抖阴社区

???????

2 0 0
                                    

«ប៉ុន្តែខ្ញុំមិនបានស្រលាញ់គាត់ឡើយ អ៊ីចឹងហើយឯងអាចញ៉ែគាត់បាន» ប៉ាយលីរុញរាងកាយតូចរបស់នីយ៉ាចេញបន្តិច មុននឹងនិយាយឡើងមកដោយទឹកមុខជាប់កំប្លែង។
«ឆ្កួតហើយឯង! ខ្ញុំជាស្រីណា៎! ឯងឱ្យខ្ញុំទៅញ៉ែគាត់បានយ៉ាងម៉េច គ្រាន់តែគិតក៏... អូយយ ចង់ឆ្កួតដែរ» នីយ៉ាលើកដៃខ្ទប់ក្បាលខ្លួនឯង គ្រាន់តែគិតក៏ឈឺក្បាលដែរ។
«ខ្ញុំមិនបានឱ្យឯងទៅចែប៉ប្រែគាត់ស្អីបែបហ្នឹងទេ គឺគ្រាន់តែទៅសារភាពត្រង់ៗប្រាប់គាត់ទៅគឺបានហើយ» នាងពូកែតែឱ្យយោបល់គេទេ តែបើឱ្យនាងទៅធ្វើខ្លួនឯងក៏នាងមិនហ៊ានដូចតែគ្នាហ្នឹង ហុហុ...
«សារភាពអីចឹងហ្អេស?» នីយ៉ាបើកភ្នែកធំសឹងតែលាននឹងសម្ដីផុយៗរបស់ប៉ាយលី។
«អឹម...ឮថា៥ខែទៀតគាត់បញ្ចប់ការសិក្សាហើយ ដូច្នេះពួកគាត់ច្បាស់ជារៀបចំកម្មវិធីជប់លៀងអបអរស្អីអស់នោះ ដល់ពេលនោះឯងរកឱកាសល្អទៅសារភាពប្រាប់គាត់ទៅ»
«ចុះបើសារភាពហើយបរាជ័យវិញនោះ?» មួយសំណួរមុននេះមិនត្រឹមតែម្ចាស់សំណួរទេដែលប្រែទឹកមុខ សូម្បីតែអ្នកស្ដាប់ដូចជាប៉ាយលីក៏ផ្លាស់ប្ដូរទឹកមុខដូចគ្នា។
«បើបរាជ័យឯងក៏រកឱកាសសារភាពប្រាប់គាត់ម្ដងទៀតទៅ សារភាពដដែលៗទៅ! មិនជឿថាសារភាព១០០ដងបរាជ័យទាំង១០០ដងនោះទេ» ប៉ាយលីនិយាយទាំងទឹកមុខជឿជាក់ធ្វើឱ្យនីយ៉ាត្រូវអស់សំណើចតាម។
«ល្អ! សម្រេចថាខ្ញុំនឹងសាកប្រថុយតាមឯងប្រាប់ទៅចុះ» នីយ៉ានិយាយទាំងញញឹមស្រស់ឡើងវិញ មុននឹងកែវភ្នែកមុតស្រួច សម្លឹងជ្រៅទៅផ្ទៃតូចស្អាតរបស់អ្នកចំពោះមុខ ហើយការសម្លឹងរបស់នាងសាងឱ្យសាមីខ្លួនត្រូវសួរដោយការសង្ស័យ។
«ម៉េចក៏ឯងសម្លឹងមុខខ្ញុំបែបនេះ? មុខរបស់ខ្ញុំមានប្រឡាក់អ្វីមែនទេ?» ដៃតូចស្រឡូនលើកមកស្ទាបមុខខ្លួនឯងចុះឡើង។
«កុំប្រាប់ណា៎ថាកាលដែលឯងគ្មានចិត្តចំពោះគាត់ ព្រោះតែឯងដឹងថាខ្ញុំស្រលាញ់គាត់ឱ្យសោះណា៎?» មិនដឹងថាហេតុអីទេបានជានាងគិតបែបនេះ តែនាងក៏មិនចង់ឱ្យព្រោះតែខ្លួន ដែលជាមូលហេតុបំបែកបំបាក់ស្នេហារបស់អ្នកណាម្នាក់ដែរ។
«ឆ្កួត! មិនមែនបែបនេះទេ ឯងកុំគិតច្រើនពេកបានទេ» ប៉ាយលីដឹកដៃមិត្តសម្លាញ់ដើរទៅអង្គុយនៅលើគ្រែគេងនៅក្បែរនោះ។
«អ៊ីចឹងបែបណាវិញទៅ?» នីយ៉ានៅតែសួរដេញដោលប៉ប៉ោចមិនឈប់តាមចរិតរបស់ខ្លួន។
«គ្មានបែបណាទេ!» ប៉ាយលីបដិសេធព្រមទាំងងាកមុខគេចចេញពីការសម្លឹងក្នុងន័យចាប់កំហុសរបស់អ្នកចំពោះមុខ។
«កុំគេចមុខខ្ញុំណា៎ប៉ាយលី! ប្រាប់ភ្លាមមកវាបែបណាវិញ? ឬមួយក៏ដូចអ្វីដែលខ្ញុំគិត?» នីយ៉ាជ្រិបភ្នែកសម្លឹងមើលទៅមុខតូចស្រទន់របស់ប៉ាយលីដោយការចាប់កំហុស។
«ឯងកំពុងគិតអី?» មិនខុសពីនីយ៉ា ប៉ាយលីសម្លឹងមុខអ្នកម្ខាងទៀតមិនប្រិចភ្នែកដូចគ្នា។
«គឺឯងលួចស្រលាញ់បងនិកហ្នឹងអី» 
«...» ប៉ាយលីមិនបានតបអ្វីក្រៅតែពីញញឹមអឹមអៀន ឡើងក្រហមមុខក្រហមមាត់អស់។
«នែៗ ប្រាប់ភ្លាមមក! ខ្ញុំប្រាប់ឯងរួចហើយថាខ្ញុំលួចស្រលាញ់សិស្សច្បងរ៉ូណាល់ អ៊ីចឹងឯងគួរតែប្រាប់ខ្ញុំវិញម្ដងហើយថាឯងលួចស្រលាញ់អ្នកណា»
«អឹម» បដិសេធលែងបានក៏មិនគិតនឹងលាក់បាំងបន្ត ប៉ាយលីតបទាំងតឹងបំពង់ផ្អឹស។
«ដែលអឹមនេះមានន័យថាយ៉ាងម៉េច?» ទាំងដែលដឹងហើយតែនាងនៅតែសួរដេញដោលចាក់ឫសជីកគល់ទៀត។
អេ៎! គឺនាងជាមនុស្សចូលចិត្តច្បាស់លាស់នោះអី ហុហុ...
«គឺខ្ញុំលួចស្រលាញ់បងនិក» ប៉ាយលីប្រាប់ត្រង់ៗឱ្យអ្នកស្ដាប់ញញឹមបិទមាត់មិនជិត។
«អា៎! ខ្ញុំថាហើយថាឯងពិតជាលួចស្រលាញ់តាចាស់នោះពិតមែន... អេ៎! មិនបានទេខ្ញុំត្រូវតែខលទៅប្រាប់ដំណឹងល្អនេះដល់គាត់សិន» នីយ៉ាឈោងទៅយកទូរសព្ទរបស់ខ្លួនគោលបំណងនឹងខលទៅប្រាប់និក តែត្រូវប៉ាយលីកញ្ឆក់យកពីដៃរបស់នាងមកវិញទាន់។
«កុំ...កុំអីណានីយ៉ា! ឯងមិនអាចប្រាប់គាត់ពីរឿងនេះបានទេ»
«ហេតុអីមិនបាន? ខ្ញុំមើលដឹងណា៎! ថាបងប្រុសរបស់ខ្ញុំគាត់ក៏ពេញចិត្តឯងដូចគ្នា»
«រឿងនេះខ្ញុំដឹង ប៉ុន្តែ...ប៉ុន្តែខ្ញុំគ្រាន់តែចង់ឱ្យទុកពេលវេលាសម្រាប់ខ្លួនដើម្បីស្វែងយល់ពីអារម្មណ៍មួយនេះច្បាស់ជាងនេះតែប៉ុណ្ណោះ» នាងច្បាស់ពីចិត្តរបស់ខ្លួនឯងហើយ គ្រាន់តែនាងមិនប្រាកដពីចិត្តរបស់អ្នកម្ខាងទៀត ថាគេអាចច្បាស់លាស់ជាមួយនឹងនាងបានប៉ុណ្ណាឱ្យប្រាកដទៅវិញទេ។ មិនដឹងថាគេចាប់អារម្មណ៍នាងពិតមែនឬក៏គ្រាន់តែចង់លេងសើច គេទាំងមានទាំងសង្ហាស្រីក៏ច្រើន ម្យ៉ាងរវាងគេនឹងនាងវាហាក់ដូចជាមានរនាំងខណ្ឌចែកជាពីរ។
«អូខេៗ ខ្ញុំព្រមតាមឯងក៏បានដែរ តែសន្យានឹងខ្ញុំណា៎ឯងត្រូវតែប្រញាប់ប្រាប់ពីអារម្មណ៍របស់ឯងដល់គាត់ ព្រោះបងប្រុសរបស់ខ្ញុំសង្ហាណាស់បើឯងនៅតែរេរាទៀត ប្រយ័ត្នតែមានស្រីផ្សេងដណ្ដើមទៅបាត់ខ្ញុំមិនទទួលខុសត្រូវទេណា៎»
«ហិហិ! អូខេខ្ញុំសន្យា... បានហើយយប់ណាស់ហើយឆាប់គេងទៅ ខ្ញុំទៅរៀបចំចានឆ្នាំង ន្អាលងូតទឹកចូលគេង»
ជុប!
និយាយរួចប៉ាយលី ប្រញាប់ឱនទៅចំពិតថ្ពាល់ទន់នីយ៉ា មួយខ្សឺតជាការយកចិត្តបើមិនប្រញាប់យកចិត្តទេស្រួលមិនស្រួល អាថ៍កំបាំងរបស់នាងច្បាស់ជាបែកធ្លាយឮដល់ត្រចៀកអ្នកដែលនាងមិនចង់ឱ្យដឹងជាមិនខាន។
«សំណាងហើយឯងថើបខ្ញុំ បើថើបបងប្រុសរបស់ខ្ញុំយប់នេះធានាថាឯងច្បាស់ជាមិនបានគេងជាមិនខានទេ ហិហិ...» និយាយបង្អាប់ធ្វើឱ្យអ្នកខ្លះចាប់មុខក្រហមជាថ្មីម្ដងទៀត។
«ឆ្កួត!» តបតែប៉ុណ្ណឹង ប៉ាយលីក៏រត់ត្រុយចេញទៅបាត់ មិនចង់នៅក្បែរអ្នកខ្លះបន្តទៀត ខ្លាចថាត្រូវបង្អាប់រហូតនាងត្រូវជ្រែកដីគេចចេញពីកន្លែងនេះក៏ថាបាន។
ឫកពាខ្មាសអៀនរបស់នាង នីយ៉ាត្រូវគ្រវីក្បាលអស់សំណើចហួសចិត្ត។
«ហ៊ើយ! ខ្ញុំមិនដឹងថាបងព្រមស្រលាញ់ខ្ញុំវិញឬក៏អត់នោះទេ តែខ្ញុំនឹងព្យាយាមយកបេះដូងរបស់បងឱ្យបាន» ទោះបីជាពេលនេះនាងមានសង្ឃឹមត្រឹម១ភាគរយក៏ដោយ តែនាងក៏នៅតែចង់ប្រថុយនឹងវា ទោះយ៉ាងណាក៏ដោយឱ្យតែនៅមានសង្ឃឹមនាងក៏នៅតែមានឱកាស ហើយបើមានឱកាសនាងក៏មានសង្ឃឹមនឹងទទួលបានភាពជោគជ័យដូចគ្នា។

???????????? ?????????????Where stories live. Discover now