«ចាសសួស្ដី» ប៉ាយលីដែលរួសរាយស្រាប់ ក៏ប្រញាប់ញញឹមរាក់ទាក់ទៅអ្នកនៅមុខបន្ទប់វិញ នៅមានភ្នែកសម្លឹងពួកនាងមិនដាក់ភ្នែកទាំងនឹកសរសើរនិងសង្ស័យព្រមគ្នា។
«តើពួកខ្ញុំអាចចូលទៅក្នុងបានទេ?» ស្រីស្អាតម្នាក់សុំអនុញ្ញាតពីប៉ាយលី ដែលគិតតែឈរភ្លឹកមើលមកពួកនាង ប្រយោគសុំមុននេះទាញស្មារតីភ្លឹករបស់ប៉ាយលីឱ្យត្រលប់មកវិញ។
«អ៎! ចាស... ពួកនាងចូលមក» ប៉ាយលីប្រញាប់ងាកខ្លួនចេញពីមាត់ទ្វារបន្ទប់ ទាំងរាដៃឱ្យក្រមុំទាំងពីរបានចូលមកក្នុងបន្ទប់គេងរបស់ខ្លួន។
ស្រីស្រស់ទាំងពីរដើរចូលមកបែបស្រីស្អាត ជាមួយកែវភ្នែកសម្លឹងជុំវិញបន្ទប់គេងចំពោះមុខ ព្រមទាំងបញ្ឈប់ក្រសែភ្នែកដំណាលគ្នានឹងរាងតូចអ្នកណាម្នាក់ ដែលកំពុងសម្លឹងមើលមកពួកគេមិនដាក់ភ្នែក។ ក្រសែភ្នែកបីគូសម្លឹងគ្នាមិនព្រិចបែបថាកំពុងពិចារណាគ្នារៀងខ្លួន តែពិចារណាបែបណា មានគំនិតបែបគ្មានអ្នកផ្សេងបានដឹងក្រៅពីសាមីខ្លួននោះទេ។
«សួស្ដី! នាងស្អាតខ្លាំងណាស់» ស្រីស្អាតក្នុងចំណោមពីរនាក់នោះញញឹមសរសើរនីយ៉ា ខណៈដែលសាមីខ្លួនប្រឹងញញឹមតបវិញ ទាំងមិនទាន់រលុបគំនិតអ្វីម្យ៉ាងនៅក្នុងចិត្ត។
«អរគុណ! អ្នកនាងក៏ស្អាតដែរ» នីយ៉ាញញឹមសើរៗតបសំឡេងស្រាលទៅកាន់អ្នកខាងនោះវិញ។
«ខ្ញុំឈ្មោះ ប៊ែលឡា គីលដាន់តា ហើយចំណែកនេះ...» មិនចាំបាច់ម្ចាស់បន្ទប់សួរនាំ ភ្ញៀវដែលមិនបានអញ្ជើញក៏ធ្វើការណែនាំខ្លួន ដោយឫកពាជឿជាក់ចេញមកតែម្ដង។
«ខ្ញុំគឺ ស្ទេឡា អាល់បេរ៉ូ» ស្រីស្រស់ទាំងពីរញញឹមណែនាំខ្លួនឯងទៅកាន់ម្ចាស់បន្ទប់រូបស្រស់ទាំងពីរ ដូចគ្នានឹងម្ចាស់បន្ទប់ក៏ញញឹមតបវិញតែប្រហែលមានតែប៉ាយលីម្នាក់ប៉ុណ្ណោះដែលញញឹមស្រស់នោះ។
«ខ្ញុំឈ្មោះ តុង ប៉ាយលី ហើយនេះគឺ នីយ៉ា ប៊ែនស្តីន» ព្រោះមើលទៅមិត្តសម្លាញ់មិនដូចជាមិនចង់និយាយស្ដី ប៉ាយលីជួយយកអាសាណែនាំខ្លួនឱ្យជំនួសអ្នកម្ខាងទៀត។
«អ្នកទាំងពីរស្អាតណាស់» ប៊ែលសរសើរព្រមជាមួយស្នាមញញឹមជាមិត្តមើលទៅបែបគ្មានពុតត្បុតអ្វីបើគ្មានអ្នកណាសង្កេតច្បាស់។
«អរគុណ! តែថាអ្នកទាំងពីរស្អាតជាងពួកខ្ញុំទៅទៀត» ស្រីស្អាតប៉ាយលីតបទឹកមុខស្មើធេង។ ដឹងថាហេតុអ្វីដែរទេ? ពាក្យស្អាតទាំងនេះនាងស្ដាប់ឡើងធុញទៅហើយ វាដូចជាប្រយោគសន្ទនាទូទៅអីចឹង គេចង់សរសើរក៏សរសើរទៅព្រោះជាមាត់គេជាសិទ្ធគេ ដែលសំខាន់នាងមិនបានស្អាតអីណាស់ណាដូចពួកគេនិយាយផងហ្នឹង។
«ត្រូវហើយពួកយើងទាំងពីរគឺនៅបន្ទប់ជិតពួកនាងនេះឯង ក៏ឃើញថាអ្នកទាំងពីរជាសិស្សថ្មីដូចពួកយើងដែរ ទើបគិតចង់មកនិយាយរាក់ទាក់ក្នុងនាមមិត្តរួមជំនាន់» ស្រីស្រស់ស្ទេឡាងាកមើលមិត្តសម្លាញ់មើលឆ្នាំរបស់ខ្លួន ទាំងសើចញញឹមបែបបង្កប់ន័យ។
«...» ម្ចាស់បន្ទប់ទាំងពីរមិនដឹងថានិយាយអ្វី ទើបបានតែសើចញឹមៗតបវិញ...ទេ! មិនមែនទេ មិនមែនទាំងពីរទេមានតែ ប៉ាយលីម្នាក់ប៉ុណ្ណោះដែលញញឹមតបនោះ។
នីយ៉ាអ្នកនាងតូចដែលមិនធ្លាប់យោគយល់ដល់អ្នកណា មិនពេញចិត្តគឺបង្ហាញឫកពាមិនពេញចិត្តឱ្យឃើញតែម្ដង ហុចផលឱ្យមនុស្សមានខ្លួនខ្លះទៅជារអៀសចិត្ត! មិនមែនរអៀសចិត្តទេហៅថាឃ្នើសចិត្តទើបត្រូវជាង មុខធ្វើដូចជាធម្មតាតែក្នុងចិត្តវិញចង់ហែកសាច់ស្រីតូចទៅហើយ។
«បើអ៊ីចឹងពួកខ្ញុំលែងរំខានពួកនាងហើយ! លាហើយណា៎...» ធ្វើខ្លួនជាអន់ចិត្តជាមួយឫកពាកំណាចនីយ៉ា រួចក្រមុំទាំងពីរបែរខ្លួនដើរចេញពីបន្ទប់ភ្លាមៗដូចគ្នានឹងប៉ាយលីឈរមើលពួកគេទាំងពីរចេញទៅ ទាំងទឹកមុខងឿងឆ្ងល់មុននឹងងាកខ្លួនបែរមករកអ្នកខ្លះក្បែរនេះ។
«ម៉េចក៏ធ្វើមុខបែបនេះ? ឃើញទេគេរត់អស់ហើយ» មិនមែនស្ដីបន្ទោសគ្រាន់តែឆ្ងល់នឹងអ្នកខ្លះ ដែលសើចស្រស់ និយាយប៉ប៉ោចសុខៗ ទៅជាមុខងាប់មួយរំពេចបែបនេះ។
«ខ្ញុំមិនចូលចិត្តស្រីពីរនាក់នោះទេ!» ឱ្យនាងចូលចិត្តបានយ៉ាងម៉េចទៅ បើមុននេះនៅកន្លែងញ៉ាំអី អង្គុយសម្លក់សម្លឹងពួកនាងមិនឈប់ភ្នែក តែមិនទាន់ដឹងស្អីផងបែរជាមកធ្វើខ្លួនដូចមនុស្សល្អអីណា ឃើញហើយគួរឱ្យជ្រេញតែម្ដង។
«ឯងនេះយ៉ាប់ណាស់! ពួកគេទៅធ្វើអីឯងបានជាមិនចូលចិត្តគេ» ប៉ាយលីដែលមិនដឹងរឿងស្ដីឱ្យអ្នកខ្លះសំឡេងស្រាល។
«មិនដឹងទេ! តែបានឃើញមុខហើយស្អប់តែម្ដង» នីយ៉ាខ្ជិលបកស្រាយច្រើនបានត្រឹមិយាយចាក់បណ្ដោយតាមហ្នឹង ព្រោះដឹងថាបើនិយាយទៅក៏អ្នកខ្លះដែលគិតគ្រប់យ៉ាងក្នុងផ្លូវល្អមិនព្រមជឿខ្លួនងាយៗដែរ ដូច្នេះមិននិយាយអ្វីវាល្អជាងនិយាយ។
«ទើបតែស្គាល់គេសោះហ្នឹង! ហើយម៉េចក៏ស្អប់គេកើត? ឯងនេះចំមែនហើយ!» ប៉ាយលីគ្រវីក្បាលហួសចិត្តនឹងភាពទំនើងរបស់អ្នកខ្លះ ថាស្រួលគឺស្រួលហើយ តែអាទំនើងនេះក៏ម្យ៉ាងដែរ។
«ហូយ! មិនដឹងទេ! តែស្អប់គឺស្អប់ហើយ ឈប់និយាយជាមួយឯងហើយទៅងូតទឹកវិញល្អជាង» ថាចប់នីយ៉ាដើរចូលទៅបន្ទប់ទឹកធ្វើមិនដឹង ទុកឱ្យប៉ាយលីបានត្រឹមតែឈរម៉ង់ៗតែម្នាក់ឯងកណ្ដាលបន្ទប់។
ងាកមកមើលក្រមុំទាំងពីរមុននេះវិញ គ្រាន់តែមកដល់បន្ទប់របស់ខ្លួនអ្វីដំបូងដែលធ្វើគឺទឹកមុខជ្រេញបែបថាស្អប់ខ្ពើមអ្នកដទៃទៅតាមចរិតរបស់ខ្លួន រឹតតែជាស្រីស្អាតទាំងពីរដែលជាគូប្រជែងថ្មីរបស់ខ្លួនបែបនេះ កាន់តែធ្វើឱ្យពួកនាងមិនពេញចិត្តតែម្ដង។
«ឆឹស! យើងស្មានថាស្អាតណាស់ណា តាមពិតគ្មានស្អីអស្ចារ្យផង បើជានាងនីយ៉ាស្អីនោះវិញធ្វើដូចជាមានតែឯងអ៊ីចឹង ឃើញហើយចង់តែចាប់ទះឱ្យដឹងណាណីទេ គួរឱ្យស្អប់ខ្លាំងណាស់!» នឹកឃើញទឹកមុខនីយ៉ាសម្ដែងចេញមិនពេញចិត្តខ្លួនមុននេះកែវភ្នែកមុត្រស្រួចរបស់ប៊ែលឡា ប្រែជាកំណាចភ្លាមតែម្ដងឃើញហើយអត់ខ្លាចញញើតមិនបាន។
«ហ៊ឹះ! បើថាឱ្យស្អាតក៏ស្អាតមិនបានមួយចំណិតពួកយើងផង កោតពួកអាប្រុសអស់នោះមើលឃើញស្អាតទៅកើត! ចំជាខ្វាក់ភ្នែកមែន!» ស្ទេឡានិយាយបន្តបន្ថែមដោយបង្ហាញរកពាមិនខុសពីប៊ែលឡាប៉ុន្មាន។
«ពួកវាគ្មានស្អីល្អជាងយើងទេ» មនុស្សដែលមិនព្រមឱ្យខ្លួនឯងនៅឈរក្រោមអ្នកណា ពោលឡើងយ៉ាងក្រអឺតដំណាលគ្នានឹងទឹកមុខកំណាចបង្កប់ពិសមកជាមួយ។
«ឈប់និយាយពីពួកអស់នោះទៅ យើងចង់ងូតទឹកហើយមានអារម្មណ៍៍ថាជាប់ក្លិនស្អុយមកយ៉ាងម៉េចក៏មិនដឹងទេ» ស្ទេឡាធ្វើមុខជូរខ្ពើមរអើមចេញមកដៃតូចដោះសម្លៀកបំពាក់ជាប់ខ្លួនចូលទៅក្នុងកន្រ្តកក្បែរនោះ ទាំងមិនដៀងភ្នែកមើលស្ដាយស្រណោះស្អីទាំងអស់ ដើរចូលបន្ទប់ទឹកប្រញាប់ជម្រះកាយរបស់ខ្លួនធ្វើដូចជាប់ក្លិនប្រឡាក់ស្អុយមែនអីចឹង។
ចំណែកប៊ែលឡាឯណេះវិញ ក៏មិនខុសពីមិត្តសម្លាញ់ប៉ុន្មានដែរ គឺដោះបោះចោលតែម្ដង បន្សល់ទុកត្រឹមខោអាវក្នុងជាប់លើខ្លួនប្រាណ នេះហើយគឺពួកនាងរបស់មិនចូលចិត្តគឺសុទ្ធតែគួរឱ្យខ្ពើមរអើមទាំងអស់ហ្នឹង ក៏មិនគួរទុក្ខឱ្យទើសមុខដូចគ្នា។
រាងកាយ-សខ្ចីដូចជាសំឡី មានត្រឹមកន្សែងពោះគោរុំជាប់ខ្លួនតោងទាមជាប់ដោយតំណក់ទឹកតូចៗលើស្បែក សាងរូបឱ្យអ្នកដែលស្អាតស្រាប់នោះមើលទៅកាន់តែស្អាតទាក់ភ្នែកមួយបែបទៀត។ នេះសំណាងហើយដែលក្នុងបន្ទប់គ្មានមនុស្សប្រុសនោះ មិនអីចឹងច្បាស់ជាមានហេតុការណ៍រំលោភបូកមិនខានទេ បើទាំងស្អាតទាំងទាក់ទាញម្លឹងៗ តែស្រីគ្នាឯងដូចជាអ្នកខ្លះក៏តាមសម្លឹងឡើងស្រក់ទឹកមាត់ទៅហើយ។
«ស្ដាយណាស់ដែលខ្ញុំជាមនុស្សស្រី នេះខ្ញុំបើជាប្រុសវិញ ខ្ញុំនឹងតាមញ៉ែឯងទាំងថ្ងៃទាំងយប់ហើយ! មើលចុះ! មួយតួខ្លួននេះស្អាតគ្មានកន្លែងទាស់ទេឯងនេះ» នីយ៉ាសរសើរអ្នកចំពោះមុខទាំងទឹកមុខរំភើប ត្រេកអរជំនួសសម្រស់អ្នកខ្លះ ថ្នាក់សាមីខ្លួនទៅជាគ្រវីក្បាលអស់សំណើច។
«ហ៊ឹសៗ មានតែឯងម្នាក់ទេដែលភ្នែកខ្វាក់មើលឃើញខ្ញុំស្អាតនោះ» មិនមែនថាមិនត្រេកអរនឹងសម្ដីសរសើរ គ្រាន់តែស្ដាប់ហើយមានអារម្មណ៍ថាខ្មាសៗយ៉ាងម៉េចក៏មិនដឹង ទើបរាល់ពេលដែលមានអ្នកណាមកសរសើរ នាងតែងតែរកលេសតបទៅវិញ។

YOU ARE READING
???????????? ?????????????
Romance??????? ????? ?????? ?????????? ??????????????????????????????????? ??????????????????????????????????????????? ??...??????????????????????? ????????????????????????????????? ??????????????????????????????????! ???????????????????????????? ??????...