខ្ញុំរវល់ពេក មិនបានឆែកទូរស័ព្ទទេ។ សំណាងដែលនឹកឃើញចូលមកលេង ទើបតែដឹងអម្បិញមិញនេះឯង» ជុងហ្គុក
«ជំនួយការរបស់ឯងថាឯងមិនធ្វើការគេថ្ងៃនេះ ។ »ជីន
«គឺខ្ញុំមានការនៅខាងក្រៅ» ជុងហ្គុក
«អញ្ចឹងមិនមែនជារឿងការងារទេ។ ជាធម្មតាក្រែងទូរស័ព្ទឯងសំខាន់ណាស់ឬ មិចក៏លើកនេះគេទាក់ទងទៅមិនដឹង?»ជីមីន និងអ្នកផ្សេងហាក់ដេញដោលគេខុសធម្មតា ម្នាក់ៗជម្រិតសួរគេដូចគេជាកូនដែលត្រូវម្ដាយស្ដីអោយទៅហើយ។
«ណាត់ជាមួយមនុស្សសំខាន់ មិនបានលើកទូរស័ព្ទមកដាក់ក្បែរខ្លួនទេ ។ រវល់និយាយពេក» ជុងហ្គុក
«????» បងប្អូនរបស់គេចាប់ងាកមើលមុខគ្នាទៅវិញទៅមកបែប ពិចារណាពាក្យដែលប្អូនប្រុសរបស់ខ្លួនទើបតែនិយាយចេញមកមុននេះ ។ ស្ដាប់ទៅចម្លែកៗ មិនស៊ាំនិងត្រចៀកសោះ ..មនុស្សសំខាន់ស្អី? ជុងហ្គុកនេះហេហ៎? ជាប់និយាយគ្នាដល់ថ្នាក់មិនរវល់និងទូរស័ព្ទរបស់ខ្លួន ?
«ហីយ៉ា កុំឆ្ងល់ច្រើនរឿងរបស់ខ្ញុំ បកមកនិយាយរឿងយើងវិញ។ មកជុំគ្នាបែបនេះដូចមិនមែនជារឿងល្អទេ មានអ្វីកើតឡើងឬ?»ជុងហ្គុក
« គឺរឿងកាលពីនៅក្លឹបរបស់ជីមីន យើងថាអ្នកនៅពីក្រោយរឿងនេះចាប់បង្កររឿងដល់ក្រុមហ៊ុនរបស់យើងហើយ» យ៉ុងហ្គី
«ក្រែងខ្ញុំ hack ទិន្នន័យរកមុខឃើញអោយហើយមែនទេ? » ជុងហ្គុក
«យើងគិតថាមិនមែនមានត្រឹមតែម្នាក់ដែលឯងរកឃើញទេ »ជីមីន
«មានតែអង្គុយចាំមើលវាបញ្ចេញសកម្មភាពបន្តរទៅមើល ។ ហើយស៊ើបតាមគន្លាក់ៗ មិនយូរមិនឆាប់យើងនិងរកឃើញអ្នកនៅពីក្រោយនេះពិតប្រាកដ»ហូស៊ុក
«តែត្រូវប្រយ័ត្នខ្លួន ព្រោះយើងខានមានរឿងនិងនរណាមកយូរហើយ មិនដឹងថាមួយនេះមកពីណា ហើយវាហ៊ានដល់កម្រិតណា៎ទេ។ ការពារប្រសើរជាងព្យាបាល។ ជាពិសេសឯង ជុងហ្គុក ផ្អាកដើរហើរទៅកន្លែងប្លែកៗមួយរយៈសិនទៅ ហើយកុំទៅបង្កររឿងនឹងនរណា» ណាមជុន
«ហ្យុងនិយាយធ្វើដូចជាខ្ញុំជាក្មេងស្ទាវដើរបង្កររឿងអញ្ចឹង» ជុងហ្គុក
«ឯងមិនមែនស្ទាវទេ តែមុខឯងស្ទាវ ។ ឃើញហើយគួរអោយចង់វៃ» ថេយ៉ុង
«ហិសៗ» ជីមីន អត់សើចមិនបានពេលឃើញទឹកមុខហួសចិត្តរបស់អ្នកដែលត្រូវគេបង្អាប់ហើយ ។ វាក៏ពិតមែន មុខរបស់ជុងហ្គុកនេះមិនបាច់ដល់អ្នកក្រៅទេ តែបងៗរបស់គេក៏គ្រឺតចង់វៃគេដែរ នៅពេលខ្លះ។
To be continued ✨🌷