抖阴社区

????????????????????????????

2.2K 88 1
                                    

      នៅខាងក្នុងបន្ទប់ត្រជាក់ល្ហឹម ស្តែងចេញពីទិដ្ឋភាពស្ត្រីចំណាស់ដែលកំពុងអង្គុយលើគ្រែដោយមានអ្នកកំលោះមើលថែអង្គុយបញ្ចុកបាយបញ្ចុកទឹកយ៉ាងខ្ជាប់ខ្ជួន។ អេនឌី មិនដែលត្អូញត្អែរពីការតាមមើលថែលោកយាយរបស់គេនោះទេ ព្រោះគេដឹងថាគាត់មានជំងឺផ្លូវចិត្តរឹតតែធ្ងន់ធ្ងរ គេក៏ថ្លែងការអាណិតអាសូរចំពោះគាត់មិនដែលមានគំនិតចង់គេចវេះមិនព្រមមើលថែគាត់ម្តងណានោះទេ។ ជារៀងរាល់ថ្ងៃបានគេនេះឯងដែលទៅណាមកណាគិតគូរដល់លោកយាយជានិច្ច ពេលខ្លះគាត់ក៏អត់ពីគេមិនបានដូចគ្នា។
      “ធៀណា.. ធៀណាអ្ហា..” ពីរនាក់យាយចៅសំដែងការភ្ញាក់ផ្អើល កាលបើឮសូរសំឡេងស្រែកពីបុរសចំណាស់ វើនន់ រន្ថើនឡើងយ៉ាងខ្ទរខ្ទារពេញផ្ទះ។
      “ធៀណា អូនមើលអ្នកណាគេមកនេះ!” ស្ត្រីចំណាស់ងើបចេញពីការផ្អែកខ្នងនឹងក្បាលគ្រែអង្គុយត្រង់ខ្លួនភ្លឹង បុរសចំណាស់លេចវត្តមានឡើង ហើយចាប់អូសដៃកាយស្រីតូចច្រឡឹងដើរចេញមកដោយទឹកមុខញញិមរីករាយជ្រាលជ្រៅខ្លាំងបំផុត។
      “កូនយើងត្រលប់មកវិញហើយម៉ាក់វា..”
      “ដាលីណា..” លោកស្រី ធៀណា ភ្លាត់មាត់ឧទានស្រែកហៅកូនស្រីព្រមជាមួយតំណក់ទឹកភ្នែកហូរប្រដេញចុះមកយ៉ាងសស្រាក់សស្រាំ។
      “អ្នកមីង!” អេនឌី ឯណោះស្ទុះក្រោកឈរបង្ហាញស្នាមញញិមយ៉ាងសប្បាយចិត្តឥតរកពាក្យពេចន៍អ្វីថ្លាថ្លែងសឹងតែមិនបាន។
      “ម៉ាក់..” ដាលីណា កញ្ជ្រោលចូលទៅចាប់ឱបក្រសោបម្តាយ រីឯអ្នកជាម្តាយក៏អន្ទៈអន្ទែនលើកដៃក្រសោបប្រាណកូនស្រីដោយក្តីនឹករំឭកពេកពន់។
      “ហ៊ឹកៗ.. កូនស្រីម្តាយ.. ម៉ាក់មិននឹកស្មានទេកូន ពិតជាកូនពិតមែនអ្ហេស? គឺកូនមែនទេ ដាលីណា?” ស្ត្រីចំណាស់បោះដៃមកចាប់ក្តោបអង្អែលថ្ពាល់ស្រឡូនរបស់កូនស្រី រួចញញិមញញែមទាំងទឹកភ្នែកហូរស្រោចស្រពថ្ពាល់រហេមរហាម។
      “គឺខ្ញុំពិតមែនណាម៉ាក់ គឺខ្ញុំ!” ដាលីណា ពោលដោយសំឡេងខ្សឹកខ្សួរ រួចចាប់ថើបប្រអប់ដៃម្តាយមួយដង្ហើមដោយក្តីស្រលាញ់និងភាពនឹកនាជាខ្លាំង។ ចំណែកគាត់ស្ទាបអង្អែលដៃជើងកូនស្រីទាំងមិនអស់អាល័យ ហើយបានថែថើបមុខមាត់របស់នាងជាច្រើនដង បញ្ជាក់ពីក្តីស្រលាញ់ក្នុងនាមជាម្តាយម្នាក់ គាត់នឹកនាដល់នាងរៀងរាល់ថ្ងៃ គ្មានថ្ងៃណាដែលគាត់មិនគិតពីនាងនោះទេ សុខៗនាងក៏បង្ហាញខ្លួនឡើងគាត់សប្បាយចិត្តទាល់តែអស់ពីជម្រៅបេះដូង។
      “ម៉ាក់មិននឹកស្មានទេ ដាលីណា..”
      “ម៉ាក់ឈឺទ្រុឌទ្រោមច្រើនណាស់.. ម៉ាក់គិតពីខ្ញុំរហូតតើមែនទេ? ម៉ាក់ឈប់គិតច្រើនទៀតទៅ.. ខ្ញុំវិលត្រលប់មកវិញហើយ ខ្ញុំត្រលប់មកមើលថែទាំប៉ាម៉ាក់វិញហើយ.. ម៉ាក់លែងពិបាកហើយ ខ្ញុំសូមទោសណាម៉ាក់ ខ្ញុំសូមទោសកន្លងមក ខ្ញុំធ្វើជាកូនស្រីម្នាក់មិនបានល្អនិងប៉ាម៉ាក់!”
      “ម៉ាក់មិនខឹង មិនប្រកាន់ទោសនិងកូនទេ ឱ្យតែបានកូនវិលត្រលប់មកវិញម៉ាក់សប្បាយចិត្តខ្លាំងជាងអ្វីៗទាំងអស់ ម៉ាក់មិនដែលបានគិតថាកូនធ្វើខុសនោះទេ ម៉ាក់បង្កើតឯងចេញមក ចិញ្ចឹមឯងដោយផ្ទាល់ដៃ អ្វីដែលម៉ាក់មានគឺសេចក្តីស្រលាញ់និងចិត្តសន្តោសចំពោះកូន អ្នកណាមិនស្រលាញ់កូន អ្នកណាមិនយល់ដល់ចិត្តថ្លើមរបស់កូន ជារឿងរបស់គេ តែម៉ាក់ស្រលាញ់កូន ម៉ាក់ត្រូវការកូនជានិច្ច វិលត្រលប់មករស់នៅជាមួយម៉ាក់វិញណាកូនណា ឈប់ទៅណាចោលម៉ាក់ ឈប់ធ្វើឱ្យម៉ាក់រស់នៅក្នុងភាពឯកោទៀតអី ដាលីណា ម៉ាក់ស្រលាញ់កូនខ្លាំងណាស់!” នាងស្តាប់ឮដឹងគ្រប់យ៉ាង ក្តីស្រលាញ់ដែលស្មោះត្រង់និងបរិសុទ្ធធំធេងខ្លាំងបំផុតចំពោះនាងគឺទទួលបានមកពីឪពុកម្តាយដែលស្រលាញ់នាងពិតប្រាកដ ទោះបីជានាងធ្វើខុស គាត់នៅតែបើកដៃរង់ចាំទទួលយកនាងគ្រប់ស្ថានភាព។ មិនថានាងចាកចេញទៅ ឬមួយវិលត្រលប់មកវិញ គាត់នៅតែបន្តមានស្នាមញញិមរង់ចាំផ្តល់សេចក្តីស្រលាញ់ដល់រូបនាង ឱបក្រសោបនាងដោយគ្មានភាពស្អប់ខ្ពើម មើលថែរក្សានាងប្រៀបដូចជាគ្រាប់ពេជ្រដ៏មានតម្លៃ។ ដ្បិតក្នុងកែវភ្នែកអ្នកដទៃសម្លឹងមើលមកគិតថានាងដូចជាស្រីអបលក្ខណ៍ តែក្នុងក្រសែភ្នែកនិងចិត្តគំនិតរបស់ពួកគាត់នាងគឺមានភាពស្អាតស្អំ ថ្លៃថ្នូរ មានតម្លៃ និងសំខាន់ខ្លាំងបំផុតដែលមិនអាចអាកាត់ចេញបានពីលេខរៀងទីមួយក្នុងបេះដូងពួកគាត់ជារៀងរហូត។
      “ខ្ញុំអរគណប៉ាម៉ាក់ច្រើនខ្លាំងណាស់ ដែលនៅតែនៅរង់ចាំខ្ញុំវិលត្រលប់មកវិញ ខ្ញុំមិនដឹងមានមុខអ្វីមកប្រឈមនិងប៉ាម៉ាក់ទេ ខ្ញុំខ្មាសខ្លួនឯង ខ្មាសប៉ាម៉ាក់ ខ្ញុំជាកូនស្រីថោកទាប អបលក្ខណ៍ម្នាក់..”
      “កុំនិយាយបែបហ្នឹងអីកូន ចង់អ្នកណាគិតអី ថាអីស្រេចតែពួកគេទៅ ម៉ាក់និងប៉ាឯងរស់នៅរង់ចាំឯងរាល់ថ្ងៃ ម៉ាក់ប៉ាមិនជឿថាកូនស្លាប់នោះទេ ផលបុណ្យដែលប៉ាម៉ាក់ខិតខំសាងមកសព្វថ្ងៃ.. ម៉ាក់មិនចង់បានអ្វីទៀតឡើយ ម៉ាក់ចង់ឱ្យឯងរស់នៅមានក្តីសុខ ចួបមនុស្សល្អៗ រស់នៅក្បែរប៉ាម៉ាក់ជារៀងរហូតទៅអស់ពេលពេញមួយជីវិត ម៉ាក់លែងត្រូវការអ្វីទៀតហើយកូន ហ៊ឹកៗ.. ម៉ាក់ខំពរពោះបង្កើតឯងចេញមក បើម៉ាក់មិនស្រលាញ់ឯង ម៉ាក់មិនមែនលះបង់ទាំងសាច់ ទាំងឈាមមករាប់ខែឆ្នាំអ៊ីចឹងនោះទេកូន!” ដាលីណា សម្លឹងកែវភ្នែកម្តាយ បង្កប់អត្ថន័យជ្រាលជ្រៅបរិសុទ្ធចំពោះនាង គ្មានពុត គ្មានភាពខ្មៅងងឹត ចិត្តថ្លើមបេះដូងរបស់គាត់ស្អាតស្អំ ស្មោះត្រង់ចំពោះនាង មិនដូចកែវភ្នែកអ្នកខាងក្រៅដែលសម្លឹងមើលមកនាងទាំងកែវភ្នែកមានភាពឈ្នានីស វាយប្រហារ និងពេបជ្រាយ ពិបាកប៉ាន់ស្មាន។ ទឹកភ្នែករលីងលោងក្នុងភ្នែកក៏ហូរច្រោះដាបចេញមកយ៉ាងសស្រាក់ ពេលវេលាកន្លងហួសទៅប៉ុន្មានឆ្នាំក៏ក្តីស្រលាញ់និងការទន្ទឹងរង់ចាំរបស់ពួកគាត់នៅតែបន្តស្ថិតស្ថេរដដែល។ រង់ចាំផ្តល់ឱកាសឱ្យនាង រង់ចាំនាងទាំងមិនមានភាពអស់សង្ឃឹម ហើយនៅទីបំផុតពួកគាត់ក៏អាចទទួលបានកូនស្រីវិលត្រលប់មកវិញដូចដើមដោយមិនអស់ក្តីសង្ឃឹម។
      “ខ្ញុំសូមទោសម៉ាក់.. ខ្ញុំសូមទោស!” ដាលីណា សូមទោសម្តាយម្តងហើយម្តងទៀត នាងនឹងនៅជាមួយពួកគាត់ ហើយមិនជ្រើសរើសអ្នកខាងក្រៅសំខាន់ជាងអ្នកដែលបានផ្តល់ឱ្យនាងទាំងជីវិតនិងអ្វីៗគ្រប់យ៉ាងសូម្បីតែក្តីស្រលាញ់ព្រមទាំងជីវិតរបស់ពួកគាត់។
      “អ្នកមីងត្រលប់មកវិញហើយខ្ញុំសប្បាយចិត្តណាស់..” អ្នកកំលោះបន្លឺសម្តីនិយាយ ឡូវីស៍ ស្តាប់ឮហើយក៏សប្បាយចិត្ត ដ្បិតអាចមើលឃើញគ្រប់គ្នាចាប់ផ្តើមមានស្នាមញញិមសារជាថ្មីម្តងទៀតឡើងវិញ។
      “ឯងជា?” ដាលីណា ធ្វើមុខឆ្ងល់ព្រោះរាងស្រពេចស្រពិលក្នុងចិត្ត។
      “បាទ.. ខ្ញុំឈ្មោះ អេនឌី ជាកូនប្រុស អេនរី ដែលត្រូវជាបងប្រុសជីដូនមួយរបស់អ្នកមីង!”
      “នេះឯងធំច្រើនណាស់.. ដូចជាប៉ារបស់ឯងបេះបិទ!” ដាលីណា លូកដៃទៅអង្អែលក្បាល អេនឌី គេក៏ញញិមរីកថ្ពាល់គ្រហាញៗដាក់នាងសម្លឹងឃើញគេ នាងនឹកដល់ ថេយ៉ុង មួយរំពេច។
      “កូនរបស់មីងធំប្រហាក់ប្រហែលឯងដែរហើយ!”
      “ថេយ៉ុង មែនទេអ្នកមីង?” អេនឌី និយាយដូច្នោះ ដាលីណា រឹតតែភ្ញាក់ផ្អើលរកថាមិនត្រូវ។
      “ម្តេចក៏ឯងដឹងពីរឿងនេះ?”
      “ខ្ញុំស្គាល់គេចាប់តាំងពីតូច.. ខ្ញុំរៀនសាលាជាមួយគេ ខ្ញុំដឹងរឿងគេច្រើនណាស់ ទោះបីគេមិនចង់និយាយប្រាប់អ្វីដល់ខ្ញុំក៏ដោយ!”
      “ឯងដឹងរឿងអីពីគេខ្លះប្រាប់មីងផងបានទេ? មីងនឹកកូន មីងចង់ចួបកូនខ្លាំងណាស់!” ដាលីណា ទប់សំណើមទឹកភ្នែកមិនជាប់ឮសូរឈ្មោះ ថេយ៉ុង នាងអួលអាក់ក្នុងដើមទ្រូងមិនឈប់មិនឈរ។
      “បាទបាន.. ចាំខ្ញុំប្រាប់រឿងរ៉ាវទាំងអស់ដល់អ្នកមីង..”

? ???????????????????????????? ?Where stories live. Discover now