抖阴社区

???????

72 6 1
                                    

«ធ្វើមុខបែបនេះទៀតហើយ» និករអ៊ូនឹងទឹកមុខប្អូនស្រីរាល់ពេលឃើញទឹកមុខមួយនេះគេក៏ត្រូវលើកទង់-សចុះចាញ់ដោយខានមិនបាន ទោះជាគេផ្ដាច់ការបន្តិចពិតមែន តែគ្មានម្ដងណាដែលគេអាចយកឈ្នះប្អូនស្រីក្បាលខូចម្នាក់នេះបានទាល់តែសោះ។
«គឺមកពីបងហ្នឹង!» គ្រាន់តែបានបងប្រុសនិយាយអីចឹងភ្លាម នីយ៉ាបានដៃទម្លាក់បន្ទុកគ្រប់យ៉ាងដល់អ្នកម្ខាងទៀតភ្លែត។
«បានហើយៗ បងឈប់ឈ្លោះជាមួយឯងហើយ» និកនិយាយទាំងលើកដៃសុំចាញ់ប្អូនស្រីដោយចិត្តស្មោះ។
«មានន័យថាបងព្រមទៅធ្វើការហើយមែនទេ?» អ្នកនាងពៅសួរបញ្ជាក់ជាថ្មីម្ដងទៀតទាំងទឹកមុខសប្បាយចិត្ត ដែលសប្បាយចិត្តមិនមែនព្រោះបងប្រុសព្រមចុះចាញ់ខ្លួនតែម្យ៉ាងទេ តែសប្បាយចិត្តព្រោះដឹងថាបងប្រុសព្រមទៅធ្វើការនេះឯង។
«អឹម! តែពេលរៀបចំបន្ទប់ស្នាក់នៅហើយត្រូវខលទៅរកបងភ្លាមដឹងទេ នៅមានទៀត...» អ្នកប្រុសកំលោះបម្រុងនិយាយបន្ត តែកូនស្វាក៏សួរកាត់មុនតាមដោយបើកភ្នែកម៉ក់ៗសម្លឹងមកបងប្រុស។
«នៅមានអីទៀត?» នីយ៉ាធ្វើមុខធ្វើមាត់មកព្រមជាមួយសំណួរ ទឹកមុខមួយនោះឱ្យនិកអត់សឹងមិនបាន ចង់តែចាប់គ្រញេចនាងឱ្យណាណី ប៉ិនណាស់អាខាងធ្វើមុខឌឺបែបហ្នឹង។
«នៅជាមួយអ្នកណាក៏ត្រូវប្រាប់បងដែរ! យល់ល្អនៅម្នាក់ឯងបានក៏នៅទៅ» អ្នកជាបងប្រុសនិយាយដោយការបារម្ភ ប៉ុន្តែន័យរបស់គេបែរជាឱ្យអ្នកស្ដាប់យល់ទៅន័យទៅវិញ។
«កុំប្រាប់ថាបងចង់ញ៉ែមិត្តរួមបន្ទប់របស់ខ្ញុំឱ្យសោះណា៎!» ប្អូនស្រីកំពូលដឹងចិត្តបង្អាប់បងប្រុសកំពូលព្រានបេះដូងថ្មរបស់ខ្លួន តែពាក្យបង្អាប់របស់នាងបែរជាត្រូវអ្នកជាបងប្រុសស្ដីឱ្យទៅវិញ។
«ក្មេងឡប់! បងបារម្ភពីឯងទៅវិញទេ» មែន! គេមិនបានកុហកទេដែលបញ្ជាមុននេះ ព្រោះបារម្ភពីប្អូនស្រីពិតមែនខ្លាចថានាងនៅរួមបន្ទប់ជាមួយមនុស្សមិនល្អ នាងច្រម៉ក់នេះស្លូតត្រង់ មិនដឹងអី ងាយជឿគេយ៉ាងនេះ បើមានមនុស្សចង់បោក ចង់ធ្វើបាបមិនពិបាកទេ។
ក្នុងជីវិតគេធ្លាប់បាត់របស់មានតម្លៃដល់ទៅពីរទៅហើយ ធ្លាប់ខ្វះភាពកក់ក្ដៅពីអ្នកមានគុណ ដូច្នេះគេមិនចង់បាត់របស់ក្នុងជីវិតបន្តទៀតទេ ក៏មិនចង់ឱ្យមនុស្សមានតម្លៃរបស់គេ រស់នៅក្នុងភាពកខ្វក់ជាមួយសង្គមអស់នេះដែរ ជីវិតស្លូតត្រង់មួយនេះសមរស់នៅជាមួយភាពល្អស្រស់ស្អាតតែប៉ុណ្ណោះ។
«ខ្ញុំចេះមើលថែខ្លួនឯងបានហើយ បងមិនបាច់បារម្ភច្រើនទេ! ឆាប់ទៅធ្វើការទៅក្រែងភ្ញៀវរង់ចាំយូរ» និកខំនិយាយបង្វែរចុះឡើងដើម្បីស៊ីពេលឱ្យបានយូរ តែចុងក្រោយក៏ត្រូវនាងច្រម៉ក់ហាមាត់ដេញម្ដងទៀតឱ្យទាល់តែបាន។
«បងទៅហើយមើលថែខ្លួនផង» បាតដៃមានកម្ដៅឈោងមកញីសក់ទន់រលោងប្អូនស្រីបន្តិច មុននឹងប្អូនមកជាអង្អែលថ្នមៗពេញដោយក្ដីស្រលាញ់ដែលមានចំពោះនាង។
«ចាសបងប្រុសជាទីស្រលាញ់» នីយ៉ាឆ្លើយតបមកវិញព្រមជាមួយស្នាមញញឹមស្រស់មុននឹង..
ជុប!
នីយ៉ាចំទើតចំពិតថ្ពាល់គ្រើមមួយខ្សឺតធំជាការលា ខណៈអ្នកជាបងប្រុសញញឹមបិទមាត់មិនជិតតែម្ដង និកខូលញីសក់របស់នាងជាថ្មីម្ដងទៀត មុននឹងដើរឡើងឡានដោយមានមនុស្សជំនិតដើរតាមពីក្រោយ។
នីយ៉ា សម្លឹងមើលបងប្រុសចេញទៅទាល់តែផុត ទើបអូសវ៉ាលីរបស់ខ្លួនដើរសំដៅទៅរកអាគារស្នាក់នៅ ដែលនៅរៀងឆ្ងាយគួរសមពីទីនេះដែរ ការបានមករៀននៅទីនេះជាបំណងប្រាថ្នារបស់នាងយូរមកហើយ ចង់មកបើកភ្នែកមើលពិភពលោកនៅខាងក្រៅនឹងគេខ្លះ មួយថ្ងៃៗនៅតែក្នុងរូងភ្នំជាមួយបងប្រុសឡើងធុញទៅហើយ។
«បន្ទប់លេខ៣៧៥ឬ?» នីយ៉ាអូសវ៉ាលីដ៏ធំរបស់ខ្លួនដើរសំដៅមករកបន្ទប់ដែលអ្នកគ្រូចាត់ចែងឱ្យរួចរាល់ជាស្រេច កែវភ្នែកថ្លាយង់សម្លឹងរកមើលលេខបន្ទប់ស្នាក់នៅរបស់ខ្លួន ហើយទីបំផុតនាងក៏មិនឈប់ជើងនៅពីមុខបន្ទប់ដែលខ្លួនត្រូវការ។
“មានមនុស្សនៅហើយឬ?” ចិញ្ចើមស្អាតជ្រួញចូលគ្នាបន្តិច មុនដំបូងក៏គិតថាទាញសោរមកចាក់ទ្វារបន្ទប់ តែពេលបានឮសំឡេងចេញពីខាងក្នុងបន្ទប់ នីយ៉ាត្រូវប្ដូរមកជាគោះទ្វារឱ្យសញ្ញាទៅវិញ។
តុក តុក!
អ្នកនាងតូចឈរចាំវត្តមានអ្នកខាងក្នុងដោយស្នាមញញឹមរំភើបចិត្ត...
«សួស្ដី!» សំឡេងស្រួយស្រទន់មកព្រមជាមួយទ្វារដែលបើកឡើង ឫកពាទន់ភ្លន់មួយនេះ សាងឱ្យអ្នកឈររង់ចាំនៅមុខបន្ទប់ ត្រូវសម្លឹងអ្នកចំពោះមុខមិនដាក់ភ្នែក នូវកិរិយាទន់ភ្លន់រាបសា រួសរាយរាក់ទាក់មកតែម្ដង នៅមានសម្រស់ល្អឥតខ្ចោះមួយនេះទៀត ថ្នាក់នាងជាស្រីដូចគ្នាឃើញហើយក៏អត់ច្រណែនមិនបាន។ «សួស្ដីនាងជាសិស្សមកថ្មីដែរមែនទេ?» ពេលអ្នកម្ខាងទៀតមិននិយាយអ្វី ប៉ាយលីក៏សួរនាំជាថ្មី នៅមានស្នាមញញឹមមួយនោះរីកមិនរោយទាល់តែសោះ។
«ចាស! អ្នកគ្រូប្រាប់ឱ្យខ្ញុំមកស្នាក់នៅបន្ទប់មួយនេះដែរ» មិនខុសពីអ្នកចំពោះមុខ នីយ៉ាដែលជាមនុស្សរួសរាយស្រាប់ និយាយទាំងញញឹមរាក់ទាក់ទោកាន់ស្រីស្រស់វិញដូចគ្នា។
«អ៊ីចឹងក៏ឆាប់ចូលមក! ខ្ញុំក៏ទើបតែមកដល់ដុចគ្នា នេះក៏កំពុងតែរៀបចំអីវ៉ាន់ដាក់តាមកន្លែង» ប៉ាយលីស្វាគមន៍មិត្តរួមបន្ទប់ថ្មី ព្រមទាំងជួយអូសវ៉ាលីអ្នកម្ខាងទៀតចូល ឫកពារាប់ញាតិជាងសត្រូវរបស់នាង សាងឱ្យអ្នកខ្លះរំភើបចិត្តមិនតិចនោះទេ។
ក្រមុំតូចទាំងពីរចូលមកដល់ក្នុងបន្ទប់់គេង មានទំហំល្មមរបស់ខ្លួន ជាបន្ទប់ដែលរៀបចំស្អាតមែនទែន នេះបានសមជាសាលាលំដាប់អន្តរជាតិរបស់គេមែនស្អាតគ្មានទាស់ភ្នែកនោះទេ។ នៅខណៈពេលសម្លឹងមើលជុំវិញបន្ទប់ នីយ៉ា ប្រទះនឹងមុខស្រទន់របស់អ្នកម្ខាងទៀតជាថ្មី សាងឱ្យអ្នកសម្លឹងត្រូវភ្លឹកស្មារតីម្ដងទៀតដោយមិនដឹងខ្លួន។
«នាងឈ្មោះអីដែរ?» បន្ទាប់ពីភ្លឹកមើលគេអស់ច្រើននាទី ទាំងសាមីខ្លួនគេមិនបានដឹងខ្លួនអីបន្តិច នីយ៉ាក៏ធ្វើជាអ្នករាក់ទាក់មុខតាមចរិតគួរឱ្យស្រលាញ់របស់ខ្លួន។
«ខ្ញុំឈ្មោះ តុង ប៉ាយលី ចុះនាងវិញ?» ប៉ាយលីរៀបរបស់បណ្ដើរឆ្លើយឆ្លងនឹងក្រមុំរូបស្រស់បណ្ដើរ ខុសពីអ្នកម្ខាងទៀតដែលអង្គុយលេងនៅលើគ្រែថ្វើមិនដឹង។ មិនមែននាងខ្ជិលអីទេ គ្រាន់តែមកពីដើរហត់ទើបនាងមិនទាន់ចង់ធ្វើភ្លាមៗតែប៉ុណ្ណឹងឯង។
«ខ្ញុំឈ្មោះ នីយ៉ា ប៊ែនស្តីន! តែថានាងជាជនចិនឬ?» ឆ្លើយចប់សំណួរមិនទាន់ នីយ៉ាបន្តសួរប៉ាយលីមួយសំណួរទៀតភ្លាម តាមការង្ស័យរបស់ខ្លួនតាំងពីបានឃើញមុខអ្នកម្ខាងទៀតជាលើកដំបូងម្ល៉េះ។
«ចាស! តែថាម៉េចក៏នាងដឹង?» មិនចម្លែកទេដែលនាងសួរបែបនេះជនជាតិអាស៊ីមានច្រើនប្រទេស ម្យ៉ាងពួកអឺរ៉ុបមិនសូវចូលចិត្តជនជាតិអាស៊ីប៉ុន្មានទេ អីចឹងក៏មិនសូវចាប់អារម្មណ៍ជនជាតិណាដូចគ្នា តែចម្លែកដែលស្រីតូចចំពោះមុខដឹងថានាងជាជនជាតិអី។
«មិនពិបាកទេឈ្មោះប៉ាយលីអីបែបនេះ មានតែជនជាតិចិនទេ! ម្យ៉ាងខ្ញុំក៏ជាហ្វេនស៊ីដ្រាម៉ាដែរ ភាគច្រើនតួស្រីក្នុងរឿងមុខដូចនាងបែបនេះឯង មាត់តូចៗមានស្បែក-សៗរលោងស្អីបែបហ្នឹង បើមិនមែនជាជនជាតិចិនទើបចម្លែក ហិហិ...» នីយ៉ារៀបរាប់ទាំងជឿជាក់នូវអ្វីដែលខ្លួនបានដឹងច្បាស់ ក៏ប្រាប់ហើយថានាងជាហ្វេនរឿងចិនម្នាក់ដែរ ថាទៅនាងមិនច្បាស់បានយ៉ាងម៉េច។
«នេះនាងចូលចិត្តមើលរឿងចិនដែរឬ?» ស្ដាប់អ្នកម្ខាងទៀតនិយាយចប់ភ្លាម ប៉ាយលីសួរភ្លែតទាំងមិនចង់ជឿប៉ុន្មាន មិននឹកស្មានថានៅមានជនជាតិអឺរ៉ុបចូលចិត្តមើលរឿងអាស៊ីដែរសោះ។
«មើលតើ! ខ្ញុំចូលចិត្តបុរសអាស៊ីខ្លាំងណាស់ មើលទៅសង្ហាៗប្លែកភ្នែក» សម្ដីមកព្រមជាមួយទឹកមុខភ្លើតភ្លើនរបស់នីយ៉ា សាងការអស់សំណើចដល់អ្នកម្ខាងទៀត។
«ហ៊ឹសៗ ចម្លែកណាស់ហ្ន៎! បើស្រីអាស៊ីវិញចូលចិត្តប្រុសអឺរ៉ុបច្រើនជាងប្រុសក្នុងប្រទេសទៅទៀត» សូម្បីតែនាងក៏ស្ថិតនៅក្នុងធីមដែលស្រលាញ់ប្រុសអឺរ៉ុបម្នាក់ដែរ ថែមទាំងប្រភេទបែបមនុស្សប្រុសដែលមានវ័យសាមប្លាយឡើងទៅ មិនសាច់ពេកក៏មិនក្មេងពេក នេះហើយជាប្រភេទបុរសដែលនាងចូលចិត្ត។
មនុស្សស្រីអាស៊ីភាគច្រើនចូលចិត្តប្រុសអឺរ៉ុបមែនឬ?
ពិតមែនហើយ! បើមិនជឿអាចសួរអ្នកអានបាន ហុ ហុ...

???????????? ?????????????Where stories live. Discover now