#ទីក្រុងប៉ារីស ប្រទេសបារាំង
ទម្រាំជុងហ្គុក រេនដូមកដល់បារាំងគឺយប់ល្មម ពេលនេះម៉ោង12យប់ហើយ នាយក្រាស់ដើរចុះពីយន្តហោះផ្ទាល់ខ្លួនយ៉ាងសង្ហា នៅពីក្រោយមានកូនចៅដើរតាមបួននាក់ ពួកគេជាមនុស្សជំនិតបំផុត កាន់តែជំនិតបំផុតនោះគឺហ្យុនជីន ។ ប្រទេសបារាំង ទឹកដីដែលនាយខានមកជាន់ជាង7ឆ្នាំ ពេលនេះនាយក៏ត្រឡប់មកវិញ កន្លែងដែល7ឆ្នាំមុនជាឋានសួគ៌របស់នាយ តែពេលនេះប្រែទៅជាផ្សែងអ័ព្ទដ៏គួរឲ្យខ្លាចទៅវិញ។ រាងក្រាស់បិទភ្នែកសម្រួលអារម្មណ៍រួចបន្តដើរទៅមុខរហូតដល់រថយន្តដែលមិត្តសម្លាញ់បានបញ្ជូនមករងចាំជូនដំណើរ ។
« អញ្ជើញចូលចៅហ្វាយ....» កាលបើឃើញវត្តមានចៅហ្វាយនាយមកដល់ហើយ តៃកុងឡានក៏ស្ទុះស្ទារមកបើកទ្វារឲ្យព្រមទាំងឱនលំទោនផងដែរ។
« .... » ជុងហ្គុកមិននិយាយអ្វីដើរចូលទៅអង្គុយយ៉ាងអង់អាច ចំណែកកូនចៅជិះឡានមួយទៀតដែលនៅក្បែរនោះដូចគ្នា វិនាទីបន្ទាប់នាយក៏ទាញទូរស័ព្ទមកមើលឃើញថាមិត្តសម្លាញ់បានសរសេរសារមកភ្ជាប់ជាមួយរូបថតមួយសន្លឹក។
«រកកន្លែងដេកខ្លួនឯងទៅ យើងរវល់ឱបស្រីហើយ...» គ្រាន់តែអានរួចជុងហ្គុកក្រពុលមុខតែម្តង មិត្តចោលម្សៀតនេះចំមែនហើយ មិត្តភក្តិមកមួយទាំងមូលបែរជាទៅឱបស្រីធ្វើព្រងើយ សំខាន់ស្រីបារាំងទៀត ។
«អាចង្រៃ មិនគិតធ្វើការទេគិតតែពីស្រី....»នាយជេរមិត្តសម្លាញ់រួចងាកមកបញ្ជាតៃកុងវិញ...
« ទៅCondo PFD....»
«បាទចៅហ្វាយ...» ទទួលបញ្ជាភ្លាមតៃកុងឡានក៏ប្តូរទិសដៅត្រឡប់ទៅCondo pfdវិញដែលនៅមិនឆ្ងាយពីព្រលានយន្តហោះប៉ុន្មានទេ។Condo PFDនេះគឺជាកម្មសិទ្ធរបស់ជុងហ្គុករេនដូ តែគ្មានអ្នកណាដឹងឡើយថាវាជារបស់នាយ ព្រោះនាយមិនដែលមកបារាំងទេ ហើយក៏មិនដែលបង្ហាញឡើយថានាយមានក្រុមហ៊ុននិងសម្បត្តិជាច្រើននៅទីនេះ។ គ្រប់ការងារទាំងអស់គឺនាយទម្លាក់ឲ្យ យ៉ុនហ្គី អូវ៉ាសាមិជាកូនកាត់កូរ៉េជប៉ុនដែលជាមិត្តសម្លាញ់របស់នាយជាអ្នកធ្វើ ។
.....រថយន្តចេះតែរំកិលទៅមុខនាយក្រាស់នៅបន្តអូសទូរស័ព្ទមើលចុះឡើងៗមិនទំនេរដៃ ។ នៅតែបន្ទិចទៀតមកដល់condo pfdហើយ នាយក៏បិទទូរស័ព្ទទុកដោយឡែក ទាញអាវឲ្យរៀបរយ ក្រលេកមើលសងខាងផ្លូវឃើញមានមនុស្សអ៊ូអរយ៉ាងចម្លែកក្នុងហាងអាហារមួយដែលមានស្លាកសរសេរជាភាសាកូរ៉េ ។ នាយមិនចាប់អារម្មណ៍ច្រើន ណាមួយរាងអស់កម្លាំងផងទើបរហ័សចុះពីរថយន្តសំដៅកន្លែង check in តែម្តង។
