«ដឹង! ព្រោះបងបារម្ភ» ដាក់គូទដល់សាឡុងភ្លាម ឡៃឡារំកិលខ្លួនខិតទៅជិតកាយមាំបែបយកចិត្តភ្លែត បើអ្នកមិនដឹងអាចថានាងកំពុងតែទាក់អ្នកប្រុសកំលោះក៏ថាបាន។
«បើដឹងហើយម៉េចក៏ចូលចិត្តធ្វើខ្លួនមិនស្ដាប់បង្គាប់បែបនេះ?» និកសួរប្អូនស្រីបន្តជាមួយសំឡេងស្រាលធម្មតា មិនបានសម្លុតកំណាចដាក់សម្ពាធនាងដូចកាលពីដំបូងនេះ។
«ហីយ៉ា! បងប្រុសហ្អាឈប់ខឹងទៅបានទេ ខ្ញុំសន្យាថ្ងៃក្រោយមិនឱ្យមានរឿងបែបនេះកើតឡើងទៀតទេ ចង់ទៅណានឹងប្រាប់បងជាមុន» ឡៃឡាលើកម្រាមដៃឡើងជាការស្បថស្បែតែក៏មិនអាចបន្ទន់ចិត្តអ្នកខ្លះបានដដែល។ «ឈប់ខឹងនឹងខ្ញុំទៅណា៎បងប្រុស...» ស្រីតូចបង្អូសសំឡេងវែងនៅចុងប្រយោគនៅមានដាក់មុខប្រមៀលចុះឡើងត្រង់ដើមដៃអ្នកខ្លះដើម្បីយកចិត្ត។
ជុប!
ក្រមុំតូចចំពិតថ្ពាល់គ្រើមមួយខ្សឺតធំយកចិត្តថ្លើម ថែមទាំងញ៉ិកញ៉ក់បានយ៉ាងគួរឱ្យស្រលាញ់ នៅចាប់ដើមដៃមាំគ្រវីចុះឡើងមិនឈប់ បើបងប្រុសមិនព្រមនិយាយជាមួយនាង នាងក៏ប្រហែលជាមិនឈប់រញ៉េរញ៉ៃគេដូចគ្នា។
«បងដែលខឹងឯងបានពីពេលណា! តែថ្ងៃក្រោយហាមលួចចេញមកតែម្នាក់ទៀត មិនអីចឹងបងនឹងឃុំឯងទុកមិនឱ្យចេញពីបន្ទប់ទេ» គេចេះតែគំរាមនឹងឯងតាមពិតក៏មិនអាចឈ្នះនឹងឫកពាគួរឱ្យស្រលាញ់របស់ប្អូនស្រីបានដូចគ្នា។
«ទទួលបញ្ជាលោកនាយ ហិ ហិ...» បានបងប្រុសឈប់ខឹងអីចឹងស្រីតូចញញឹមមិនបិទមាត់មិនជិតតែម្ដង។ «នឹកនាងច្រមក់នីយ៉ាណាស់បងប្រុស តាំងពីចូលរៀនមកមិនដែលសូវខលមកលេងសោះ» មិនមែនថាមិនលែងទាក់ទងសោះទេ គ្រាន់តែបីបួនថ្ងៃទើបខលមកម្ដងតែប៉ុណ្ណឹងឯង។
«មួយរយៈនេះឮថារវល់រៀនត្រៀមប្រលងប្រចាំខែ ប្រហែលជាមិនសូវបានខលមកលេងប៉ុន្មានទេ» និយាយដល់ប្អូនស្រីពៅ និកបែរជាធ្លោយមាត់ញញឹមផ្អែមិនដឹងខ្លួន។ តិចច្រឡំថាគេគិតដល់ប្អូនស្រីចុះ ខួរក្បាលនេះវាស្រមៃទៅដល់មុខស្រទន់អ្នកណាម្នាក់ទៅវិញទេ ឫកពាប្លែកៗរបស់គេធ្វើឱ្យមនុស្សប៉ិនចេះដឹងដូចជាឡៃឡា អត់ជ្រួញចិញ្ចើមសង្ស័យមិនបាន។
«បងប្រុសកំពុងតែគិតអីហ្នឹង?» នាងច្រមក់ងើយសម្លឹងមើលបងប្រុសសឹងតែបាក់-កទៅហើយ។
«គ្មានទេ! បងធ្វើការហើយ...ឯងចង់ធ្វើអីក៏ធ្វើទៅ» និកបន្លប់សំណួរអ្នកខ្លះ តាមដោយក្រោកដើរចេញពីសាឡុងទៅតុធ្វើការរបស់ខ្លួន។
«អីចឹង...» ឡៃឡាមិនទាំងទាន់បាននិយាយផង ក៏ត្រូវបងប្រុសនិយាយបិទផ្លូវមុនបាត់ទៅហើយ។
«តែហាមចេញពីបន្ទប់នេះ!» សម្ដីដេញទាន់ជាន់កែងរបស់អ្នកបងប្រុស ទាញសំណើចអ្នកដែលស្ងាត់មាត់ជាយូរដូចជាពីទ័រ ធ្វើឱ្យសាមីខ្លួនដូចជានាងតូច ឡៃឡាកាន់តែមិនពេញចិត្ត។
«ហ៊ឹសៗ...» ពីទ័រប្រញាប់បិទមាត់មកវិញ ពេលទទួលបានក្រសែភ្នែកសម្លក់កាចពីអ្នកនាងទីពីរនៃប៊ែនស្តីន។
«បងសើចអី? ឆាប់ទៅធ្វើការរបស់បងវិញទៅ ទៅៗ...» ស្រីក្រមុំរុញរាងក្រាស់ឱ្យចេញពីបន្ទប់ធ្វើការបងប្រុស រូបភាពឆ្នាស់ឆ្នើមប៉ុន្តែគួរឱ្យស្រលាញ់របស់នាងឱ្យកំលោះសង្ហាទាំងពីរកាន់តែអស់សំណើចឡើងតែមើលទៅ និកដូចជាមិនមែនអស់សំណើចតែរឿងនេះមួយមុខនោះទេ។
«មិនបាត់មកពង្វាងទេ! លើកនេះបងលើកលែងឱ្យឯង តែបើមានលើកក្រោយទៀត...មិនត្រឹមតែឃុំឯងនៅផ្ទះទេ បងនឹងឃុំក្នុងបន្ទប់មិនឱ្យចេញមកក្រៅតែម្ដង» មិនមែនថាគេដាច់អហង្ការដាក់គំនាបប្អូនស្រីនោះទេ តែដែលគេធ្វើទាំងអស់នេះគឺព្រោះបារម្ភពីពួកនាងប៉ុណ្ណោះ។ សត្រូវដែលសម្លាប់ឪពុកម្ដាយមិនទាន់រកឃើញ ក៏ជឿជាក់ថាពួកវានឹងត្រលប់មកវិញនៅថ្ងៃណាមួយមិនខាន ហើយក៏ជឿថាពួកវាមិនទុកបងប្អូនពួកគេឱ្យរស់បានសុខស្រួលដូចគ្នា។ ទោះបានត្រៀមលក្ខណ:គ្រប់គ្រាន់សម្រាប់ប្រយុទ្ធជាមួយគូសត្រូវហើយក៏ដោយ តែផ្នែកសំខាន់ដែលគេតែងព្រួយបារម្ភបំផុតគឺប្អូនស្រីទាំងពីររបស់ខ្លួន បើទោះជាគេត្រូវស្លាប់ក៏មិនសោកស្ដាយដែរ សុំត្រឹមតែប្អូនស្រីមានសុវត្ថិភាពគឺគ្រប់គ្រាន់ហើយ។
«ចាសដឹងហើយអង្គម្ចាស់ លើកក្រោយចង់ទៅណាខ្ញុំម្ចាស់នឹងទូលថ្វាយអ្នកអង្គម្ចាស់ជាមុន ហ៊ឹសៗ» ឡៃឡាសើចកក្អឹកពេលបងប្រុសងាកមកធ្វើមុខកាចដាក់។
ជុប!
ស្រីតូចល្អិតរត់ទៅឆ្មក់ថ្ពាល់គ្រើមមួយខ្សឺតធំ នៅមានធ្វើមុខច្រឡើមដាក់យ៉ាងគួរក្នាញ់ថ្នាក់អ្នកជាបងប្រុសរកពាក្យអ្វីស្ដីឱ្យមិនបាន បានត្រឹមតែអង្គុយគ្រវីក្បាលហួសចិត្ត។
«ចង់ទៅណាក៏ទៅៗ កុំមករំខានបងធ្វើការងារ» លោកប្រធានរូបសង្ហាងាកមកផ្ដោតអារម្មណ៍នឹងការងារចំពោះមុខវិញ តែមើលទៅនាងច្រមក់នោះដូចជាមិនព្រមឱ្យគេមានក្ដីសុខទាល់តែសោះហើយ។
«ទៅណាក៏បានមែន...»
«ហាមចេញពីបន្ទប់នេះជាដាច់ខាត!» តាមទាន់ជាន់កែងប្អូនស្រី និកខូលថែមមួយប្រយោគទៀត ដែលសាមីខ្លួនបានតែអង្គុយសើចស្ញេញដាក់ប្រុស តែក៏មិនបានរវាមរពឹសអី ក្រៅពីអង្គុយស្ងៀមមើលនេះលេងនោះមិនហ៊ានរំខានបងប្រុសច្រើនជាងនេះជៀសវាងតោកំណាចបញ្ចេញឫទ្ធ។

YOU ARE READING
???????????? ?????????????
Romance??????? ????? ?????? ?????????? ??????????????????????????????????? ??????????????????????????????????????????? ??...??????????????????????? ????????????????????????????????? ??????????????????????????????????! ???????????????????????????? ??????...