«ពេលនៅមិនទាន់ទេ! តែតិចទៀតគង់តែត្រូវគ្នាទេ» និកនៅរក្សាមុខមាំរបស់ខ្លួនមិនប្រែ តែនោះក៏បញ្ជាក់ពីអត្តចរិតរបស់គេដូចគ្នា សម្ដីគ្មានពាក្យថាលេងសើច។
សំឡេងប្រកែកគ្នារបស់កំលោះសង្ហាទាំងពីរ ដាស់ឱ្យអ្នកជ្រុលខ្លួនគេងលក់មុននេះឱ្យភ្ញាក់ដឹងខ្លួន កែវភ្នែកស្អាតមើលភ្លឹះៗសម្លឹងមើលកំលោះសង្ហាទាំងពីរចំពោះមុខដោយការងឿងឆ្ងល់។ ឫកពាមិនដឹងអីរបស់នាងមើលហើយកាន់តែគួរឱ្យស្រលាញ់ថែមទៀត តែនោះសម្រាប់និកតែម្នាក់ប៉ុណ្ណោះ ផ្ទុយពីឡឺវីស៍ដែលកាន់តែមើលនាងខួរក្បាលកាន់តែនឹកគិតដល់ អ្នកដែលបានចាកចេញទៅហើយមិនឈប់។
“ដូចណាស់! នាងពិតជាដូចគាត់មែនទែន” លោកគ្រូពេទ្យបានតែលាក់ការសង្ស័យនៅក្នុងចិត្ត ព្យាយាមមិនរំឭកពីរឿងដែលកន្លងហួសទៅហើយ! នៅលើលោកនេះមនុស្សមានមុខមាត់ដូចគ្នាក៏មានច្រើនដែរ ដូច្នេះហើយមិនចម្លែកទេបើគ្រាន់តែនាងមានមុខមាត់ដូចម្ដាយរបស់គេនោះ។
«សុំទោសផង! ពួកខ្ញុំរំខានដំណេករបស់នាងហើយ» ឡឺវីស៍តាំងនាមជាសុភាពបុរសសុំទោសសុំពៃរ៍ពីស្រីតូចទើបតែភ្ញាក់ នៅមានញញឹមស្រស់អត់មិនឱ្យអ្នកសម្លឹងដូចជាស្រីតូចរអៀសចិត្តមិនបាន។
«មិនអីទេ! គឺខ្ញុំទៅវិញទេដែលរំខានពួកលោក» ប៉ាយលីតបទាំងញញឹមស្រទន់តាមទម្លាប់របស់ខ្លួន តែការញញឹមរបស់នាង ឱ្យអ្នកខ្លះដែលមិនត្រូវជាអ្វីទៅជាមិនពេញចិត្តតែម្ដង នេះតាមចិត្តខឹងសឹងតែហក់ដាល់អាមិត្តចង្រៃប៉ិនជ្រៀតជ្រែកនឹងទេ ឱ្យដឹងថាកុំចេះតែរាងមន្ដដាក់កូនឆ្មារបស់គេផ្ដេសផ្ដាស។
ក្រមុំតូចសម្លឹងមើលឆ្វេងស្ដាំរកមើលមិត្តសម្លាញ់ តែកែវភ្នែកបែរជាប្រទះនឹងអាវក្រៅរបស់អ្នកណាក៏មិនដឹង គ្របពីលើរាងកាយរបស់ខ្លួន ចិញ្ចើមរៀវស្អាតជ្រួញចូលគ្នាដោយការសង្ស័យ មុននឹងងាកទៅសម្លឹងមុខមាំប្រុសកំលោះទាំងពីរដោយការចង់ដឹង។
«អាវ...»
«ជារបស់ខ្ញុំ!» ទឹកមុខឆ្ងល់របស់នាងទោះមិនសួរក៏អាចឱ្យអ្នកខ្លះដឹងថានាងចង់សួរពីអ្វីដូចគ្នា និកលូកទៅយកអាវរបស់ខ្លួនមកវិញ នៅមានបោះទៅលើសាឡុងម្ខាង ដើរទៅអង្គុយនៅតុធ្វើការធ្វើមិនដឹង ឫកពាកំណាចហាក់មិនពេញចិត្តរបស់គេសាងភាពភ័យខ្លាចដល់រាងតូចមិនតិចនោះទេ។
«គេតែប៉ុណ្ណឹងឯងនាងកុំប្រកាន់អី» ឡឺវីស៍ស្ញេញចូលមកអង្គុយក្បែរស្រីតូចតែភ្នែកវិញមិនភ្លេចដៀងទៅមើលអ្នកខ្លះនៅតុធ្វើការ ទឹកមុខក្រញូវដូចគេចង់បាញ់អីចឹង។ ឃើញបែបនេះហើយលោកគ្រូពេទ្យសង្ហាកាន់តែចង់ញ៉ោះគេលើសដើម «អ្នកនាងឈ្មោះអីដែរ?» មិនមែនសួរតែមាត់ទេណា នៅមានខិតមកអង្គុយឱ្យកៀកនាងធ្វើដូចស្និទ្ធស្នាលគ្នាណាស់អីចឹង ចង់ប្រាប់ថាគេមិនបានចង់បន្លំនាងទេ គ្រាន់តែចង់ពន្យុះចិត្តអ្នកខ្លះតែប៉ុណ្ណោះ។
«ខ្ញុំឈ្មោះ តុង ប៉ាយលី! អ្នកប្រុសអាចហៅខ្ញុំថា ប៉ាយលី ក៏បានដែរ» ស្នាមញញឹមស្រទន់រាប់ញាតិមួយនេះនៅតែមិនចោលដដែល។
«ប៉ាយលី! ឈ្មោះពិរោះដល់ហើយសមនឹងរូបរាងនាងខ្លាំងណាស់» ឡឺវីស៍រៀបរាប់ទាំងបង្ហាញឫកពាភ្លើតភ្លើន ហាក់កំពុងឈ្លក់វង្វេងនឹងឈ្មោះរបស់នាងមែនទែនអីចឹង ពូកែសម្ដែងខ្លាំងណាស់ឃើញហើយចង់តែឱ្យរង្វាន់ជាកណ្ដាប់ដៃអីបានសម។
«អរគុណអ្នកប្រុសខ្លាំងណាស់» ព្រោះមើលទៅមិនថាជាការស្លៀកពាក់ឬសូម្បីតែសម្ដីសំដៅអ្នកចំពោះមុខក៏មានភាពថ្លៃថ្នូរ ទើបមនុស្សមានសុជីវធម៌ល្អហៅគេដោយសព្វនាមផ្ដល់កិត្តិយសតែម្ដង។
«អេ៎! អ្នកប្រុសអីទៅ! នាងមិនមែនជាអ្នកបម្រើនៅផ្ទះខ្ញុំទេ... នាងក្មេងយ៉ាងនេះហៅខ្ញុំថាបងប្រុសចុះ ឬហៅថាបងឡឺវីស៍ក៏បានដែរ» កាន់តែនិយាយគេមានអារម្មណ៍ថាកាន់តែចូលចិត្តនាងទៅហើយ តែការចូលចិត្តរបស់គេបែរជាមិនចូលភ្នែករបស់ម្ចាស់បន្ទប់ទៅវិញ។
«ឡឺវីស៍!!» ដោយទ្រាំលែងបាននឹងឫកពាពូកែញ៉េះញ៉ោះរបស់លោកដុកទ័រ និកដែលខំតាំងចិត្តដាក់កាយធ្វើិមិនដឹងមិនឮ ក៏គ្រហឹមសំឡេងកាចធ្វើឱ្យស្នាមញញឹមកំលោះក្រមុំទាំងពីររលត់ដោយឯកឯង ត្រូវងាកទៅសម្លឹងគេដោយខានមិនបាន។ ឫកពាមួយនេះជារឿងធម្មតាសម្រាប់លោកគ្រូពេទ្យទៅហើយ តែវាសាងការភ័យខ្លាចដល់ស្រីតូចមិនដឹងអីដូចជា ប៉ាយលី មិនតិចទេ។
«វាស្អីឯង? ធ្វើតែការងាររបស់ឯងទៅ កុំមករំខានពួកយើងនិយាយគ្នា» ស៊កសៀតឌឺដងឱ្យអ្នកខ្លះហើយ លោកដុកទ័របែរមកញញឹមដាក់ក្រមុំតូចក្បែរដៃវិញ ចេតនាញ៉ោះកំហឹងអាខ្លះហ្នឹងហើយ។
«តែឯងវាមកតាប៉ែនៅក្នុងបន្ទប់របស់យើង!» ស្ដីឱ្យមិត្តសម្លាញ់តែក៏មិនភ្លេចសម្លឹងកាចមិនពេញចិត្តដាក់ស្រីតូចដូចគ្នា! ថាទៅមើលអាចឱ្យគេពេញចិត្តបានទេនេះជាបន្ទប់របស់គេ បែរជានាំគ្នាមកចែប៉ព្រែបែបនេះ។ នៅមាននាងទៀតជាមួយគេ ឫកធ្វើពាណាស់មិននិយាយរកទេ តែជាមួយអាគ្រូពេទ្យសម្អុយនោះបែរជានិយាយគ្នាសើចសប្បាយ ធ្វើដូចស្គាល់គ្នាតាំងពីពេលណាអីចឹង ទាំងដែលនាងស្គាល់គេមុនសោះហ្នឹង។
ហើយថី? ប្រឹងរៀបរាប់មកធ្វើស្អី? កុំប្រាប់ណា៎ថាប្រចណ្ឌគេហើយ? គេមិនបានប្រចណ្ឌទេគ្រាន់តែយល់ថាមិនសមតែប៉ុណ្ណោះ។
«ហើយឯងចង់យ៉ាងម៉េច?» លោកគ្រូពេទ្យសង្ហាសួរបកទៅវិញលោកប្រធានក្រុមហ៊ុនវិញ កែវភ្នែកកាចពីរគូប៉ះគ្នាអ្នកមិនដឹងច្បាស់ជាគិតថានឹងមានសង្គ្រាមកើតឡើងមិនខានទេ តែតាមពិតទៅទោះជាពួកគេសម្លឹងដល់ជ្រុះគ្រាប់ភ្នែករាងខ្លួនទៀតក៏មិនអាចវាយតប់គ្នាដែរ។
«បងឡឺវីស៍!» សម្លក់មិនទាន់បានចុកគ្រាប់ភ្នែករៀងខ្លួនផងសំឡេងតូចស្រួយរបស់អ្នកជនទីបួនបន្លឺកាត់សង្គ្រាមកែវភ្នែកបាត់ទៅហើយ។
«នីយ៉ា! ឯងទើបតែមកពីណា?» គឺជាប៉ាយលីដែលស្ទុះទៅរកអ្នកម្ខាងទៀតដោយការព្រួយបារម្ភលាយឡំនឹងចង់ដឹង តែបែរជាមិនខឹងពេលដែលត្រូវទុកចោលបែបនេះ។
«គឺខ្ញុំដើរទិញអីវ៉ាន់ភ្លេចខ្លួនហ្នឹងណា៎! សុំទោសផងដែលទុកឯងចោលយូរបែបនេះ! ពីដំបូងគិតថានាំឯងទៅញ៉ាំអី តែមើលទៅមិនបាច់ទេពួកយើងទៅធ្វើអីញ៉ាំក្នុងបន្ទប់ពីរនាក់វិញល្អជាង ខ្ញុំបានទិញគ្រឿងផ្សំហើយអស់ហើយ» នីយ៉ា បែរក្រោយឱ្យប៉ាយលីឃើញថង់បីបួននៅខាងក្រោយខ្នង មានពីទ័រជាអ្នកយួរឱ្យ! មនុស្សល្បិចឱនមើលអ្នកចំពោះមុខ ជាមួយស្នាមញញឹមច្រឡើមលាយឡំទឹកមុខហាក់ដូចជាដឹងខុស ទាំងដែលការពិតមានគំនិតចង់ឱ្យ មិត្តសម្លាញ់បាននៅតែពីរនាក់បងប្រុសសោះហ្នឹង។
«ខ្ញុំមិនបានថាអីទេ! គ្រាន់តែបារម្ភដែលឯងទៅយូរបែបនេះ» នេះហើយជាចំណុចគួរឱ្យស្រលាញ់របស់នាង។
«ខ្ញុំមិនអីទេមានបងពីទ័រ ជួយមើលថែហើយ! តែថាបងឡឺវីស៍ម៉េចក៏បងនៅទីនេះដែរ?» នីយ៉ាញញឹមចូលមកអង្គុយក្បែរប្រុសក្រៅខោរបស់ខ្លួន។
«បងមកលេងអាស្វាព្រៃម្នាក់នេះ!» ឡឺវីស៍ញញឹមច្រឡើមវាយចិញ្ចើមដាក់ម្ចាស់បន្ទប់ ខណៈដែលសាមីខ្លួននៅមិនឈប់សម្លក់គេ សឹងតែហក់ខោកអាគ្រូពេទ្យសម្អុយម្នាក់នេះទេ! តាមពិតទៅគេមិនបានមកលេងធម្មតាឡើយ តែគេមានការងារសំខាន់ត្រូវនិយាយគ្នានឹងអាលោកប្រធានទោវិញទេ ជាកិច្ចការដែលត្រូវពិភាក្សាគ្នាដោយខានមិនបាន។
«អ៊ីចឹងពួកបងនិយាយគ្នាទៀតចុះ ពួកខ្ញុំលែងរំខានពួកបងហើយ តស់! ប៉ាយលីពួកយើងត្រលប់ទៅវិញ!» នីយ៉ា ដឹកដៃមិត្តសម្លាញ់របស់ខ្លួនដើរចេញទៅមិនហ៊ាននៅរំខានពេលបងប្រុសយូរជាងនេះ ម្យ៉ាងនាងក៏ទុកពេលឱ្យពួកគេទាំងពីរនៅជាមួយគ្នាយូរគួរសមដែរហើយ ហុ ហុ...!

YOU ARE READING
???????????? ?????????????
Romance??????? ????? ?????? ?????????? ??????????????????????????????????? ??????????????????????????????????????????? ??...??????????????????????? ????????????????????????????????? ??????????????????????????????????! ???????????????????????????? ??????...