ព្រឹត្តិការណ៍គ្រប់យ៉ាងបានកើតឡើងប្រៀបដូចជាផែនការណ៍ដែលបានគ្រោងទុកយ៉ាងពិតប្រាកដមែន។ ឈាងចូលដល់ពេលវេលាទាបភ្លឺគ្រាន់តែបានស្តាប់ឮសូរសំឡេងមាន់រងាវភ្លាមកងទ័ពទាហានជើងគោកទាំងអស់ម្នីម្នាភ្ញាក់ដឹងខ្លួនឡើងត្រៀមសម្ភារៈនឹងឧបករណ៍ប្រើប្រាស់ផ្សេងៗទុកដាក់យ៉ាងមានរបៀបតាមលំដាប់លំដោយរៀបរយ មិនដឹងថាថ្ងៃនេះមាននរណាម្នាក់ត្រូវរស់ឬមួយក៏ត្រូវស្លាប់នោះទេដឹងត្រឹមថាការការពារទឹកដីគឺជារឿងចាំបាច់បំផុតដែលពួកគេបានប្តេជ្ញាចិត្តត្រូវតែធ្វើលះបង់កម្លាំងកាយចិត្តឱ្យដល់ទីបញ្ចប់។ សន្ធឹកសូរសំឡេងប្រអប់ជើងរបស់យោធាប្រុងប្រៀបពង្រាយកងកម្លាំងបានបន្លឺឡើងចាប់តាំងពីវត្តមានព្រះអាទិត្យមិនទាន់រះបំភ្លឺផ្ទៃទ្វីបដល់ចុងកំពូលនៅឡើយ។ កែវភ្នែកដ៏មោះមុត សូរសម្រែកដាច់អហង្ការ តែបង្កប់ទៅដោយអត្ថន័យជ្រាលជ្រៅនឹងមានស្មារតីរឹងប៉ឹងយ៉ាងខ្លាំងបំផុតនោះកាន់តែលាន់ខ្ទរខ្ទាររណ្តំពេញខួរក្បាលអ្នករង់ចាំស្តាប់។
«ពួកគេបែងចែកការវាយប្រហារមកកាន់ពួកយើងមានបួនចំណុច!»
_ចំណុចទី១.វាយប្រហារនៅឯមជ្ឈមណ្ឌលហ្វឹកហ្វឺន
_ចំណុចទី២.វាយប្រហារកម្ទេចសាលាក្រុងប៊ូសាន
_ចំណុចទី៣.វាយប្រហារមកលើយោធានិងសម្លាប់ប្រជាជន
_ចំណុចទី៤.វាយប្រហាររាជរដ្ឋាភិបាលក្នុងតំបន់ពិសេស
«មជ្ឈមណ្ឌលហ្វឹកហ្វឺនមានច្រកតែមួយគត់ប៉ុណ្ណោះដែលពួកគេអាចទម្លុះចូលបានគឺច្រកចូលធំតែមួយគត់ មជ្ឈមណ្ឌលហ្វឹកហ្វឺនមានជញ្ជាំងការពារខ្ពស់ណាស់ដូច្នេះពួកគេមិនអាចរត់គេចពីការប្រមាញ់របស់សត្វខ្លាបាននោះទេ នៅពេលដែលការលបវាយឆ្មក់ត្រូវបានសម្រុកចូល កងកម្លាំងមួយចំនួនត្រូវតែទៅទីនោះលាក់ខ្លួនស្ថិតនៅតំបន់សម្ងាត់ រួចស្រែកធ្វើជាសំឡេងកំពុងតែផ្តោតលើការហ្វឹកហ្វឺន ដើម្បីពង្វក់នឹងបង្វែរដានស្មារតីរបស់ពួកគេឱ្យផ្អើលតាមការបញ្ឆោតមួយនោះ នៅពេលដែលការសម្រុកចូលត្រូវបានប្រព្រឹត្តឡើង ពួកយើងត្រូវស្រោចឈាមជ្រូកនឹងបោះសាច់ចូលទៅក្នុងតំបន់ហ្វឹកហ្វឺន ហើយបិទច្រកទ្វារធំឱ្យជិតរួចបង្ហុយអ័ព្ទផ្សែងដើម្បីធ្វើឱ្យពួកវាមិនអាចមើលអ្វីឃើញ ដល់ពេលនោះខ្លាច្បាស់ជាធំក្លិនឆ្អាបឈាមហើយនឹងសាច់ស្រស់ វាច្បាស់ជាចេញមកវាយប្រហារមនុស្សជាក់ជាមិនខាន!»
«ទីតាំងសាលាក្រុងមានច្រកចូល ៤ ខាងមុខ ២ ខាងក្រោយ ២ ហើយទីនោះត្រូវបានយោធាបង្កប់គ្រាប់បែកយ៉ាងហ្មត់ចត់ ខណៈប្រជាជននៅទីនោះត្រូវបានជម្លៀសចេញរួចរាល់ជាស្រេចបាច់អស់។ សាលាក្រុងអាចជាផលប្រយោជន៍ដ៏ធំដែលពួកគេចង់វាយកម្ទេច ពីព្រោះបន្ទាប់ពីបានវាយប្រហារដណ្តើមយកខេត្តប៊ូសានបានពួកគេនឹងផ្លាស់ប្តូរការរៀបចំច្បាប់ថ្មីទាំងអស់!»
«ការវាយប្រហារមកលើយោធានិងសម្លាប់ប្រជាជន ពួកគេនឹងចែកកងកម្លាំងជាច្រើននាក់បន្ថែម ដើម្បីមកសម្លាប់ពួកយើងដូច្នេះផែនការរបស់ពួកយើងច្បាស់ជាដំណើរការទៅតាមការគ្រោងទុកគ្រប់យ៉ាង!»
«ការវាយប្រហាររដ្ឋាភិបាលសំដៅលើមន្ត្រីរាជការទាំងមូលនឹងលោកនាយករដ្ឋមន្ត្រី ដើម្បីគំរាមសម្លាប់និងបង្ក្រាបយោធាទាំងអស់ ព្រមទាំងបង្ខិតបង្ខំឱ្យលោកនាយករដ្ឋមន្ត្រីយល់ព្រមចុះសន្ធិសញ្ញាប្រគល់ខេត្តនេះមកឱ្យពួកគេកាន់កាប់ វាជាមធ្យោបាយផ្លូវកាត់ដែលអាចដណ្តើមយកជ័យជម្នះបានលឿនបំផុតដូច្នេះវត្តមានលោកនាយករដ្ឋមន្ត្រីនឹងត្រូវបានបញ្ចូនមកកាន់តំបន់ពិសេសនេះ ពួកយើងត្រូវតែមើលថែការពារគាត់ឱ្យបានល្អបន្ថែមកងកម្លាំងយាមកាមយ៉ាងតឹងរ៉ឹងបំផុតតាមដែលអាចធ្វើទៅបាន!» ជុងហ្គុក បានបញ្ចប់សម្តី យោធាទាំងអស់ម្នីម្នាចែកកម្លាំងពង្រាយទៅតាមមូលដ្ឋានទ័ពនីមួយៗដែលបានគ្រោងទុករួចជាស្រេច។ ខណៈ ស៊ុកជីន និង ណាមជុន យ៉ុនហ្គី ត្រូវប្រញាប់ប្រញាល់ចាកចេញទៅយាមកាមនៅឯតំបន់សាលាក្រុង។ ហូស៊ុក និង ជីមីន កាន់កាប់តំបន់ការពារយោធាដទៃនិងប្រជាជន។ អិនស៊ុង និង មីនជុង ជាអ្នកគ្រប់គ្រងស្ថានការណ៍វឹកវរនៅឯច្រកមជ្ឈមណ្ឌលហ្វឹកហ្វឺន។ ចំណែកឯ ជុងហ្គុក ត្រូវមើលការខុសត្រូវទាំងមូលធានាលើសុវត្ថិភាពអាយុជីវិតរបស់លោកនាយករដ្ឋមន្ត្រីព្រមទាំងរាជរដ្ឋាភិបាលផ្សេងៗទៀត។ ឧទ្ធម្ភាគចក្ររបស់កងទ័ពជើងអាកាសហោះហើរបណ្តែតខ្លួនឡើងយ៉ាងខ្ពស់ត្រដែតលើផ្ទៃអាកាសដែលញ៉ាំងឱ្យសភាពការណ៍កាន់តែទទួលបានការយកចិត្តទុកដាក់ខ្លាំងបន្ថែម។
«ត្រៀម!ត្រៀម..បំបែកជួរ!» ជុងហ្គុក លើកដៃផ្តល់សញ្ញារួចស្រែកបញ្ជាយ៉ាងខ្លាំង ទាហានទាំងអស់នាំគ្នាប្រដាប់ទៅដោយអាវុធប្រញាប់ប្រញាល់បំបែកជួរគ្នាចាកចេញទៅដោយខានមិនបាន។ យន្តហោះចម្បាំងដឹកនាំដោយកងទ័ពជើងអាកាសហោះហើរឡើងខ្វាត់ខ្វែងខណៈកងទ័ពជើងគោកក៏ស្វះស្វែងបររថយន្តជាច្រើនគ្រឿងទៅតាមគោលកំណត់នីមួយៗផងដែរ។
«សូមគោរពលោកនាយករដ្ឋមន្ត្រី!» ជុងហ្គុក សំដែងការគោរពប្រញាប់ឱនគំនាបយ៉ាងគួរសមទៅកាន់លោកនាយករដ្ឋមន្ត្រី អាន ស៊ុងហ្កាន នឹងបានប្រមូលកងទ័ពដើម្បីការពារគាត់ឆ្ពោះទៅកាន់របាំងការពារផ្លូវក្រោមដីដែលមានបន្ទប់សម្ងាត់សម្រាប់រក្សាសុវតិ្ថភាពរបស់គាត់បានយ៉ាងល្អឥតខ្ចោះ។ ដើមឡើយគេអាចនឹងមិននឹកគិតស្មានដល់អំពីចំណុចសំខាន់ៗដែលយោធាជប៉ុនបានរៀបចំគ្រោងផែនការណ៍ទុករបៀបណាខ្លះនោះទេ ពីព្រោះក្រៅពីទឹកដីប៊ូសានដែលពួកគេត្រូវការលេបត្របាក់វាយកម្ទេចដណ្តើមយកឱ្យឈ្នះតែម្យ៉ាងគត់នោះគឺការកាប់សម្លាប់យោធាកូរ៉េខាងត្បូងឱ្យចាញ់ក្រោមស្នាដៃខ្លួន។ ប៉ុន្តែនៅពីក្រោយគំនិតដ៏ស្រពិចស្រពិលវែងឆ្ងាយទាំងអស់នេះ នៅមានរឿងមួយដែលនាយត្រូវតែគិតឱ្យដល់យ៉ាងស៊ីជម្រៅនោះគឺការទម្លាក់ចុងទឹកប៊ិកដ៏សំខាន់ដែលស្ថិតក្នុងដៃលោកនាយករដ្ឋមន្ត្រីតែម្យ៉ាងគត់។ កាលបើឆ្លងកាត់តាមរយៈខ្សែរាជវង្សប្រហែលជាអាចផ្តល់ពេលវេលាយ៉ាងយូរកាលណាបើសិនជាច្បាប់នយោបាយដឹកនាំប្រទេសទាំងមូលត្រូវបានប្រជាជនទាំងអស់បោះឆ្នោតផ្តល់នូវអភ័យឯកសិទ្ធទៅឱ្យលោកនារដ្ឋមន្រ្តីទីប្រឹក្សាស្តេចជាអ្នកសម្រេចញ្ញតិគ្រប់យ៉ាងនៅក្នុងប្រទេសជាតិ។ មុនពេលប្រគល់លិខិតផ្តោតលើការចុះសន្ធិសញ្ញាថ្វាយជូនស្តេចជាអ្នកសម្រេចព្រះហឫទ័យផ្តល់បញ្ញតិអនុញ្ញាតតាមជាក្រោយ។ ដូច្នេះហើយចំពោះរឿងដែលពួកគេចង្អុលបញ្ហាចំៗយ៉ាងមុតស្រួចនោះគឺការគំរាមកំហែងលោកនាយករដ្ឋមន្ត្រីដើម្បីបញ្ជាឱ្យគាត់ធ្វើតាមសេចក្តីស្រេកឃ្លានរបស់ពួកគេនឹងបញ្ចុះបញ្ចូលស្តេចឱ្យយល់ព្រមចុះសន្ធិសញ្ញាផ្តល់សិទ្ធសេរីភាពកាន់កាប់ទឹកដីនេះទៅឱ្យរាជរដ្ឋាភិបាលរបស់ជប៉ុន។ ព្រោះមានតែលោក អាន ស៊ុងហ្កាន ម្នាក់តែប៉ុណ្ណោះដែលជាអ្នកសម្រេចចិត្តលើគោលការណ៍ទាំងអស់នេះទាំងស្រុងបាន។
មជ្ឈមណ្ឌលហ្វឹកហ្វឺនប៊ូសាន..
ការរុករានទន្ទ្រានពិតជាមានចលនាយ៉ាងសកម្មពិតមែន។ សំឡេងស្រែកបន្លឺជាសូរសម្រែកហ្វឹកហ្វឺនរបស់កងទ័ពត្រូវបានលាន់កងរំពងឡើងយ៉ាងគគ្រឹងគ្រេងពីយោធាកូរ៉េខាងត្បូងជិត ២០០០ នាក់កាន់តែរន្ទឺលាន់ខ្ទរខ្ទារខ្លាំងឡើងៗមិនដាច់សូរ នាំឱ្យយោធាជប៉ុនបានស្តាប់ឮនិងចាត់ទុកជាគោលដៅដែលពួកគេត្រូវលបលួចសម្រុកចូលវាយកម្ទេចឱ្យសាបសូន្យក្នុងតំបន់មួយនេះ។ ច្រកទ្វារធំដែលមានច្រកតែមួយគត់ត្រូវបានរបើកឡើងតាមដោយការកន្ត្រាក់ចាប់ទាញឱ្យរបើកពីយោធាជប៉ុនមានចំនួនកងទ័ពជិត ១៥០០ នាក់ដែលហាក់បីដូចជាបានមកតាមការកំណត់ទុកយ៉ាងអ៊ីចឹង។
«សម្រុកចូល!» យោធាជប៉ុនឧទានព្យាយាមរក្សាការសម្ងាត់ ព្រោះពួកគេប្រើក្បួនលួចវាយឆ្មក់នឹងបានរត់សម្រុកចូលទៅទាំងអស់គ្នា។ ខណៈសំឡេងកាំភ្លើងក៏បាញ់រះបន្លឺឡើង ស្របពេលគ្រាប់កាំភ្លើងក៏បានបាញ់សាចទៅកាន់ក្រុមយោធាកូរ៉េជាច្រើននាក់ធ្លាយខ្ជាយត្របាញ់ឈាមស្រស់ៗបណ្តាលឱ្យដំណក់ក្រហមហូរច្រាលដាបដាលចេញមកខ្ជោកៗ។ រត់សំដៅចូលទៅកាន់តែជ្រៅនឹងធ្វើការវាយប្រហាររឹតតែខ្លាំងយោធាកូរ៉េខាងត្បូងដែលពួកគេបានបាញ់សម្លាប់ទាំងនោះ ហាក់បីមិនដូចជាអ្វីដែលពួកគេបានសម្លឹងមើលឃើញផ្ទាល់នឹងភ្នែកស្ទើរតែមិនជឿជាក់ទាល់តែសោះ។
«បិទទ្វារ!» អ៊ិនសុង និង មីនជុង ចាប់ផ្តើមស្រែកទាហានដែលឈររង់ចាំ នៅឯទីតាំងខាងក្រៅមជ្ឈមណ្ឌលហ្វឹកហ្វឺនឯណេះត្រសងត្រសៅរត់មកចាប់ច្រកទ្វារធំដើម្បីទាញបិទ។
ផាំង!!! ផាំង!!! ផាំង!!
មីនជុង បាញ់រះតតាំងសម្លាប់យោធាជប៉ុនដែលក្រឡេកបង្វែរមកសម្លឹងមើលឃើញប្រតិកម្មរបស់ពួកគេ រួចក៏បានបាញ់សម្លាប់ពួកអស់នោះទាល់តែរង្គាលហើយនៅទីបំផុតច្រកទ្វារធំក៏ត្រូវបានបិទយ៉ាងជិតស្លុប។ សាកសពយោធាកូរ៉េខាងត្បូងដែលក្រុមយោធាជប៉ុនបានបាញ់សម្លាប់នោះសុទ្ធសឹងតែជាទីងមោងបន្លំខ្លួន ឈាមដែលច្រាលហូរជ្រាបចេញគឺជាឈាមសត្វជ្រូកដែលពួកគេបានច្រកស្បោងយកទៅលាក់ទុកបង្កប់ក្នុងទីងមោង។ សាច់ជ្រូកជាច្រើនបំណែកដែលត្រូវបានគេកាប់ពន្លះទាំងដុំៗក៏ត្រូវបានពួកគេបោះចូលទៅក្នុងមជ្ឈមណ្ឌលហ្វឹកហ្វឺន ក្លិនឆ្អាបនៃឈាមសាយភាយសំណល់រហូតដល់ច្រមុះខ្លា គន្លឹះទ្រុងរថយន្តដឹកសត្វត្រូវបានបញ្ជាបើកដោយស្វ័យប្រវត្តិ។
«ផ្សែងស្អី..ខិខិ!» ផ្សែងសស្គុសហ៊ុយទ្រលោមពេញមជ្ឈមណ្ឌលហ្វឹកហ្វឺននាំឱ្យយោធាជប៉ុនមើលអ្វីស្ទើរតែមិនឃើញ។ សន្ធឹកជើងរត់បំបោលនៃកម្លាំងជើងដែលពួកគេមិនអាចនឹកស្មានដល់ក៏កាន់តែឮខ្លាំងទៅៗនឹងបំបោលរត់ចូលមកកាន់តែកៀកជិតហើយនាខណៈនោះ..
«អ្ហា..សត្វខ្លា!!!» ពួកគេស្រែកឆោឡោឥតបានការ ខណៈក្រញាំជើងខ្លានឹងកម្លាំងរបស់វាប្រៀបដូចជាឥទ្ធិពលនៃខ្យល់ដែលត្របាញ់លឿនស្ទើរតែរកគូប្រដូចគ្មាននោះហក់ឡើងកន្ទ្រប់ខាំគ្រញីសាច់ស៊ីយោធាជប៉ុន ហែកសាច់ដាច់ដៃដាច់ជើង បន្សល់ត្រឹមតែកាកសំណល់គ្រោងឆ្អឹងបើទោះបីជាពួកគេមានអាវុធតែក៏មិនអាចយកឈ្នះភាពលឿនរហ័សដែលសត្វខ្លាកំណាចទាំងអស់នោះមានពីធម្មជាតិដែរ។
«ល្អណាស់!»
ផាច់!!!!
អ៊ិនសុង និង មីនជុង ទះដៃគ្នាកាលបើសម្រេចបានគោលដៅទីមួយរួចរាល់មកហើយ ពួកគេក៏ប្រញាប់ប្រញាល់ចាក់សោរច្រកទ្វារធំយ៉ាងណែនជាប់ចៀសវាងធ្វើឱ្យមានការធ្វេសប្រហែសថ្លោះធ្លោយសត្វខ្លាកាចសាហាវទាំងអស់នោះអាចហែកច្រកទ្វាររត់ចេញបានមុនពេលដោតកូនទង់ជាតិដែលមានរាងបួនជ្រុងពុះបញ្ឈិតពណ៌បៃតងនិងពណ៌ស្វាយមានរាងត្រីកោណកែងម្នាក់ម្ខាងមួយផ្នែកនៅទីនោះដែលតំណាងឱ្យការបង្ក្រាបដណ្តើមយកជ័យជម្នះឈ្នះបានក្នុងភូមិភាគ.១។ រថយន្តរបស់យោធាបានបំបោលខ្លួនចាកចេញទៅជាមួយទាហានជាង២០០០នាក់ជាច្រើនគ្រឿងដើម្បីផ្លាស់ទីតាំងទៅកាន់សាលាក្រុងបន្ត ប៉ុន្តែឧបសគ្គនៅតាមផ្លូវធ្វើឱ្យពួកគេត្រូវការពង្រឹងស្មារតីតតាំងចំពោះសត្រូវបន្ថែមនឹងបានបាញ់សម្លាប់គ្នាទៅវិញទៅមកជាមួយនឹងយោធាជប៉ុនដែលកាន់តែសម្រុកចូលមកវាយប្រហារឥតឈប់ឈរកាន់តែច្រើនឡើងៗ។
ផាំង!!
គ្រាប់បែកផ្ទុះខ្ជាយលាន់ឮសន្ធឹកសំឡេងឡើងផូងផាំង អ៊ិនសុង ចាប់ដកគ្រាប់បែកដៃចាប់ដក់ឆ្នុករួចគប់ចោលសំដៅទៅកាន់យោធាជប៉ុនឱ្យផ្ទុះឡើងស្លាប់គ្នីគ្នាជាបន្តបន្ទាប់ ភ្លើងសង្គ្រាមកាន់តែឆេះឆួលឡើងក្រោមផែនការអាជ្ញាសឹករបស់ ជុងហ្គុក នៅតែមានឥទ្ធិពលគ្របដណ្តប់យ៉ាងខ្លាំងក្លាដដែល។ សមរភូមិនៅតាមតំបន់ផ្សេងៗកើតឡើងមិនចេះចប់ដូចជាដំណក់គ្រាប់ភ្លៀងធ្លាក់ប្រដេញផ្សើមខ្លួនពួកគេយ៉ាងអ៊ីចឹង។ តាមផ្លូវឆ្ពោះទៅកាន់សាលាក្រុងសម្បូរទៅដោយយោធាជប៉ុនច្រើនណាស់ហើយសំឡេងបាញ់ប្រហារគ្នាកាន់បន្លឺឡើងមិនចេះចប់មិនចេះហើយដដែល។ គ្រានោះយន្តហោះចម្បាំងមួយគ្រឿងបាននាំខ្លួនចូលមក គ្រាប់បំផ្លោងដ៏ធំមួយត្រូវបានទម្លាយចេញពីមេបញ្ជាការកូរ៉េខាងត្បូងបាញ់ផូងកម្ទេចរថយន្តយោធាជាច្រើនគ្រឿងរបស់ជប៉ុនទាល់តែខ្ទេចម៉ដ្ឋគ្មានសេសសល់។
សាលាក្រុងប៊ូសាន
នៅទីបំផុត អ៊ិនសុងនិង មីនជុង ក៏បានធ្វើដំណើរមកដល់សាលាក្រុងពិតមែនហើយខណៈនោះពួកគេក៏ស្ថិតនៅទីតាំងរៀងឆ្ងាយគួរសម ស្របនឹងពេលសំឡេងវាយប្រហារពីយោធាជប៉ុនបានសម្រុកចូលទៅទីនោះមួយចំណែកកម្លាំងធំរបស់ពួកគេប៉ុន្តែសំណាងអាចនឹងគ្មានទៅមុខរហូតបន្តឡើយ។
«បាញ់ឱ្យចំគ្រាប់បែកធំ..កុំចូលទៅកៀកជិតខ្លាំងពេក!» យ៉ុនហ្គី ផ្តល់សញ្ញាឱ្យតៃកុងបញ្ជាឧទ្ធម្ភាគចក្រឯណោះរួចត្រៀមកាំភ្លើងភ្ជង់ទៅកាន់គ្រាប់បែកដែលពួកគេបានដៅគោលដៅលាក់បង្កប់ទុកយ៉ាងច្បាស់លាស់ មុននឹងលើកអាវុធសង្គ្រាមឡើងហើយភ្ជង់បញ្ជាគ្រាប់កាំភ្លើងបសញ់ទម្លាយគ្រាប់បែក។
ផូង!!! ផាំង!!!
គ្រាប់បែកផ្ទុះញាប់រដឹកបន្តកន្ទុយគ្នាជាច្រើនគ្រាប់មនុស្សស្លាប់រង្គាលប្រៀបដូចជាហ្វូងសត្វស្រមោច នាំឱ្យអគារបាក់បែកនៃសាលាក្រុងធ្លាក់សំណល់ចុះមកសង្កត់សង្កិនលើយោធាជប៉ុនស្លាប់គជើងគ្នាផែនការទីពីរបានសម្រេចហើយពួកគេក៏បានដោតទង់ជាតិពណ៌ស្វាយនិងពណ៌បៃតងនៅទីនោះផងដែរ។
ហ្វូស!!!
«ងាយណាស់!» ស៊ុកជីន ស្រាប់តែឧទានរួចញញិមចុងមាត់។
«ទីនេះប្រៀបដូចជាផ្ទះរបស់ពួកយើង! ពួកគេម្តេចនឹងអាចដឹងបានថាការទុកដាក់របស់របរសម្ងាត់ក្នុងផ្ទះរបស់យើងមានអី្វខ្លះនោះ?» ណាមជុន ញោចស្នាមញញិម ខណៈ យ៉ុនហ្គី ឯណេះក៏លើកកាណុងកាំភ្លើងក្តៅគគុកមកផ្លុំនឹងមាត់តិចៗ។
«ទើបតែច្នៃរួចកម្លាំងខ្លាំងណាស់កូនពុក!» អ្នកកំលោះទាំងបីសម្លឹងមុខគ្នារួចសើចរហ៊ឹះឧទ្ធម្ភាគចក្រក៏បានហោះហើរចាកចេញទៅ សេសសល់នៅផ្នែកខាងក្រោមបន្តិចបន្តួចទុកឱ្យ អ៊ិនសុង និង មីនជុង ជាអ្នកចាត់ការសម្អាត។
«ងាប់ឱ្យអស់ទៅ!!»
ផាំង!! ផាំង!!
យោធាជប៉ុនដែលនៅរស់រានមានជីវិតនៅសល់ត្រឹមមួយចំណែកនៃភូមិភាគ.២ ពេលនេះត្រូវបានយោធាកូរ៉េខាងត្បូងបាញ់សម្លាប់គ្មានសល់ម្នាក់ណាឡើយ។ កងកម្លាំងយោធាកូរ៉េខាងត្បូងក៏បន្ថែមសមាជិកយាមកាមនៅតំបន់ដែលត្រូវបង្ក្រាបបានបន្ថែម ដូច្នេះហើយពួកគេតែងតែផ្លាស់ប្តូរទីតាំងពីមួយកន្លែងទៅមួយកន្លែងដើម្បីថែរក្សាការពារទឹកដីដែលពួកគេរស់នៅបន្តដោយមិនបន្ធូរដៃឱ្យនរណាម្នាក់ចូលមករុករានទន្ទ្រានទៀតឡើយ។
តំបន់រក្សាសុវត្ថិភាពរាជរដ្ឋាភិបាល យោធានិងប្រជាជន..
តំបន់រក្សាសុវត្ថិភាពរាជរដ្ឋាភិបាលសំដៅទៅលើការប្រមូលផ្តុំរបស់មន្ត្រីរាជការអ្នកមុខអ្នកការមកពីគ្រប់ជាន់ថ្នាក់ទាំងអស់ដែលត្រូវមើលថែនឹងបំពេញទំនួលខុសត្រូវទៅលើអាយុជីវិតរបស់ពួកគេដោយមានកងកម្លាំងកងទ័ពយោធារង់ចាំការពាររួមទាំងកងកម្លាំងប៉ូលិសបន្ថែមផងដែរ។ ប្រជាជនសំដៅលើប្រជាពលរដ្ឋដែលនៅសេសសល់មិនទាន់បានជម្លៀសខ្លួនចាកចេញទៅតំបន់ផ្សេងៗអស់នៅឡើយហើយនៅក្នុងចំណោមពួកគេសុទ្ធសឹងតែសម្បូរទៅដោយធនធានមនុស្សពូកែៗជាច្រើននាក់ដូចជាគ្រូបង្រៀន គ្រូពេទ្យ សាស្រ្តាចារ្យពូកែៗ អ្នកសិល្បៈ ចាងហ្វាងកាសែត ស្ថាបនិកមកគ្រប់វិស័យក្នុងប្រទេស ស្ថាបត្យករល្បីល្បាញ នៅមានធនធានជាច្រើននាក់ច្រើនយ៉ាងទៀតណាស់ដែលប្រទេសជាតិកំពុងតែត្រូវការពួកគេក្នុងការជួយស្រោចស្រង់វិបត្តិបញ្ហាគ្រប់យ៉ាងនៅពេលនេះ។
«កូនប្រពន្ធរបស់ខ្ញុំ..នៅឯណាទៅ?» ការធ្វើដំណើររត់គេចខ្លួនពីការតាមចាប់របស់យោធាជប៉ុនរបស់លោក ដេស៊ុក គ្រាន់តែមកដល់ទឹកដីប៊ូសានភ្លាម គាត់ក៏ត្រូវបានគេបញ្ចូនមកកាន់តំបន់រក្សាសុវត្ថិភាពពិសេសនេះភ្លាមៗ។
«លោកពូ!» ជីមីន សំដៅទៅរកលោក ដេស៊ុក ដោយស្គាល់ថាគាត់ជាឪពុករបស់ ថេយ៉ុង ដែរ។
«ជីមីន..ពេលនេះ ថេរីណា និង ថេយ៉ុង ពួកគេនៅឯណាទៅ?» អ្នកកំលោះបានត្រឹមតែឱនឈ្ងោកមុខចុះរួចលូកដៃចូលទៅចាប់ក្រសោបប្រអប់ដៃគាត់នឹងទះលើខ្នងដៃបុរសចំណាស់មានសភាពជ្រីវជ្រួញនោះថ្នមៗ។
«ពួកគេមានសុវត្ថិភាពទេ សូមលោកពូកុំបារម្ភអី!» គ្រាន់តែបានស្តាប់ឮប៉ុណ្ណេះគាត់បានធូរស្បើយចិត្តមួយកម្រិត។
«លោកពូឆាប់ឡើងទីនេះអាចនឹងគ្មានសុវត្ថិភាពទៀតទេ..ប្រញាប់រកកន្លែងលាក់ខ្លួនជាបន្ទាន់ព្រោះបន្តិចទៀតយោធាជប៉ុនច្បាស់ជាធ្វើការវាយប្រហារខ្នាតធំមកកាន់ពួកយើងជាក់ជាមិនខាន!» ជីមីន ថាចប់ប្រញាប់ប្រញាល់នាំខ្លួនគាត់ចាកចេញទៅ នៅរំពេចនោះស្រាប់តែមានគ្រាប់ផ្លោងធំមួយបានធ្លាក់ចុះមក។
ផាំង!!!
អ្ហា!!!!!
មនុស្សម្នានាំគ្នាស្រែករត់ជាន់ជើងគ្នាពេញទាំងហ្នឹង។ ជីមីន និង ហូស៊ុក ស្រែកលាន់សំឡេងកងរំពងបញ្ជាឱ្យកងទ័ពជើងគោកទាំងអស់ប្រញាប់ប្រញាល់នាំអ្នកដទៃទៀតរត់រកកន្លែងសំខាន់ត្រូវលាក់ខ្លួនចំណែកឯគេត្រូវបាញ់តតាំងទប់ទល់ជាមួយយោធាជប៉ុន។
ម៉ឺងៗៗៗៗ!!!
គ្រាប់ដណ្តឹងទាំងបួនទិសលាន់ឮសូរប្រកាសពីអាសន្នចូលមកដល់ ជុងហ្គុក ដឹងខ្លួនភ្លាមបញ្ជាឱ្យកងទ័ពដទៃបើកច្រកសម្ងាត់ នៅពេលដែលមានមនុស្សជាច្រើនរត់ចូលមកពីតំបន់រក្សាសុវត្ថិភាពពីភូមិភាគ.៣ ចូលដល់ភូមិភាគ.៤ ភ្លាម យោធាទាំងអស់ម្នីម្នាដុតបំពក់ផ្សែងសក្បុសបង្ហុយហោះហើរឡើងទ្រលោម ខណៈប្រជាជននិងរាជរដ្ឋាភិបាលជាច្រើនត្រូវបានគេនាំចូលមកដល់ផ្លូវក្រោមដីភ្លាមនឹងបានបិទច្រកជិតឈឹង។ ផ្សែងក៏បានរលត់ទៅវិញនៅសល់តែវត្តមានមេបញ្ជាការព្រមទាំងពលបាតដទៃ ដែលនៅឈរជើងការពារបាញ់តតាំងពីមិនដាក់ដៃចុះដដែល។
«កុំទាន់អាលរង់ចាំពួកវារត់ចូលមកដល់ភូមិសាស្ត្រពួកយើងបន្តិចសិន» ជុងហ្គុក រាដៃបញ្ឈប់ចលនាការបម្រុងបាញ់ពីកងទ័ព នៅពេលដែលយោធាជប៉ុនស្ទុះស្ទារចូលមកកាន់តែច្រើនឡើងគ្រាប់បែកដែលពួកគេបានដាក់នៅក្នុងវត្ថុផ្សេងៗដល់ពេលវេលាបង្ហាញខ្លួនហើយ..
«បាញ់!» សម្រែកពីលោកមេបញ្ជាការបន្លឺឡើងចប់ គ្រាប់កាំភ្លើងទម្លាយធ្លាយចេញពីកាណុងកាំភ្លើងប្រៀបដូចជាគ្រាប់ស្រូវក៏ត្រូវបាននាំខ្លួនទៅទម្លុះគ្រាប់បែកផ្ទុះលាន់ខ្ជរខ្ជាយបណ្តាលឱ្យអ្នកស្ថិតនៅផ្លូវក្រោមដីនាំគ្នាភ្ញាក់កន្ត្រាក់ដៃជើងលុតជង្គង់ចុះភិតភ័យបែកញើសជោកថ្ងាសជ្រាំពពិច។
រូងភ្នំ Gwangmyeong
«អ្ហឹក..ឈឺពោះណាស់..អ្ហឹកៗ..ឈឺណាស់..» ថេយ៉ុង ចាប់ផ្តើមយំបន្លឺសូរសំឡេងលាន់ខ្សាវៗដាស់ញាណក្មេងតូចដែលគេងជិតក្បែរខ្លួនឮសូរសំឡេងយំយែកភ្លាមក៏ម្នីម្នាក្រោកឡើងខិតចូលទៅដាក់ដៃប៉ះលើថ្ពាល់រលោងស្រិលរបស់ ថេយ៉ុង។
«ប៉ាតូចកើតអី?»
«ប៉ាឈឺពោះណាស់..ហ៊ឹកៗ..ឈឺណាស់កូន!»
«ប៉ាតូចឈឺពោះសម្រាលមែនទេ?» ថេយ៉ុង ងក់ក្បាលតិចៗដោយទឹកមុខស្ញូញបង្ហាញអាការៈឈឺចាប់ចប់ភ្លាម ចេយ៉ុង ពេបមាត់ចាប់ផ្តើមយំហូរទឹកភ្នែកច្រោកច្រាលរួចស្ទុះរត់ចេញទៅស្វែងរកជំនួយទាំងសំឡេងយំស្រែករកជេហ៊ុននិងលោកយាយរបស់គេដែលនៅឯខាងក្រៅរូងភ្នំ។
«អ៊ំប្រុស..ហ៊ឹកៗ..លោកយាយ..ប៉ាតូចឈឺពោះហើយ!» អាល្អិតរត់ទាំងជើងដាច់ស្នាមដំបៅសុះស្រែកឆោឡោយំរហេមរហាមបេះដូងលោតដុកដាក់ភ័យយកតែមែនទេនគួរឱ្យសង្វេកចិត្តអាណិតណាស់។ ពេលទទួលបានដំណឹងភ្លាម ជេហ៊ុននិងលោកស្រី ថេរីណា មិនរង់ចាំយូរប្រញាប់ចូលទៅមើលសភាពរបស់ ថេយ៉ុង ដែលទ្រហោយំឱបពោះននៀលលើក្រណាត់ទក់ភ្លីដោយជើងត្រកួតត្រដុសនឹងថ្មរហូតដល់ដាច់សាច់ហូរឈាមជើងទៀត។
«ហ៊ឹកៗ..ឈឺណាស់..អ្ហាស..ឈឺពោះណាស់..» ថេយ៉ុង ស្រែកផង យំផង ដៃស្រវ៉ាខ្ញាំក្តាប់កម្រាលខំប្រឹងដកដង្ហើមមួយៗទាំងញើសហូរតក់ៗពេញខ្លួនប្រាណ។
«ថេយ៍..ថេយ៍កូនម្តាយ..ហ៊ឹកៗ ថេយ៍!!!» ស្ត្រីចំណាស់រត់វឹងទៅចាប់លើកត្រកងក្បាលកូនប្រុសដាក់លើភ្លៅខ្លួន ចំណែកឯ ជេហ៊ុន ស្រវ៉ាទៅបង្កាត់ពំនូកភ្នក់ភ្លើងឱ្យឆេះ មុនពេលស្វែងរកថ្នាំស្រាប់តែ សូយ៉ុន ស្ទុះចូលមកហាមឃាត់នាយ។
«គេកើតអី?» នាងសួរដូច្នោះដោយសារតែនាងជាដុកទ័រផ្នែកវះកាត់ដែរ ហើយនាងក៏មិនបានដឹងថា ថេយ៉ុង អាចមានផ្ទៃពោះបានដោយរបៀបណាដែរ។
«គេមានកូន..គេឈឺពោះសម្រាលហើយ ពេលនេះត្រូវការវះកាត់យកកូនក្នុងពោះនោះចេញ!»
«អ្ហះ?» សូយ៉ុន លើកប្រអប់ដៃខ្ទប់មាត់សំដែងដោយភាពភ្ញាក់ផ្អើលយ៉ាងខ្លាំង នាងក្រឡេកទៅសម្លឹងមើលឃើញសភាពរបស់ ថេយ៉ុង ស្រែកបញ្ចេញការឈឺចាប់ស្ទើរតែប្រេះដើមទ្រូងដោយមាន ចេយ៉ុង នៅក្បែរហើយយំយែកទួញសោកជិតក្បែរម្តាយម្នាក់យ៉ាងគួរឱ្យអាណិតថែមទៀត។
«អ្ហឹកៗប៉ាតូចមិនអាចកើតអ្វីបាននោះទេ អ៊ំប្រុស ហ៊ឹកៗជួយប៉ាតូចផង ចេយ៉ុង មានតែប៉ាតូចតែម្នាក់ទេ ចេយ៉ុង ខ្លាចខ្លាំងណាស់!» ក្មេងតូចទួញយំលើកដៃទាំងគូសំពះអង្វរករទ្រហោយំអស់ពីខ្លួន សូយ៉ុន ឯណេះស្ទុះស្ទាវឹងទៅចាប់បើកកាយកាបូបរកថ្នាំដែលនាងបានប្រមែប្រមូលមកពីមន្ទីពេទ្យ។
«គ្រប់គ្នាថយសិនទៅ!» សូយ៉ុន និយាយចប់ លោកស្រី ថេរីណា និង ចេយ៉ុង នាំគ្នាថយទៅម្ខាងចំណែកឯនាងក៏បូមថ្នាំចូលស៊ឺរាំងរួចរាក់ដើរចូលទៅអង្គុយកៀកក្បែរ ថេយ៉ុង ដែលដេកយំខ្សឹកខ្សួរស្លេកបបូរមាត់ស្វាយប៉ឹុមនោះ។
«ដកដង្ហើមមួយៗ រក្សាអារម្មណ៍ឱ្យបានល្អ កុំភិតភ័យខ្លាំងពេក!» នាងនិយាយប្រាប់ចប់ចាក់ថ្នាំសន្លប់កម្រិតយូរបញ្ចូលទៅក្នុងសរសៃឈាមឱ្យ ថេយ៉ុង សន្សឹមៗព្រមទាំងនិយាយលួងលោមគេឱ្យស្តាប់តាមសម្តីខ្លួនក្នុងនាមជាដុកទ័រ។ ប្រើពេលវេលារៀងយូរបន្តិចថ្នាំក៏ចាប់ផ្តើមមានប្រសិទ្ធិភាពជ្រៀតចូលទៅក្នុងសរសៃឈាមរាងតូចបំពេញតួនាទីរបស់វាបានយ៉ាងល្អ។ បន្ទាប់មកនាងបានផ្លាស់ប្តូរទៅប្រមូលយកឧបករណ៍បរិក្ខារចេញមក នាងជាដុកទ័រ នាងច្បាស់ជាស្គាល់ច្បាស់ពីជំនាញវះកាត់ប្រាកដណាស់។ គ្រប់គ្នានៅទីនេះបានត្រឹមសំដែងការភិតភ័យបារម្ភពី ថេយ៉ុង ហើយឯអ្នកទៀតក៏យំសោកដោយមិននឹកស្មានថាជីវិតនឹងមកចួបរឿងកម្សត់សោកសៅយ៉ាងនេះនោះទេ។
«សូម..អ្នកគ្រូពេទ្យជួយដល់ជីវិតកូនប្រុសរបស់ខ្ញុំផង!» លោកស្រី ថេរីណា ដាច់ចិត្តលុតជង្គង់ផ្ទាល់ដីលើកដៃសំពះ សូយ៉ុន ទាំងទឹកភ្នែកស្រក់ហូរចុះមករហាមចិត្តជាម្តាយតែងតែបារម្ភអាណិតដល់កូនសម្លឹងឃើញ ថេយ៉ុង វេទនាដូច្នេះគាត់ឈឺចាប់ស្ទើរតែប្រេះរហែកដើមទ្រូងព្រោះទ្រាំមើលឃើញកូនវេទនាមិនបានពិតមែន។
«លោកស្រីកុំបារម្ភអី តាំងចិត្តឱ្យស្ងប់ចុះ..» សូយ៉ុន ត្រៀមទាញឧបករណ៍បរិក្ខារចេញមកលាងសម្អាតរួចទុកទៅមួយដោយឡែក នាងងើបមុខឡើងបន្តិច សម្លឹងមើលមុខ ជេហ៊ុន ដែលឈរបង្ហាញពីទឹកមុខមិនស្រណុកចិត្តនឹងសម្លឹងមកកាន់នាងជាមួយកែវភ្នែកមានពន្លឺ។
«ខ្ញុំទុកចិត្តលើនាងហើយសូមជួយជីវិតប្អូនថ្លៃរបស់ខ្ញុំផង!» អ្នកកំលោះថាចប់ងាកមុខចេញមុនពេលដើរចូលទៅចាប់ក្រសោប ចេយ៉ុង លើកមកពរឱបជាប់ដើមទ្រូងដើម្បីកុំឱ្យគេមើលឃើញពីអ្វីដែលមិនគួរឱ្យចង់ឃើញ។
កន្លងផុតទៅអស់រយៈពេលជាង ១ម៉ោងក្រោយមកការងារដែល សូយ៉ុន បានដាក់ទាំងកម្លាំងចិត្តនិងទាំងកម្លាំងកាយក៏បានឆ្លងផុតរួចរាល់ទៅដោយលទ្ធផលជោគជ័យដូចក្តីប្រាថ្នា។ ថេយ៉ុង សម្រាលបានកូនប្រុសដែលមានរូបរាងស្គមស្គាំងហើយតូចខ្លាំងណាស់ ព្រោះតែគេខ្វះជីវជាតិចំណីអាហារមិនគ្រប់គ្រាន់។ ប៉ុន្តែជាសំណាងល្អដែលគេអាចមានអវៈយវៈមកល្អគ្រប់គ្រាន់។ គ្រាន់តែគេមានបញ្ហាសុខភាពទន់ខ្សោយ ហើយមានរូបរាងតូចខ្លាំងពេកតែប៉ុណ្ណោះ។ សូយ៉ុន ចាប់ផ្តើមដេរថ្នេរផ្ជិតមុខរបួសឱ្យ ថេយ៉ុង នឹងបានចាក់ថ្នាំព្យាបាលគេបន្ថែម។ បន្ទាប់មកក៏ទុកពេលឱ្យគេសម្រាកទាំងទឹកមុខនាងក៏ពោរពេញទៅដោយសម្ពាធនឿយហត់សម្បើម ញើសហូរស្រក់តក់ៗឥតមានស្រាក់ស្រាន្ត ស្ទើរតែមិនជឿជាក់ថានាងអាចធ្វើវាបាន ដ្បិតធ្លាប់ឆ្លងកាត់ការមើលថែព្យាបាលអ្នកជំងឺផ្នែកវះកាត់មកយ៉ាងណាក្តីក៏នាងមិនដែលចួបប្រទះអ្នកជំងឺពិសេសដល់ថ្នាក់នេះដែរ។
«ថេយ៍..ហ៊ឹកៗ..ថេយ៍!» លោកស្រី ថេរីណា យំអណ្តឺតអណ្តក់ខ្សឹកខ្សួរហើយ សូយ៉ុន ក៏បានអនុញ្ញាតឱ្យគាត់ចូលមកមើលមុខចៅប្រុសតូចដែលរុំទៅដោយកន្សែងចាស់មួយយ៉ាងកម្សត់គ្រាន់តែចូលមកដល់ភ្លាមជើងរបស់គាត់ទាំងគូភ្លាត់ទន់ឆ្អឹងជ្រាយសាច់ល្អូកមុននឹងផ្តួលទន់ចុះក្រឹប កាលបើឃើញសភាពចៅប្រុសគួរឱ្យអាណិតអាសូរគាត់ក៏ប្រញាប់ប្រញាល់ស្រវេស្រវ៉ាចាប់ក្រសោបគេលើកឡើងមកបីរលាក់ស្តាប់ឮសូរសំឡេងចៅប្រុសតូចយំគាត់អួលដើមកអនេកក្នុងទ្រូងឈឺចាប់រកទីបំផុតគ្មានរហូតដល់បញ្ជាទឹកភ្នែកហូរចុះមកច្រោកៗ។
«ហ៊ឹកៗ..ចៅយាយអើយ..ហ៊ឹកៗចៅ..» គាត់ទ្រហោយំស្រែកគ្រលួចធ្វើឱ្យ សូយ៉ុន ត្រូវងាកគេចមុខចេញមុននឹងពេបមាត់យំព្រោះទ្រាំមើលឃើញសភាពគ្រប់យ៉ាងមិនបានទឹកភ្នែកនាងក៏ទាមទារហូរស្រក់ចុះតក់ៗដៃជើងរបស់នាងប្រែទន់ញ័រតតាត់សំឡេងស្រែកនិងការឈឺចាប់ដែលគ្រប់គ្នាមាននៅពេលនេះសឹងតែធ្វើឱ្យនាងពិបាកទ្រាំបើកភ្នែកសម្លឹងមើលមិនបានទៅហើយ។
«ប៉ាតូចសម្រាលប្អូនរួចហើយ!» ចេយ៉ុង ត្រសុលរត់ចុះពីដៃ ជេហ៊ុន រត់សំដៅទៅរក ថេយ៉ុង ដែលដេកសន្លប់ស្តូកស្តឹងនឹងមានទឹកមុខស្លេកស្លាំងដ៏គួរឱ្យអាណិតណាស់ មុននឹងដាក់ខ្លួនអង្គុយចុះស្រវ៉ាចាប់ឱបថើបផ្ទៃមុខ ថេយ៉ុង ននៀលផ្ទៃមុខប្រឡាក់ស្រមកស្រមាមបង្ហាញពីអារម្មណ៍បារម្ភគិតខ្វាយខ្វល់ញ៉ាំងឱ្យកែវភ្នែករបស់មនុស្សចាស់គ្រប់គ្នាត្រូវជ្រាបសំណើមរលីងរលោងដោយក្តីអារម្មណ៍ទប់ចិត្តរំជួលសោកសៅក្រៀមក្រំមិនបាន។
«ហ៊ឹកៗ..ប៉ាតូចអស់អីហើយ ប៉ាតូចរបស់ ចេយ៉ុង ពូកែខ្លាំងណាស់ ចេយ៉ុង ស្រលាញ់ ប៉ាតូចខ្លាំង..ហ៊ឺៗៗ!!!»