ប៊ូសាន..
រថយន្តយោធាបានបរមកឈប់នៅជំរុំកងទ័ពពិសេស ដែលមានកងទ័ពកូរ៉េខាងត្បូងនៅយាមកាមជាច្រើនដែលអាចផ្តល់សុវត្ថិភាពឱ្យពួកគេបានទុកចិត្តបានយ៉ាងធូរស្បើយចិត្ត។ មីនជុង ជួយគ្រាហ៍ ថេរីន មកដល់ជំរុំសម្រាកខណៈគ្រូពេទ្យទាហានក៏បានចាប់ផ្តើមព្យាបាលនិងវះយកគ្រាប់កាំភ្លើងចេញឱ្យនាង។
«ថេរីន ទ្រាំបន្តិចទៅកូន!» ថេរីន ដកដង្ហើមវែងៗផ្តេកខ្លួនលើគ្រែទាំងដំណក់ញើសហូរស្រក់តក់ៗជោកថ្ងាស។ គ្រូពេទ្យចាប់ផ្តើមប្រើប្រាស់ឧបករណ៍បរិក្ខារយ៉ាងប្រុងប្រយ័ត្នរួចក៏ចាប់ផ្តើមវះកាត់យកគ្រាប់កាំភ្លើងឱ្យនាងចេញដោយជំនាញដ៏ឥតខ្ចោះរបស់គេ។
«ថេរីន..» លោកស្រី ថេរីណា ឈរមើលមើលសភាពរបស់កូនស្រីច្បងទាំងអារម្មណ៍ច្របូកច្របល់បារម្ភពីនាងក្នុងនាមជាម្តាយម្នាក់ គ្រូពេទ្យវះសាច់នាងស្រស់ៗនៅចំពោះកែវភ្នែករបស់គាត់ទាំងគូហើយស្រាប់តែនាងស្រែកយំយ៉ាងរហាមតាមការឈឺចាប់ពីមុខផ្លែកាំបិតដែលបានផ្តល់ឱ្យយ៉ាងមុតស្រួចចុកចាប់រកទីបំផុត។ នៅពេលគ្រូពេទ្យបានវះចាប់យកគ្រាប់កាំភ្លើងចេញបានសម្រេច លទ្ធផលជោគជ័យភ្លាមឈាមក៏ហូរច្រោះចេញមកស្ទើរតែខ្សោះអស់ពីរាងកាយ ទើបបានជាគ្រូពេទ្យរហ័សបិទមុខរបួសនឹងបានរុំរបួសឱ្យនាងតាមក្រោយ។
ថេរីន បានសម្រាក ខណៈ មីនជុង ក៏បានលើកអាហារខ្លះៗ មកជូនស្ត្រីចំណាស់ព្រមទាំងក្មេងតូចផងដែរ។
«អរគុណច្រើនណាស់ក្មួយប្រុស!»
«មិនអីទេ អ្នកមីងពិសាអាហាររួចឆាប់ចូលសម្រាកចុះ!» មីនជុង ញញិមក្រឡេកបែរទៅសម្លឹងមើលផ្ទៃមុខតូចច្រម៉ក់ៗរបស់ ចេយ៉ុង មុននឹងបន្ទន់ជង្គង់ចុះហើយបានលើកនំប៉័ងនិងទឹកដោះគោស្រស់ដែល ចេយ៉ុង ចង់ញ៉ាំយកមកឱ្យក្មេងច្រម៉ក់។
«នំនិងទឹកដោះគោដែល ចេយ៉ុង បានស្នើសុំពីពូ!»
«អរគុណច្រើនណាស់លោកពូ!» ចេយ៉ុង ញញិមយ៉ាងស្រស់បស់ទទួលយកទឹកដោះគោនឹងនំប៉័ងពីដៃរបស់ មីនជុង មកញ៉ាំយ៉ាងសប្បាយចិត្តគេឃ្លានណាស់ តែគេមិនហ៊ានសុំច្រើនទេ ព្រោះដឹងថាមានបញ្ហាកង្វះចំណីអាហារ ខណៈអ្នកដទៃឯទៀតក៏ត្រូវការចំណីអាហារគ្រប់គ្រាន់សម្រាប់បរិភោគបំពេញតម្រូវការរបស់ក្រពះដែរ។
«ពូកែណាស់ ចេយ៉ុង!» មីនជុង លើកដៃអង្អែលលើក្បាលអាច្រម៉ក់ ចេយ៉ុង ថ្នមៗព្រមទាំងងាកទៅសម្លឹងមើលផ្ទៃមុខលោកស្រី ថេរីណា ដែលពោរពេញទៅដោយដំណក់សំណើមទឹកភ្នែកសថ្លាព្រមទាំងនៅកៀកក្បែរមើលថែទាំ ថេរីន ជាប់លាប់មិនចាកចេញទៅណាគាត់ញញិមយ៉ាងស្រាលមកកាន់ មីនជុង ដែលតែងតែជួយមើលថែក្រុមគ្រួសារគាត់រហូតមក ខណៈអ្នកកំលោះយើងក៏ផ្តល់ស្នាមញញិមមួយដ៏កក់ក្តៅទៅកាន់គាត់ម្តងវិញបន្ទាប់មកក៏ចាកចេញទៅមើលការខុសត្រូវនៅឯខាងក្រៅជុំរំបន្ថែម។
ចេយ៉ុង ញ៉ាំនំប៉័ងនឹងទឹកដោះគោបានពីរបីម៉ាត់រួចក៏ទុកចំណែកខ្លះសម្រាប់ញ៉ាំនៅពេលក្រោយ។ គេដើរសន្សឹមៗចូលទៅឈរសម្លឹងមើល ថេរីន ដែលគេងលុងលក់រម្ងាប់ការឈឺចាប់មុនពេលចាប់ទាញភួយដែលគ្របលើខ្លួនប្រាណនាងទាញមកខាងលើបន្តិចទើបសម្លឹងមើលទៅកាន់ទឹកមុខលោកស្រី ថេរីណា។
«លោកយាយឆាប់សម្រាន្តទៅ ចៅនៅក្បែរៗនេះទេណាលោកយាយ! លោកយាយសម្រាកយកកម្លាំងចុះណាឆាប់មានកម្លាំង!» ទឹកភ្នែកដូនចាស់រមៀលស្រក់ហូរច្រោកៗគាត់លូកដៃទៅចាប់ទាញ ចេយ៉ុង មកក្បែរមុនពេលឱនថើបថ្ងាសអាល្អិតតូចមួយដង្ហើមយ៉ាងវែង។
«យាយស្រលាញ់ ចេយ៉ុង ខ្លាំងណាស់!»
«ចេយ៉ុង ក៏ស្រលាញ់លោកយាយដូចគ្នាដែរ!» ចេយ៉ុង លើកដៃអង្អែលលើខ្នងគាត់ថ្នមៗ ប្រាប់ឱ្យគាត់សម្រាកហើយគេក៏គេងនៅក្បែរនេះជិតៗនឹងគាត់ដែរ។
យប់ដដែល..
ម៉ោង ៧:៣២ នាទី
ប្រជាពលរដ្ឋជាច្រើននាក់នាំគ្នាតម្រង់ជួររង់ចាំយោធាចែកអាហារដល់ពួកគេ ក្នុងមួយនាក់អាចទទួលបានត្រឹមតែបាយមួយកញ្ចប់នឹងអាហារតិចតួច រួមជាមួយទឹកសម្រាប់ផឹកមួយដបតែប៉ុណ្ណោះ។
«អរគុណ!»
«បាទ!» មីនជុង ងក់ក្បាលបន្ទាប់ពីចែកអាហារឱ្យមនុស្សពេញវ័យរួច ទើបឈានដល់ពេលដែលត្រូវចែកអាហារដល់កូនក្មេងតូចៗ។
ចេយ៉ុង ក៏បានមកតម្រង់ជួររង់ចាំទទួលយកអាហារនឹងគេដែរក្មេងៗទាំងអស់ខ្លះទៀតក៏ចាប់ផ្តើមមានសុខភាពឈឺថ្កាត់ទន់ខ្សោយរាងកាយពិបាកទៅៗ នឹងមានអាការៈក្អកក្អួតចង្អោរដោយសារតែពួកគេមិនបានគេងគ្រប់គ្រាន់មិនបានញ៉ាំឆ្អែតថែមទាំងត្រូវជម្លៀសចេញទៅពីមួយកន្លែងទៅមួយកន្លែងទៀតជានិច្ច។
«អាហាររបស់ក្មួយ!»
«អរគុណលោកពូ!» ចេយ៉ុង ទទួលបានអាហាររួចក៏ប្រញាប់រត់ចាកចេញទៅខាងក្រៅ។
នៅពេលដែលគេបានដើរឆ្លងកាត់កន្លែងសម្រាករបស់ប្រជាជននីមួយៗទើបគេអាចប្រទះភ្នែកសម្លឹងឃើញថាមានសមាជិកគ្រួសារខ្លះក៏ពិបាកខ្លាំងមិនចាញ់ពួកគេដែរ។ មានស្ត្រីចាស់ជរានិងលោកតាចំណាស់ មានមនុស្សវ័យកណ្តាលដែលកំពុងតែមានសុខភាពយ៉ាប់យឺន ព្រមទាំងរង់របួសត្រូវការការពិនិត្យមើលថែទាំព្យាបាលសុខភាព។ មានស្ត្រីមានផ្ទៃពោះ ព្រមទាំងកូនទារកតូចៗដែលត្រូវការទឹកដោះរបស់ម្តាយ។ គេឈរសម្លឹងមើលទិដ្ឋភាពមនុស្សទាំងអស់នោះតាមដោយអារម្មណ៍ដិតដាមនិងមានការឈឺចាប់រកថាមិនត្រូវ។ ពីព្រោះពួកគេម្នាក់ៗវេទនាខ្លាំងណាស់ អ្នកខ្លះក៏ត្រូវបែកបាក់ បាត់បង់សមាជិកគ្រួសារ ឯខ្លះទៀតក៏ត្រូវបានកងទ័ពយោធាជប៉ុន បង្កស្នាមរបួសលើខ្លួនប្រាណស្ទើរតែបាត់បង់ជីវិតផងទៀត។
«ឃ្លានណាស់!» ដូនចាស់ជរាម្នាក់ឧទានឡើងដោយសំឡេងបន្លឺខ្សាវៗទាំងជើងរបស់គាត់ផ្នែកខាងឆ្វេងកំពុងរង់របួសធ្ងន់ណាស់ មើលទៅគាត់ដើរមិនបានទើបមិនអាចទៅទទួលយកអាហារដែលយោធាបានផ្តល់ឱ្យដូចអ្នកផ្សេង។
«លោកយាយ!!» ដូចចាស់ងើបផ្ទៃមុខឡើងសម្លឹងមើលផ្ទៃមុខដ៏តូចច្រម៉ក់ដែលឧទានដង្ហោយហៅគាត់បន្តិចមុននេះព្រមទាំងបានហុចអាហារមកឱ្យគាត់ថែមទៀតផង។
«លោកយាយឆាប់ពិសាអាហារទាំងនេះទៅ!» គាត់សម្លឹងមើលទឹកមុខគេទាំងអារម្មណ៍ល្វីងជូរចត់ មនុស្សទាំងអស់សុទ្ធសឹងតែឱបក្រសោបអាហារដើម្បីក្រពះរៀងៗខ្លួន ចំណែកគេសុខចិត្តផ្តល់អាហារដែលខ្លួនមានទៅឱ្យគាត់ទាំងគ្មានការសោកស្តាយនិងមិនគិតច្រើននោះទេ។
«អរគុណច្រើនណាស់ចៅប្រុសតូច!» គាត់យំយែកសសឹកសស្រាក់លើកប្រអប់ដៃទាំងញញីញញ័រអង្អែលសក់ក្បាលក្មេងតូចថ្នមៗ។
«បាទ!» ចេយ៉ុង ងក់ក្បាលប្រគល់អាហារឱ្យគាត់រួចក៏ឆាប់ដើរចេញទៅរកជុំរំសម្រាករបស់ខ្លួនវិញតែក៏ប្រទះឃើញថា មីនជុង កំពុងឈរយាមកាមនៅម្តុំនេះដែរ។
«ចេយ៉ុង!» អ្នកកំលោះជ្រួញចិញ្ចើមខ្វង់ងឿងឆ្ងល់ នៅពេលដែលមិនឃើញមានអាហារដែលនាយបានចែកទៅឱ្យក្មេងតូចសម្រាប់ញ៉ាំនោះទេ។
«លោកពូ!» អាល្អិតស្រាប់តែឈរទ្រឹង។
«អាហារដែលពូឱ្យទៅណាអស់ហើយ?» មីនជុង ដើរចូលមកចាប់ក្រសោបស្មាតូចរបស់អាល្អិតតូចយ៉ាងណែន។
«ខ្ញុំឱ្យទៅលោកយាយ លោកយាយនៅខាងណោះអត់មានអីពិសាទេ លោកយាយឈឺ លោកយាយមានបញ្ហាជើងដើរមិនរួច ចេយ៉ុង អាណិតលោកយាយ!»
«ប៉ុន្តែអាហារទាំងនោះគឺមានចំនួនកំណត់! បើ ចេយ៉ុង ចែករំលែកទៅឱ្យគាត់អស់ ចេយ៉ុង បានអ្វីញ៉ាំ? ចេយ៉ុង អាចនឹងឈឺណា?»
«ចេយ៉ុង នៅសល់នំប៉័ងពីព្រឹកដែរ ចេយ៉ុង ញ៉ាំវាតិចៗ ព្រោះដឹងថាឥឡូវនេះគ្មានអាហារគ្រប់គ្រាន់ទេ!»
«ចេយ៉ុង!!!»
«ប៉ាខ្ញុំធ្លាប់បង្រៀនឱ្យធ្វើរឿងល្អៗចំពោះមនុស្សជុំវិញខ្លួន ដល់ពេលនោះអំពើល្អនឹងតាមមកថែរក្សាពួកយើង ទោះបីជាស្លាប់ទៅក៏មានកិត្តិយស!» មីនជុង ញញិមដាក់ដៃអង្អែលលើសក់ក្បាល ចេយ៉ុង ក្មេងអីចេះយ៉ាងនេះស្គាល់ពីសុខទុក្ខរបស់មនុស្សចាស់គ្រប់យ៉ាង គួរឱ្យស្រឡាញ់ ទាំងឆ្លាត ទាំងពូកែ មានទាំងម្តាយឪពុកដែលតែងតែផ្តល់ដំបូន្មានឱ្យគេល្អៗមករហូត ទើបគេយល់ដឹងជ្រៅជ្រះនឹងមានគំនិតចេះគិតគូររាក់ជ្រៅវែងឆ្ងាយ។ កើតមកក្នុងគ្រួសារដែលមានធនធានមនុស្សល្អៗ ជីវិតរបស់គេមិនមែនមានត្រឹមតែភោគទ្រព្យសម្បិត្តប្រាក់កាសតែប៉ុណ្ណោះទេ ពួកគេមានទាំងចំណេះដឹង ឥរិយាបទដ៏ល្អ សន្តានចិត្តល្អ ទើបឪពុកម្តាយរបស់គេតែងតែប្រាប់កូនថាការធ្វើអំពើល្អនាំមកនូវភាពរុងរឿង រស់នៅមានជីវិតសមប្រកបសម្បូរតែអ្នកអាណិតស្រលាញ់ចូលចិត្តច្រើន មិនរស់នៅបៀតបៀនធ្វើបាបនរណាគឺជាដ៏ល្អសមគួរត្រឹមត្រូវខ្លាំងបំផុត។
«ឆ្លាតណាស់ ចេយ៉ុង!»
«អរគុណលោកពូច្រើនណាស់ដែលបានជួយគ្រួសារខ្ញុំ!» ចេយ៉ុង ថាចប់ក៏ឱនគោរពចំពោះ មីនជុង ហើយចាកចេញពីទីនេះដើម្បីទៅរកកន្លែងសម្រាកជាមួយលោកយាយរបស់ខ្លួន។
ច្រកព្រំដែនសមុទ្រខាងកើត
រន្ទឺសំឡេងគ្រាប់កាំភ្លើងចាប់ផ្តើមបង្កឡើងសារជាថ្មីដោយគ្មានវេលាស្រាក់ស្រាន្តនឹងការបាញ់ប្រហារដែលពុំទាន់ឈានដល់ទីបញ្ចប់នៅឡើយ។
«ថេយ៍!» ជុងហ្គុក បាញ់ការពារ ថេយ៉ុង ជានិច្ច មិនថាស្ថានភាពនៅពេលនេះកំពុងតែហុចផលអាក្រក់យ៉ាងណាទេ ក៏គេនៅតែព្យាយាមប្រើជំនាញរបស់ខ្លួនដើម្បីផ្តោតលើការរក្សាសុវត្ថិភាពជីវិតដល់ ថេយ៉ុង យ៉ាងមោះមុតដដែល។
ផាំងៗៗ!!!
គ្រាប់កាំភ្លើងខ្ជាយចេញកាណុងតម្រង់បាញ់ខ្មាន់សត្រូវគ្មានធម្មមេត្តា ប៉័ងដួលខ្ជោក! ប៉័ងដួលខ្ជោក មួយគ្រាប់ៗត្រូវស៊ុបនឹងខ្លួនប្រាណយោធាជប៉ុនមិនឱ្យបញ្ឆិតម្តងណាទេ។
ជេហ៊ុន ពួនក្រោយជញ្ជាំងឥដ្ឋស៊កបញ្ចូលគ្រាប់បន្ថែម មុននឹងលយខ្លួនចេញបាញ់ផូងៗផ្តាច់ជីវិតកងទ័ពជប៉ុនក្នុងឈុតឯកសណ្ឋានពណ៌ខ្លាញ់ក្តាមម្តងមួយនាក់ៗដើម្បីកម្តៅសាច់ដុំដៃ ខណៈ ជុងហ្គុក ក៏តម្រង់កាណុងកាំភ្លើងជាអាវុធសង្គ្រាមដ៏ពិសេសរបស់ខ្លួនទៅកាន់មេបញ្ជាការរបស់ជប៉ុនម្នាក់ដែលមានឈ្មោះថា ហារ៉ូគី ដែលឈ្មោះរបស់គេមានន័យមកពី “ការរក្សាជីវិតឱ្យបានស្ថិតស្ថេរ” ហើយក៏ជាមេបញ្ជាការដឹកនាំទ័ពដ៏ឃោឃៅម្នាក់ដែលបានសម្លាប់យោធានិងប្រជាជនស្លូតត្រង់របស់កូរ៉េខាងត្បូងមិនតិចនាក់ដែរ ដែលធ្វើឱ្យនាយបុរសសង្ហាយើងហាក់ចាប់មានចិត្តឈឺពើតផ្សារចិត្ត នៅពេលដែលបានចួបមុខវត្តមានមនុស្សគួរឱ្យស្អប់បានបង្ហាញខ្លួនគ្មានភាពកោតក្រែង។ នាយដកដង្ហើមធំៗ រួចថយជំហ៊ានជើងយកអេឡង់បន្តិច មុនពេលប្រើកែវភ្នែកខាងស្តាំដែលមុតស្រួចដូចជាមុខចុងកាំបិតសម្លឹងមើលរួចក៏កេះកៃកាំភ្លើងតាមរបៀបក្បួនជំនាញមានស្រាប់ បន្ទាប់មកក៏..ផាំងៗៗ..
«អ៊ឹក!»
«ត្រង់ល្អណាស់!» ឥតសរសើរមិនបានទើប ជីមីន ភ្លាត់មាត់និយាយសរសើរ ជុងហ្គុក។ បែរមក ថេយ៉ុង ឯណេះវិញ គេកាន់កាំភ្លើងញ័រដៃទទ្រើក នៅឈរពីក្រោយខ្នង ជុងហ្គុក មិនចេញទៅណាមួយជំហ៊ានសោះ។ នៅពីមុខមានស្វាមីជាអ្នកចាំបាញ់ការពារ ចំណែកឯខាងក្រោយមាន ជេហ៊ុន ជាអ្នកស្រែកបញ្ជាកងទ័ពក្នុងពេលប្រយុទ្ធដើម្បីបន្លាស់ទីសម្រាប់ផ្លាស់ប្តូរកងកម្លាំងបន្ថែម។
ផាំង!!!
«អាក់!!»
«អ៊ិនសុង!» ស៊ុកជីន ស្រែកក្រឡេកទៅចាប់គ្រាហ៍រាងកាយ អ៊ិនស៊ុង ដែលត្រូវបានយោធាជប៉ុនបាញ់មួយគ្រាប់ចំភ្លៅខាងឆ្វេង។
«ប្តូរកម្លាំង!» ស៊ុកជីន ក្រឡេកមកលាក់បាំងខ្លួនក្រោយជញ្ជាំងរហ័សរហួននិយាយតាមរយៈឧបករណ៍វិទ្យុទាក់ទង មុនពេលចាប់គ្រាហ៍ អ៊ិនសុង ទៅលាក់ខ្លួននៅកន្លែងដែលមានរបាំងការពារគ្រាប់ដែលមានសុវត្ថិភាពបំផុត។
(សារពិវិទ្យុទាក់ទង! អាកាសធាតុនៅតំបន់សមុទ្រខាងកើត អាចកើតមានរលកយក្សបក់បោកនឹងខ្យល់ព្យុះដ៏កាចសាហាវសូមយោធាទាំងអស់ជ្រាបជាដំណឹង ! ចូរប្រុងប្រយ័ត្នមើលថែរក្សាសុវត្ថិភាពព្រមទាំងសុខភាពជាចម្បង)
«រលកយក្ស?» ស្ថានភាពកាន់តែពិបាកចាប់ផ្តើមកើតឡើងឥតឈប់ឈរ ជុងហ្គុក បារម្ភចំពោះសុវត្ថិភាពរបស់ ថេយ៉ុង ណាស់ ទើបគេព្យាយាមប្រមូលកម្លាំងក្នុងខ្លួនទាំងអម្បាល់ម៉ានបាញ់តបតជាមួយទាហានជប៉ុន ធ្វើឱ្យសំឡេងអាវុធសង្គ្រាមបំផ្ទុះឡើងយ៉ាងខ្ទរខ្ទារឥតដាច់ចង្វាក់ ទឹកមុខរបស់គេមើលទៅមានសម្ពាធណាស់ ព្រោះតែការបារម្ភខ្លាំងពេក ដល់ពេលឃើញនាយដូចជាតានតឹងកាន់តែយ៉ាប់ ថេយ៉ុង ក៏ចាប់ផ្តើមគិតថាខ្លួនឯងដល់ពេលឈប់ធ្វើជាបន្ទុកដល់ស្វាមីទៀតហើយ ព្រោះពេលនេះគឺជាកាតព្វកិច្ចនិងតួនាទីក្នុងនាមជាអ្នកបម្រើប្រទេសជាតិមួយរូបដែរ។
ថេយ៉ុង ងើបឈរឡើងតាំងស្មារតីគ្មានភាពភ័យខ្លាចញញើតញញើម ការប្រឈមមុខដោះស្រាយជាមួយបញ្ហាគឺជាចាំបាច់បំផុតដែលគេត្រូវតែតាំងចិត្តកែខៃជួសជុលប៉ះប៉ូវវាដោយខ្លួនឯង។ កំលោះតូចផ្តោតខ្សែភ្នែកដ៏មុតមាំសម្លឹងមើលទៅចំគោលដៅ។ បើទោះបីជាពេលនេះគេសម្លាប់មនុស្សវាមិនមែនជាទោសកំហុសរបស់គេនោះទេព្រោះគេបាញ់សម្លាប់សត្រូវមិនមែនជនស្លូតត្រង់ដែលមិនដឹងអីឡើយ។
ផាំងៗៗ..
ជុងហ្គុក ចាប់ផ្តើមភ្ញាក់ក្រឡេកទៅសម្លឹងមើល ថេយ៉ុង ដែលកាន់រេកាណុងកាំភ្លើងបាញ់ទៅលើទាហានជប៉ុនម្តងមួយគ្រាប់ៗប៉័ងត្រូវៗគ្មានខុសបាញ់ហើយ បាញ់ទៀតបាញ់ដោយកំហឹងនិងស្មារតីដ៏រឹងមាំមិនរាថយ។
ផាំង!!!
ថេយ៉ុង បាញ់រហូតដល់អស់គ្រាប់ ទើបប្រញាប់រុញបញ្ចូលគ្រាប់បន្ថែម គេដើរចេញពីការឈរពួនក្រោយខ្នង ជុងហ្គុក មកជាឈរទន្ទឹមរាងកាយស្វាមីគ្មានភាពខ្លាចរអារ។ ដៃឱបកាំភ្លើង ភ្នែកសម្លឹង ខួរក្បាលរហ័សគិតឆ្លាតវាងវៃ ស្របពេលដែលកំពុងប្រយុទ្ធសម្តីដ៏មានឥទ្ធិពលរបស់ ជុងហ្គុក ក៏បានផុសឡើងក្នុងខួរក្បាលគេភ្លាមៗ៖
(មិនថាមានរឿងអ្វីកើតឡើងទេ អូនត្រូវតែរឹងមាំជានិច្ច បងពិតជាចង់ឃើញថាប្រពន្ធរបស់បងពូកែណាស់!)
ផាំង!!!
គ្រាប់សំណទម្លុះធ្លាយថ្ងាសទាហានម្នាក់បានស្លាប់ចុងក្រោយគេ រួចក៏ដួលផ្ងាក្រោយតូង ថេយ៉ុង ទម្លាក់កាំភ្លើងចុះដំណាលនឹងទាហានដទៃទៀត។
«ឈ្នះហើយ..!» ណាមជុន ព្រលែងដង្ហើមធំៗបន្ធូរចេញក្រៅ មុនពេលបែរខ្លួនដើរចេញទៅជួយគ្រាហ៍ទាហានមួយចំនួនខ្លះដែលបានរង់របួសនឹងបានជួយប្រមែប្រមូលសាកសពទាហានកូរ៉េខាងត្បូងដែលត្រូវបានបាញ់ស្លាប់ ដោយមិនភ្លេចបញ្ចេញអារម្មណ៍សោកស្តាយព្រមទាំងកាន់ទុក្ខដល់អ្នកដែលបានពលីជីវិតក្នុងវិបត្តិសង្គ្រាមដ៏ក្តៅគគុក។ ទាហានដែលនៅរស់សេសសល់ត្រូវមានតួនាទីបញ្ចូនសាកសពទាំងអស់ទៅកាន់ទីទួលបញ្ចុះសព។ បើទោះជាពេលនេះមេឃកំពុងតែងងឹតខ្លាំងហើយដំណក់ភ្លៀងធ្លាក់ក៏ចាប់ផ្តើមបង្អុរចុះមក ខណៈសំឡេងខ្យល់បោកបក់ក៏កន្ត្រាក់ទឹករលកយក្សធំៗវាយបក់បោកបុកផ្ទប់នឹងច្រាំងខ្លាំងៗយ៉ាងណាក៏ដោយក៏ពួកគេនៅបន្តធ្វើការតាមតួនាទីគ្មានពេលសម្រាកដែរ។
«អរគុណគ្រប់យ៉ាង អរគុណចំពោះការលះបង់ និងស្មារតីទទួលខុសត្រូវដើម្បីជាតិ។ អរគុណសម្រាប់ពេលវេលាកន្លងមក» ជុងហ្គុក ឱនឈ្ងោកមុខចុះ ទោះបីនាយមិនមែនជាគ្រួសារសាច់ញាតិនៃសព ប៉ុន្តែពួកគេប្រៀបដូចជាគ្រួសារតែមួយដែលបានលះបង់ទាំងកាយទាំងចិត្តដើម្បីពុះពារហែលឆ្លងកាត់ឧបសគ្គជូរចត់គ្រប់យ៉ាងជាមួយគ្នានៅពេលនេះយ៉ាងអ៊ីចឹង។ ពិធីបញ្ចុះសព គ្មានគ្រូ គ្រូអាចារ្យ គ្មានការរៀបចំត្រឹមត្រូវ ទៅតាមទំនៀមទម្លាប់នៃច្បាប់ក្បួនខ្នាតប្រពៃណីរបស់ពួកគេឡើយ គឺមានតែការកប់សាកសពទាហានទាំងអស់នោះតែប៉ុណ្ណោះ។ ព្រោះវេលានេះជាពេលវេលាស្ថិតក្នុងស្ថានភាពដ៏ពិបាកអាចនឹងមានគ្រោះថ្នាក់ដែលមិនអាចនឹកស្មានដល់គ្រប់ពេល។ នៅមានការទទួលរង់នូវវិបត្តិសេដ្ឋកិច្ចធ្លាក់ចុះដុនដាបគ្មានធនធាន គ្មានទីជម្រក គ្មានសូម្បីតែអាហារបរិភោគ ដូច្នេះពួកគេមានតែធ្វើទៅតាមលទ្ធភាពដែលអាចធ្វើទៅបាន។
«យោធារបស់ពួកយើងទទួលមរណៈភាពសរុបជាង ៣៥ នាក់ បើគិតពីការស្លាប់របស់យោធា ជប៉ុន គឺច្រើនជាងយើង ស្មើនឹងចំនួន ៩៩.៩៩% នៃការស្លាប់ក្នុងព្រឹត្តិការណ៍ប្រយុទ្ធគិតត្រឹមថ្ងៃនេះ! ហើយអ្វីដែលសំខាន់នោះ..»
ហូស៊ុក ក្រឡេកទៅសម្លឹងមើលទឹកមុខ ជុងហ្គុក និង ជេហ៊ុន បន្តិចរួចក៏បន្ទរសម្តីបន្ថែម៖
«មេបញ្ជាការដ៏ពូកែរបស់ជប៉ុនពីររូបត្រូវបានបាញ់សម្លាប់ដោយស្នាដៃរបស់ ជុងហ្គុក និង ជេហ៊ុន ! យើងនៅមានការប្រយុទ្ធនៅថ្ងៃស្អែកម្តងទៀត បើតាមការផ្តល់ដំណឹងអាចជាសង្គ្រាមធំជាងថ្ងៃនេះទ្វេដង!» គ្រប់គ្នាស្តាប់ចប់ គ្មានសិទ្ធប្រកែកតវ៉ាចំពោះបញ្ហាដែលអាចកើតឡើងនៅថ្ងៃស្អែកទេ។ ពួកគេអាចមានតែការត្រៀមចិត្តត្រៀមកាយសម្រាប់ការប្រយុទ្ធខិតខំប្រឹងប្រែងឱ្យអស់ពីលទ្ធភាពបន្ថែមតែម្យ៉ាងគត់។
«ព្យាយាមស្តាប់ការប្រកាសអាសន្នបើមានបញ្ហាខិតចូលមកត្រូវតែត្រៀមខ្លួនឱ្យបានល្អ នាំគ្នាទៅសម្រាកចុះ!» ជុងហ្គុក បញ្ជារួចក្រឡេកទៅសម្លឹងមើលមុខ ថេយ៉ុង ដោយខ្សែភ្នែកស្រទន់ មុនពេលលូកដៃចូលទៅចាប់អង្អែលលើថ្ពាល់ ថេយ៉ុង ដោយនិយាយថា៖
«អូនពូកែណាស់!» ថេយ៉ុង ឈរស្ងៀម ខណៈ ជុងហ្គុក ក៏ក្តោបមុខរបស់គេឡើង ហើយឱនថើបបបូរមាត់រាងតូចមួយដង្ហើម ស្រាប់តែទាហានដទៃទៀតនាំគ្នាងាកមុខចេញព្រមទាំង ជេហ៊ុន ដែលឈរសំដែងទឹកមុខហួសចិត្តពុំស្ទើរ។