ឆ្វាច់ៗ ឆ្វាប់ៗ
សំឡេងកាំបិតអូសប៉ះនឹងស្បែកទន់រលោង លាយឡំនឹងតំណក់ឈាមក្រហមឆ្អិនឆ្អៅស្រក់ចុះពីមុខកាំបិតស-ស្ញាញ នៅក្រោមពន្លឺព្រះចន្ទនារាត្រីអន្ធការចាំងឱ្យឃើញស្រមោលមនុស្សពីរនាក់ កំពុងសប្បាយដៃក្នុងការចាក់ការវះទៅលើរាងកាយរបស់អ្នកណាម្នាក់។ មើលទៅមិនមែនគ្រាន់តែការសប្បាយតែម្យ៉ាងទេ តែក៏ដើម្បីបញ្ចេញកំហឹងដូចគ្នា សាងឱ្យឃើញពីភាពជាបិសាចសាតានរបស់ពួកគេច្បាស់ពេញៗភ្នែក!... ភាពសាហាវឃោរឃៅរបស់ពួកគេសាងឱ្យអ្នកស្ទើរតែផុតដង្ហើម សុខៗស្រាប់តែបើកភ្នែកធំៗឡើង មិនមែនព្រោះការឈឺចាប់ តែព្រោះអ្វីម្យ៉ាងក៏មិនដឹងដូចគ្នា។
ឈឺហ្អេស? ពេលនេះក្រៅពីអារម្មណ៍ស្ពឹកនៅតាមរាងកាយ នាងអ្វីមិនក៏ទទួលបានអារម្មណ៍ឈឺចាប់អ្វីទាំងអស់ សូម្បីតែចង់កម្រើកម្រាមដៃម្រាមជើងក៏មិនបានផង។ រាងកាយតូចបានត្រឹមដេកបើកភ្នែក សម្លឹងមើលពួកគេប្រព្រឹត្តអំពើព្រៃផ្សៃលើរាងកាយរបស់ខ្លួន ស្របកែវភ្នែកមុតស្អាតប្រឹងសម្លឹងស្រទន់មើលទៅពន្លឺព្រះចន្ទចាំងជះមកផ្ទៃផែនដី កំដរពេលវេលារង់ចាំាការស្លាប់មកដល់។ នាពេលនេះនាងដូចជាគេងមើលព្រះចន្ទធម្មតាលំហែអារម្មណ៍ធម្មតាអីចឹង មិនឈឺចាប់ក៏មិនទទួលបានអារម្មណ៍អ្វីទាំងអស់ ទាំងដែលការពិតខ្យល់ដង្ហើមរបស់នាងក៏ជិតផុតទៅហើយដោយសារពួកគេ។
ពួកគេ! ពួកគេជាអ្នកណាឬ? ជាមនុស្សដែលដាំចិត្តស្អប់គុំកួននាងខ្លាំងបំផុត ទាំងនាងគ្មានកំហុសអ្វី បានសាងអាក្រក់អ្វីទៅលើពួកគេ ទាំងដែលនាងមិនធ្លាប់មើលឃើញពួកគេជាមនុស្សអាក្រក់ តែងចាត់ទុកពួកគេជាមិត្ត តែការពិតបានបង្ហាញច្បាស់អស់នៅក្នុងពេលនេះ ក្នុងពេលដែលពួកគេកំពុងធ្វើរឿងលើសពីភាពឃោរឃៅមកលើរាងកាយរបស់នាង។
“បើការស្លាប់យ៉ាងវេទនារបស់ខ្ញុំ អាចឱ្យពួកគេមានក្ដីឱ្យពួកគេធ្វើចុះ!... ហើយខ្ញុំសូមអហោសិកម្មឱ្យ បើមានជាតិក្រោយសូមកុំឱ្យពួកយើងជាប់កម្មពៀរគ្នាអី” ពាក្យអធិដ្ឋានចុងក្រោយមុនពេលខ្យល់ដង្ហើមជិតរលត់ផុតទៅតាមវាសនាចារកំណត់ ត្រឹមជាតិនេះនាងវេទនាណាស់ទៅហើយ នាងមិនចង់ឱ្យមានជាតិក្រោយត្រូវរងកម្មនឹងមនុស្សអស់នេះទៀតទេ។
“ប៉ាម៉ាក់ឱ្យកូនសុំទោស! បើមានជាតិក្រោយកូននឹងសងគុណអ្នកទាំងពីរវិញ...ជាតិនេះកូនមានវាសនាត្រឹមនេះប៉ុណ្ណោះ” ដល់វេលាចុងក្រោយនាងក៏នៅតែមិនភ្លេចអ្នកមានគុណទាំងពីររបស់ខ្លួនដូចគ្នា។
«នែ! ឯងជួយមើលវាងាប់បាត់ហើយឬនៅ?» ក្រោយពីវះអ្នកម្ខាងទៀតឡើងសុះសាច់ ស្ទេឡាងាកមកសួរមិត្តសម្លាញ់ ខណៈដៃក៏លើកមកជូតឈាម ដែលខ្ទាតប្រឡាក់ចេញពីមុខរបស់ខ្លួន ព្រមទាំងរេកែវភ្នែកទៅសម្លក់រាងកាយដេកស្ដូកស្ដឹង ឱ្យខ្លួនទាំងចាក់និងវះលេងមុននេះ។
«ចាក់ឡើងសុះសាច់បែបនេះទៅហើយ បើវាមិនងាប់ទេមានតែវាជីវិតថ្លៃហើយ! នេះបើតាមចិត្តស្អប់ចង់តែយកដុំថ្មមកដំមុខវាឱ្យបែកខ្ទេចទេ» ប៊ែលឡានិយាយដោយការគុំកួននឹងអ្នកម្ខាងទៀត បើទោះជាបានសម្លាប់អ្នកចំពោះមុខដូចចិត្ត តែក៏នៅមិនទាន់សមចិត្តស្អប់កប់ក្នុងទ្រូងនាងដូចគ្នា... នាងគឺបែបនេះឯងបើហ៊ានតែធ្វើឱ្យនាងទាស់ចិត្ត នាងគ្មានហេតុផលអីត្រូវទុកអ្នកម្ខាងទៀតនោះឡើយ ហើយការកម្ចាត់របស់នាង គឺការគ្មានវត្តមានមនុស្សគួរស្អប់នៅរួមលោកនេះបន្តទៀត។
«យើងថាប៉ុណ្ណឹងបានហើយ! ឱ្យវាងាប់មានសភាពនៅល្អខ្លះទៅ...ហើយនេះយើងគិតធ្វើយ៉ាងម៉េចបន្តទៀត?» ស្ទេឡាសួរនាំទាំងងាកមើលមុខប៊ែលឡាឆ្លាស់គ្នានឹងរាងកាយស្ដូកស្ដឹងនៅលើដី។
ផាប់!
ប៊ែលឡារិះរកផែនការបន្ត ព្រមទាំងចោលកាំបិតចូលទៅក្នុងទឹកបឹងក្បែរនោះដើម្បីបំបាត់ភស្ដុតាង តាមដោយស្ទេឡាក៏បោះទៅតាមក្រោយមិត្តសម្លាញ់រួមអាជីពតែមួយ។
«ល្ងង់ណាស់! ធ្វើតាមផែនការចាស់របស់យើងដដែលទៅ» មនុស្សស្ទាត់់ជំនាញរឿងនេះនិយាយចេញមកយ៉ាងស្រួលទាំងញញឹមស្រស់ អេ៎! មិនមែនទេហៅថាញញឹមពិសពុលទើបត្រូវជាង។ ស្នាមញញឹមមួយនេះបញ្ជាក់ច្បាស់ណាស់ថាមនុស្សម្នាក់នេះឃោរឃៅព្រៃផ្សៃប៉ុណ្ណា វាក៏បង្ហាញឱ្យឃើញថានេះមិនមែនជាលើកទីមួយទេដែលពួកនាងធ្វើរឿងទាំងនេះ។ អីចឹងតើបានជាមិនញញើតដៃក្នុងការចាក់គេបែបនេះ...
«មែនហើយយើងភ្លេចឱ្យឈឹង!» ប៊ែលឡាក៏ញោចញញឹមបង្ហាញពីភាពកំណាចមិនខុសពីមិត្តសម្លាញ់ប៉ុន្មាននដែរ។
ក្នុងរាត្រីអន្ធការដ៏កំណាចឃោរឃៅ មានត្រឹមរាងកាយដេកស្ដូកស្ដឹងនឹងប្រយោគនិយាយគ្នាខ្សាវរបស់ឃាតករទាំងពីរ មុននឹងជ្រែកចូលមកដោយសំឡេងមាំរបស់អ្នកណាម្នាក់ទៀត។
«ចាត់ការហើយឬនៅ?» ប្រុសកំលោះមកពីខាងណាក៏មិនដឹងទំនងដូចជាដឹងច្បាស់ពីរឿងរ៉ាវបានកើតឡើងដូចគ្នា ទើបពេលឃើញរាងកាយស្រោចស្រពដោយឈាម គេបែរជាគ្មានប្រព្រឹត្តកម្មអ្វីក្រៅពីសម្លឹងមើល ហើយងាកមុខចេញមិនអើពើមិនស្ដាយស្រណោះក៏គ្មានអារម្មណ៍អាណិតនាងសូម្បីតែបន្តិចសោះ។
«រៀបរយខ្លាំងណាស់!» ស្ទេឡាតបបានយ៉ាងសមចិត្តតែម្ដង ត្រេកអរនិងមានមោទនភាពជាមួយស្នាដៃរបស់ខ្លួន។ «តែសពស្រីចង្រៃនេះទម្លាក់ចូលទឹកឬយ៉ាងម៉េច?» ស្ទេឡាសួរទៅប៊ែលឡាដែលកំពុងសម្លឹងទៅកាន់សាកសពដោយក្រសែភ្នែកចងអាឃាត។
«មិនបាច់ទេ! ទុកត្រង់នឹងទៅគង់តែមានសត្វមកស៊ីអស់ទេ... បើទម្លាក់ចូលទឹកវាអាចអណ្ដែតនាំឱ្យអំពល់តាមក្រោយ» ប៊ែលប្រាប់យ៉ាងហ្មត់ចត់ពីគំនិតនៃភាពជំនាញដែលមាននៅខ្លួន។
ត្រូវហើយភ្លេចប្រាប់ទៅថាទីនេះជាព្រៃជ្រៅក្រាស់ស្ដុក ដែលគេបោះបង់ចោល កម្រនឹងមានមនុស្សចូលមកដល់ទីនេះខ្លាំងណាស់ អ្នកដែលចូលមកគឺមានតែពួកមកសំងំជក់ថ្នាំ ឬក៏មកធ្វើស្អីផ្ដេសផ្ដាសតែប៉ុណ្ណោះ។ ម្យ៉ាងនៅម្ដុំនេះវាក៏ជ្រៅឆ្ងាយពីមាត់ផ្លូវដូចគ្នា ដូច្នេះហើយបើទោះជាមានសពស្អុយរលួយ ក៏៏មិនអាចសាយភាយក្លិនចេញទៅដល់ខាងក្រៅបានដែរ។
«តស់! ពួកយើងឆាប់ទៅៗ នៅទីនេះយូរនាំតែចង្រៃភ្នែកទទេៗ» ប៊ែលនិយាយឡើងជ្រែកភាពស្ងប់ជ្រងំ បន្ទាប់ពីសម្លឹងកាយគ្មានវិញ្ញាណទាល់តែពេញចិត្តហើយ។
កំលោះក្រមុំទាំងបីក៏នាំគ្នាចាកចេញទៅពីត្រង់នោះ ទាំងមិនចោលភ្នែកសម្លឹងកាយស្រោចដោយឈាមក្រហមច្រាល បញ្ជាក់ឱ្យឃើញថាពួកគេជាមនុស្សចិត្តដាច់ព្រៃផ្សៃខ្លាំងកម្រិតណា ថ្នាក់សម្លាប់មនុស្សម្នាក់ទៅហើយតែបែរជាអាចដើរចេញទាំងទឹកមុខញញឹម គ្មានខ្លាចញញឹមស្អីបន្តិច។

YOU ARE READING
???????????? ?????????????
Romance??????? ????? ?????? ?????????? ??????????????????????????????????? ??????????????????????????????????????????? ??...??????????????????????? ????????????????????????????????? ??????????????????????????????????! ???????????????????????????? ??????...