ជីមីន ប្រកែកលែងរួច បានត្រឹមបើកឡានទៅតាមប៉ូសីលប្រាប់ ហើយទម្រាំតែគេបានចេញពីប៉ុស្តិ៍ប៉ូលីសវិញ ត្រូវចំណាយពេលដល់ទៅកន្លះម៉ោង ព្រោះត្រូវអង្គុយស្តាំការព្រមានរបស់ពូៗទៀត។
ជុងហ្គុក និង អ៊ែលហ្វា ទើបតែបញ្ចប់សង្គ្រាមក្តៅគគុកប៉ុន្មាននាទីមុន ក្រោយមកពួកគេក៏ចុះមកផ្ទះបាយដើម្បីចម្អិនអាហារពេលព្រឹក។
«មានអ្វីឲ្យបងជួយធ្វើដែរទេ?»
«មិនបាច់ទេ អង្គុយឲ្យស្ងៀមៗ ចាំញ៊ាំទៅ»
«តែបងអាចជួយថើបឲ្យមានកម្លាំងចិត្តធ្វើម្ហូបនោះអី» ជុងហ្គុក ដើរទៅឱបរាងតូចពីក្រោយ ហើយពឹងចង្កាពីលើស្មាម្ខាងរបស់នាងយ៉ាងស្និត ឆ្លៀតឆ្មក់ថើបថ្ពាល់ប៉ោងៗមួយខ្សឺត នាំឲ្យម្ចាស់ថ្ពាល់លួចញញឹម ឈរហាន់បន្លែយ៉ាងមានក្តីសុខ។
«មានក្តីសុខសម្បើបណាស់ណ៎ ចឹងតើទើបបានជាមិនព្រមលើកទូរស័ព្ទ» សម្រែកសួរដោយកំហឹង បន្លឺឡើងពីមាត់ទ្វារផ្ទះបាយ ធ្វើឲ្យរាងតូចភ្ញាក់ព្រើត ហើយរហ័សបែរទៅរកប្រភពសម្លេង ទើបអ៊ែលហ្វា បើកគ្រាប់ភ្នែកធំដោយការភ្ញាក់ផ្អើល នូវវត្តមានរបស់បងប្រុស ផ្ទុយពី ជុងហ្គុក បែរជាញញឹម ពេលដឹងដល់មុខមាត់ម្ចាស់សម្លេង មិនតែប៉ុណ្ណោះ គេថែមទាំងស្រវាឱប អ៊ែលហ្វា រឹតណែនជាងមុន ធ្វើឫកពារទុក ជីមីន ជាខ្យល់អាកាស។
«លែងខ្ញុំសិនទៅ» នាងនិយាយប្រាប់គេខ្សឹបៗ ទាំងភ័យស្លេកមុខ ខណៈដៃតូចៗប្រឹងចាប់បេះដៃកំហូចរបស់គេចេញដោយអារម្មណ៍ស្លេស្លន់ ពេលក្រឡេកឃើញបងប្រុសកំពុងតែដើរសំដៅមករក។
«ខ្លាចគេធ្វើអី គ្រាន់តែឱបហ្នឹង? បើមិញពួកយើងធ្វើលើសហ្នឹងទៀត» មនុស្សចចេសប្រើភាសានេះឡើងមក ក្នុងបំណងឌឺដងដាក់ អ្នកដែលដើរចូលមក អោយក្តៅស្លឹកត្រចៀកចង់ឆេះ
«ឌឹប» ជីមីន ចូលទៅក្របួចកអាវ ជុងហ្គុក ហើយកញ្ឆក់គេអោយឃ្លាតចេញពី អ៊ែលហ្វា មុននឹងក្តាប់ដៃណែនតាន់ ដាល់ចំកណ្តាលថ្ពាមខាងឆ្វេងមួយទំហឹង បណ្តាលឲ្យជ្រាតឈាមក្រហមឆ្អៅចញតាមគែមមាត់ភ្លាមៗ
«កុំវាយគេអីបងប្រុស» អ៊ែលហ្វា ដែលបានឃើញសកម្មភាពទាន់ហន់ ស្ទុះចូលទៅសន្ធឹងដៃពាំងពីមុខរាងក្រាស់ ពេលក្រឡេកឃើញ ជីមីន ប្រុងស្ទុះទៅដាល់ថែមទៀត
«ហ្វា ទៅការពារអាមនុស្សពាលធ្វើស្អី?» ជីមីន គំហកសម្តីរឹង ក្រោមទឹកមុខមាំកាច ពេលដែលឃើញឫកពារប្អូនចេញមុខការពារមនុស្សសម្តីឈ្លើយ ទំនើងខុសរបៀប កែវភ្នែកកំណាចចោទសម្លក់ទៅរកអ្នកដែលកំពុងឈរញញឹមជូតឈាមចេញលើបបូមាត់ អោយគេអត់ក្តៅក្រហាយមិនបាន មិននឹងស្មានថាប្អូនខ្លួនឯង ទៅឆ្កួតងប់ងល់ជាមនុស្សប្រភេទនេះ ទាំងដែលទើបតែស្គាល់គ្នាប៉ុន្មានថ្ងៃសោះ។
«មានរឿងអីចង់បកស្រាយប្រាប់បងខ្លះទេ?» ជីមីន សួរដោយសម្លេងស្មើចុងស្មើដើម គេព្យាយាមធ្វើធម្មតា មិនអោយប្អូនដឹងចិត្ត ដោយហើយក៏លែងសម្លុតនាងដែរ កុំអោយថាគេគ្មានហេតុផលចេះតែខឹងច្រឡោត ឥឡូវនេះគេគ្រាន់តែឈរចាំស្តាប់ហេតុផលប៉ុន្មានម៉ាត់ចេញពីមាត់នាងប៉ុណ្ណោះ។
អ៊ែលហ្វា តាមសម្លឹងទឹកមុខបងប្រុស ទាំងកែវភ្នែករលីងរលោងចង់យំ រឹតតែធ្វើអោយ ជីមីន គ្រឺតខឹង គេចូលឈានជើងចូលបម្រុងទៅចាប់កដៃប្អូន ស្រីច្រម៉ក់ស្រាប់តែគេចប្រូចទៅ ឈរពួនអើតក្បាលលឹមៗនៅខាងខ្នង ជុងហ្គុក បើកដៃអោយកំលោះទាំងពីរឈរដំឡើងឫកខ្មើតខ្មាំងដាក់គ្នា។
«ហេតុអីបានមានស្នាមជាំពេញ.កអញ្ចឹង? វាធ្វើស្អីខ្លះដាក់ឯង ឆាប់ប្រាប់មក?» ជីមីន តម្លើងគ្រាប់ភ្នែកធំៗភ្ញាក់ផ្អើលខ្លាំង ពេលកែវភ្នែកមុតកាចរបស់គេ គ្រលៀសទៅឃើញស្នាមក្រហមដុំនៅលើប្រឡោះ.ករបស់ប្អូន នាងចចេសណាស់ ពេលគេសម្លុត ខំឱនលាក់មុខជិតឈឹង អោយគេក្រហល់ក្រហាយទ្រូងស្ទើបែក
«មនុស្សស្រឡាញ់គ្នា គេធ្វើអីៗជាមួយគ្នាមិនចម្លែកទេ» ជុងហ្គុក ស្រដីឡើងបែបចង់បញ្ឆេះទ្រូង ជីមីន ឲ្យរឹតតែក្តៅទ្វេឡើង ទុកថាជាការតបស្នងមួយដៃកណ្តាលថ្គាមមុននេះ ចំណែក នាងក្រមុំ ខំក្តាប់ជាយអាវគេថែមទាំងអង្រួនតិចៗក្នុងន័យហាមប្រាមឲ្យគេឈប់និយាយ។
«ស្រឡាញ់គ្នា? ហឹស» ជីមីន សើចញញឹមទាំងហួសចិត្តរកពាក្យថ្លែងមិនបាន មុននឹងបោះប្រយោគចាក់ឆ្កៀលទៅកាន់អ្នកម្ខាងទៀតបន្ត
«ឯងចាប់បង្ខំប្អូនយើងច្រើនជាង» ប៉ុន្មានម៉ាត់នេះល្មមអាចអោយគេចុកទ្រូងស្ពឹកមុខបាន តែផ្ទុយទៅវិញ ជុងហ្គុក បែរជាអាចឈរញញឹមបានធម្មតា ហើយទឹកមុខគេក៏ផ្លាស់ប្តូរភ្លាមៗ ពេលបង្វែរខ្លួន លូកដៃក្តោបរាងតូចមកឱប នៅចំពោះមុខបងប្រុសនាងទាំងមិនញញើតដៃ ឬក្រែងចិត្តអីបន្តិច រួចងើបមុខសម្លឹងទៅ ជីមីន ដោយរុញអណ្តាតទល់ថ្ពាល់ដោយឫកពារអឿទំនើង៖
«ហ្វានិយាយទៅ ថាបងបានចាប់បង្ខំអូនឬអត់?» ជុងហ្គុក ឱនផ្ទៃមុខទៅរកស្រីតូច និងសួរដោយស្នាមញញឹមផ្អែមល្ហែម ស្របពេលនាងក្រមុំឈរធ្វើភ្នែកព្រឹមៗ ក្រឡេកក្រឡាប់ ដាក់គេ ឆ្លាស់គ្នានិងលបដៀងកន្ទុយភ្នែកមើលទឹកមុខបងប្រុសដែលឈរចាំស្តាប់ចម្លើយពីមាត់នាងយ៉ាងអន្ទះសារ!
«អត់ទេ...» ស្រីតូច គ្រវីក្បាលញាប់ស្មេ ហើយឆ្លើយទាំងញ័របបូមាត់តតាត់ ភ័យឡើងរឹងខ្លួនដូចរូបចម្លាក់
«???» ចម្លើយពីរម៉ាត់យ៉ាងខ្លី ប៉ុន្តែខ្លឹម! ធ្វើអោយជុងហ្គុករីកមុខមិនស្ទើ ថែមទាំងលើកចិញ្ចើមម្ខាង ឌឺដងដាក់ ជីមីន។
«ហ្វា?» ជីមីន ហៅឈ្មោះនាងដោយអារម្មណ៍មួហ្មង យូរៗទៅ នាងលែងស្តាប់សម្តីគេដែលជាបងប្រុសហើយមែនទេ?
ហត់ចិត្តខ្លាំងពេក ជីមីន ក៏ចេញមកអង្គុយនៅលើសាឡុងខាងក្រៅ យកដៃឈ្លីក្បាលដែលឈឺខ្ទោកៗជិតផ្ទុះ ខ្វះតែបន្តិចទៀតផ្ទុះស្លាប់ជាមិនខាន ចំណែក អ៊ែលហ្វា ព្រួសភាពតានតឹងចេញមួយដង្ហើម រួចក៏ចាប់អូសដៃ ជុងហ្គុក អោយដើរមកតាម នាំគេទៅឈរនៅចំពោះមុខបងប្រុសយ៉ាងក្លាហាន ទើប ជីមីន ងើបមុខសម្លក់ទៅពួកគេទាំងពីដោយខ្សែភ្នែកមាំគ្មានស្នាមញញឹម៖
«បងប្រុសចាំបាច់ខឹងខ្លាំងយ៉ាងនេះ?»
«មិនឲ្យខឹងយ៉ាងម៉េច? មើលទង្វើរដែលឯងធ្វើទៅ តើសមដែរទេ?» ជីមីន អត់បន្ទោសមិនបាន ពេលឃើញនាងឈរកាន់ដៃ ជុងហ្គុក យ៉ាងស្និតហើយស្អិតរមួត នាងហួងហែងជាងសមីខ្លួនគេទៅទៀត ហើយ ជុងហ្គុក ចេះតែញញឹមឌឺៗដាក់ ជីមីន ញយដង ប៉ុន្តែនាងតូចមិនបានឃើញ។
«នាងធ្វើអ្វីឲ្យទើសចិត្តលោកមែនទេ?» ជុងហ្គុក លូកសម្តីកាត់មុខ ប៉ុន្តែ ជីមីន មិនខ្ចីជ្រលក់មាត់ជាមួយ គេស្ទុះក្រោកពេញកំពស់ ពោលប្រយោគព្រមាននាងតូច៖
«បងមិនហាមឃាត់រឿងឯងស្រឡាញ់អ្នកណាទេ! ឲ្យតែប្រាកដថា ស្រឡាញ់គ្នាពិតមែន! ហើយបើសិនគេធ្វើបាបឯង ត្រូវតែប្រាប់បងភ្លាម មិនថាមានរឿងអ្វីកើតឡើងក៏ដោយ កុំលាក់បាំងបងអោយសោះ ឮទេ?»ជីមីន ផ្តាំផ្ញើពាក្យសម្តីណែនាំប្អូន ស្របពេលភ្នែកសម្លឹងទៅរក ជុងហ្គុក ចំៗមិនបញ្ឆៀង ក្រោយមកគេក៏បោះជំហ៊ានចេញទៅដោយគ្មានពាក្យលាមួយម៉ាត់។
អ៊ែលហ្វា យកដៃមកផ្អឹបទ្រូង រួចព្រួសដង្ហើមចេញតាមមាត់ បែបធូរស្រាលចិត្ត មុននេះនាងភ័យចង់រាគនោមទៅហើយ ខំគិតស្មានថាបងប្រុសក្រោកមកបន្ទោសខ្លាំង។
នាងចាប់អូសដៃក្រាស់ទៅដាក់បង្គុយលើសាឡុង ហើយយកម្រាមតូចៗទៅអង្អែលលើគែមមាត់ដែលដិតដាមស្នាមឈាម៖
«ឈឺខ្លាំងទេ?»
«មិនឈឺប៉ុន្មានទេ តែបងប្រុសអូនកាចណាស់ ធ្វើមុខមាំៗ ឲ្យបងភ័យឡើងញ័រប្លោក» ជុងហ្គុក និយាយពេបមាត់បែបជ្រក់ជ្រេញចរិករបស់ ជីមីន ខណៈដែលដៃកំហូចរបស់គេលូកចាប់ចង្កេះតូចមួយក្តាប់ទាញនាងមកឱបរឹតរួច ធ្វើឲ្យស្រីមាឌល្អិតសង្កៀតធ្មេញគ្រឺត ចង់តែដាល់ថ្គាមគេឲ្យបែបមួយចំហៀងទៀត។