ពាក្យសម្ដីដ៏សែនផ្អែមល្ហែមរបស់គេ មិនមែនជាសម្ដីដែលគ្រាន់តែនិយាយដើម្បីលួងលោមនាង ឲ្យព្រមត្រលប់ទៅផ្ទះ តែវាជាសម្ដីពិតដែលចេញពីក្នុងក្រអៅបេះដូងរបស់គេ ព្រោះនាងគឺជាផ្នែកមួយដ៏សំខាន់បំផុតនៅក្នុងជីវិតគេ ដែលគេមិនអាចខ្វះបាន។
នាងមានគេ ចំណែកគេគឺមាននាង មានគ្នាទៅវិញទៅមក នៅលើលោកនេះ នាងមិនមែនមានតែម្នាក់ឯងទេ យ៉ាងហោចណាស់ក៏នៅមានគេម្នាក់ ដែលបារម្ភខ្វាយខ្វល់យកចិត្តទុកដាក់ចំពោះនាង ហេតុអីនាងមើលរំលងគេ?
«អ្នកប្រុស អ្ហឹកៗ» ហេរី លើកដៃឱបគេយំខ្សឹកខ្សួលរំជួលបេះដូង សម្ដីគេធ្វើឲ្យនាងរំភើបផង កក់ក្ដៅផង គេនិយាយពាក្យថាផ្ទះយើង គេថាទោះពិភពលោកទាំងមូលបោះបង់នាងចោល ក៏គេមិនបោះបង់នាងចោលដាច់ខាត សម្ដីប៉ុន្មានឃ្លាដ៏មានន័យនេះ ប្រៀបដូចសន្សើមពីសួគ៌ា ស្រក់លើផ្កាស្វិតស្រពោន ដែលរង់ចាំតែថ្ងៃងាប់ ឲ្យរីកស្រស់បំព្រងឡើងវិញ នាងមានកម្លាំងចិត្ត មានក្ដីសង្ឃឹម មានទីពឹង មានគេជាខ្នងបង្អែក មានគេគឺជាគ្រួសារដ៏កក់ក្ដៅរបស់នាង។
ជីមីន ឱបលួងលោមនាង ផ្ដល់ភាពកក់ក្ដៅឲ្យនាង ហាក់ដូចជាឪពុកម្នាក់ ជាបងប្រុសម្នាក់ ជាស្វាមីម្នាក់ ធ្វើឲ្យបេះដូងនាងកក់ក្ដៅមានសុវត្ថិភាពណាស់ អារម្មណ៍ភ័យខ្លាចដែលនាងតែងតែមានចំពោះគេកន្លងមក រហូតដល់ពេលនេះនៅតែខ្លាច គ្រាន់តែថាមិនសូវខ្លាចខ្លាំងដូចមុន ពីមុនខ្លាច១០០ ឥឡូវនៅសល់៨០។
បន្ទាប់ពីលួងលោមនាងឲ្យបាត់យំហើយ គេថើបថ្ងាសនាងមួយខ្សឺត មុននឹងក្រោកអង្គុយវិញ ស្របពេលនាងក៏ស្ទុះក្រោកអង្គុយដូចគ្នា និងយកដៃក្ដោបស្បង់ចីវរត្រង់ដើមទ្រូង ដែលត្រូវគេចាប់ហែកមុននេះ ឈ្ងោកមុខអឹមអៀន ថ្ពាល់ក្រហមព្រឿងៗ នៅគិតដល់សម្ដីរបស់គេ ដែលប្រាប់ថាមិនបោះបង់នាងចោលទេ មិនឲ្យអ្នកណាធ្វើបាបនាងទៀតទេ គេធ្វើឲ្យបេះដូងនាងញាប់ញ័ររញ្ជួយ ខណៈនោះក៏រាងភ្ញាក់បន្តិច ពេលគេយកអាវគ្រ័រហ្សេពណ៌ខ្មៅ ដែលដោះទុកនៅក្នុងឡាន មកគ្របស្មាឲ្យនាង ដើម្បីបិទបាំងត្រង់កន្លែងដែលត្រូវគេចាប់ហែក ហើយក៏បើកឡានចាកចេញពីអារាម។ពេលល្ងាច...
ភូមិគ្រឹះត្រកូលចូវ
ងឺត/
«ដល់ផ្ទះយើងហើយ» ជីមីន ចតឡាន លូកដៃទៅចាប់ក្ដោបប្រអប់ដៃតូចរបស់ ហេរី លើកមកថើប ហាក់ដូចជាចង់លួងលោមកុំឲ្យនាងមានការភ័យខ្លាច ស្របពេលនាងងាកសម្លឹងមុខគេទាំងលេបទឹកមាត់ក្អឹកៗ ព្រោះក្នុងចិត្តនាងគឺនៅតែមានការភ័យខ្លាច ខ្លាច យួយលិ និង អានលី ខ្លាចម្ដាយមីងរបស់គេ ខ្លាចថាថ្ងៃស្អែកគេប្រែទៅជាដូចដើម ខឹងស្អប់នាង ព្រងើយកន្តើយដាក់នាង។
«ចាស» ហេរី បង្ខំមុខឲ្យញញឹមតិចៗដាក់គេទាំងមិនសូវសម មុននឹងទាញដៃពីគេមកវិញ ហើយបើកទ្វារចុះពីលើឡាន ខណៈដែលគេក៏បើកទ្វារចុះពីលើឡានដូចគ្នា និងដើរមកជិតនាង លូកដៃឱបចង្កេះនាងយ៉ាងស្និទ្ធស្នាល នាំនាងដើរចូលទៅក្នុងផ្ទះ។
«ឯងចង់ឲ្យខ្ញុំធ្វើយ៉ាងម៉េចចំពោះ យួយលិ និង អានលី?» ជីមីន សួរស្របពេលបណ្ដើរនាងដើរឡើងកាំជណ្ដើរ។
«អឺ អ្នកប្រុសមិនបាច់ធ្វើអីពួកគាត់ទេ សុំត្រឹមតែកុំឲ្យពួកគាត់មកធ្វើបាបខ្ញុំទៀតបានហើយ» ទោះត្រូវ យួយលិ និង អានលី ធ្វើបាប ព្យាយាមចង់សម្លាប់ ប៉ុន្តែនាងមិនបានខឹងគុំកួនចង់សងសឹកទេ គ្រាន់តែចង់រស់នៅរៀងខ្លួន មិនប៉ះពាល់បំពានគ្នាទៅវិញទៅមក។
«អូខេ» ជីមីន ងក់ក្បាលតិចៗ យល់ព្រម មិនឲ្យអ្នកណាមកធ្វើបាបនាងទៀតទេ និងពេលឡើងកាំជណ្ដើរមកដល់ជាន់ខាងលើ ជួបស្រីបម្រើ គេក៏ប្រើ៖
«ប្រមូលសម្លៀកបំពាក់ និងរបស់ប្រើប្រាស់ទាំងអស់របស់ ហេរី ទៅរៀបដាក់នៅក្នុងបន្ទប់ខ្ញុំ»
«អឺ មានន័យថាម៉េចអ្នកប្រុស?» ហេរី ងាកសម្លឹងមុខគេទាំងមិងមាំង មិនសូវយល់ ហេតុអីត្រូវយកសម្លៀកបំពាក់ និងរបស់ប្រើប្រាស់នាង ទៅទុកនៅក្នុងបន្ទប់គេ?
«ដើម្បីសុវត្ថិភាពឯង ចាប់ពីថ្ងៃនេះទៅ ពួកយើងត្រូវគេងបន្ទប់ជាមួយគ្នា»

YOU ARE READING
??????????
Romance????????? ?????? ??????????????????? ??????????? ?????????????????????????????????????? ??????????????????? ????????????????????????????????????????????? ???????????????????????????????????????? ??????????????????? ????? ???? ??? ??? ????? ?????????...