Enjoy your reading 🥰🤟
មួយសន្ទុះក្រោយរាងក្រាស់ក៏ត្រឡប់មកវិញជាមួយនិងថ្នាំលាបរបួស តែមកដល់គេក៏ស្រឡាំងកាំងឡើងភ្លាម ភ្នែកមាំសម្លឹងទៅសាឡុងទាំងភ័យបុកពោះ ព្រោះតែមិនឃើញស្រីតូចនៅលើសាឡុងឡើយ
"លីស៊ូ"រាងក្រាស់ឧទានឈ្មោះនាងតូចនៅក្នុងមាត់តិចៗមុននិងរត់ចេញមកក្រៅ ទាំងស្លន់ស្លោ
"អ្នកប្រុសមានរឿងអីមែនទេមិចក៏មើលទៅអ្នកប្រុសដូចជាតក់ក្រហល់ម្ល៉េះ"ជំនិតដែលឈរយាមនៅខាងមុខផ្ទះឃើញ អ្នកប្រុសខ្លួនចេញមកទាំងតក់ក្រហល់បែបនេះក៏សួរឡើងទាំងងឿងឆ្ងល់។
"មានឃើញលីស៊ូទេ"ជេយ៍សួរទៅជំនិតដោយទាំងមុខស្លេក ជំនិតគេក៏តបឡើងយ៉ាងសប្បាយរីករាយ
"អូហ៍ អ្នកនាងមានមែនទេ គាត់នៅក្នុងសួនផ្កាឯណោះ គាត់ថាទៅស្រោចទឹកផ្កា"ចប់សម្តី ក្បាលរបស់យ៉ុងសានក៏ត្រូវមួយក្រញ៉ដោយដៃរបស់រាងក្រាស់
"អាល្ងង់ នាងស្រោចទឹកផ្កាយ៉ាងមិចបើដៃនាងរបួស"ជេយ៍ខោកហើយ ក៏និយាយ គេសែនហួសចិត្តណាស់ តើទៅហៅឱ្យមកយាមនាងតូចឱ្យចង្អៀតធ្វើអីបើមិនយល់សាច់ការអីសោះបែបនេះ
"ពិតមែនហេសអ្នកប្រុស!គឺ ខ្ញុំ..ខ្ញុំមិនដឹង"គ្រាន់តែលឺសម្តីអ្នកប្រុសភ្លាម យ៉ុងសានក៏ចាប់ផ្តើមឆ្លេឆ្លាឡើងភ្លាម
"នាងចេញទៅយូរឬនៅ"ជេយ៍សួរដោយសម្តីមាំ
"មិញនេះទេអ្នកប្រុស"
"អញ្ចឹងនៅចាំអីទៀតឆាប់តាមទៅ"បន្ទាប់ពីនិយាយគ្នាហើយចៅហ្វាយនិងកូនចៅក៏បំបែកផ្លូវគ្នាម្ខាងម្នាក់ ដើម្បីតាមរកស្រីតូចត្រឡប់មកវិញ។
"ឈូ..."វាពិតជាចៃដន្យពេកហើយមេឃបើកថ្ងៃសោះតែបែរជាមានភ្លៀងធ្លាក់ជោគជាំ មិនខុសពីពាក្យចាស់ថាមែន កន្លែងណាដែលមានព្រៃភ្នំគឺទាក់ទាញទឹកភ្លៀង
"ពុទ្ធោហ្អើយមកភ្លៀងអីពេលនេះ"រាងក្រាស់និយាយទាំងក្តៅក្រហាយ គេយកជើងទាត់ថ្មមួយទំហឹងទាំងមួម៉ៅ ភ្នែកមាំប្រឹងសម្លឹងរកមើលស្រីតូចស្ទើរខ្វាក់ព្រោះតែអាប់ខ្លាំងពេក
"ក្មេងល្ងង់ អូននៅឯណាទៅ"ជេយ៍និយាយព្រមជាមួយដៃលើកឡើងច្បូតមុខទាំងតប់ប្រមល់ក្នុងចិត្ត តើនាងនៅឯណាទៅភ្នំធំយ៉ាងនេះតើគេគួរចាប់ផ្តើមរកនាងពីកន្លែងណាទៅមុនល្អ
"អ្នកប្រុស នៅក្បែរផ្ទះខ្ញុំរកអ្នកនាងសព្វអស់ហើយមិនឃើញទេ"ជំនិតនិយាយតែជេយ៍វិញហាក់មិនមានអារម្មណ៍ក្នុងខ្លួនឡើយ។មិចក៏គេមានអារម្មណ៍ថា ស្រាលខ្លួនម្ល៉េះ ទោះពេលគេដឹងថឆឆូអុីបាត់ខ្លួនតែគេមិនដែលមានអារម្មណ៍បែបនេះដែរ
"អ្នកប្រុសខ្ញុំរកអ្នកនាងមិនឃើញទេ"ជំនិតគេនិយាយម្តងទៀត
"ដើររកបន្តទៀតទៅ"ជេយ៍និយាយទៅកាន់ជំនិតដោយសម្លេងខ្សោះគេដើរអូសជើងបន្តទៅមុខទាំងគ្មានសង្ឃឹម គ្មានកម្លាំងក្នុងខ្លួន
«ទីបំផុតអូនក៏ដាច់ចិត្តទៅចោលបង»
«បងធ្លាប់តែគិតថាអូនជាក្មេងឡិកឡក់មិនដឹងអី ជាក្មេងដែលមានបេះដូងស្រស់ស្អាត តែពេលនេះបងយល់ថាអូនចិត្តអាក្រក់ណាស់»ពាក្យសម្តីក្នុងចិត្តរាងក្រាស់នឹកឡើងទាំងអួលដើមក។រាងក្រាស់បន្តដើរទៅមុខទាំងគ្មានសង្ឃឹម ជាមួយនិងមេឃក៏ចាប់ផ្តើមស្រឡះឡើងវិញបន្ទាប់ពីភ្លៀងអស់ប្រហែល20នាទី។ភ្នែកមាំសម្លឹងមើលទៅថ្មធំមួយទាំងគ្មានអារម្មណ៍ តែគេក៏រហ័សងាកទៅម្តងទៀត មុននិងស្ទុះចុះទៅយ៉ាងលឿន
"លីស៊ូ....."សម្លេងស្រែកឡើងលឺកងរំពងពេញព្រៃ ដៃមាំស្ទុះក្រសោបកាយតូចមកឱបជាប់ទ្រូង គេសម្លឹងមើលរង្វង់មុខស្រីល្អដែលដាបទៅដោយឈាមទាំងរន្ធត់ចិត្ត។ដៃរាងក្រាស់ញ័រទទ្រើតលើកឡើងទៅក្រសោបមុខតូចច្រមិចដែលសន្លប់ពីពេលណាក៏មិនដឹង
"លីស៊ូ បងសុំទោស ហឹក បងសុំទោស"រាងក្រាស់និយាយពាក្យសុំទោសទៅកាន់នាងល្អិត ដៃក៏ក្រសោបកាយតូចឱបកាន់តែណែន ទឹកភ្នែកកូនប្រុសក៏ហូរមកច្រោក តើជឿទេបើសិនជានិយាយថាតាំងពីគេធំដឹងក្តីនេះគឺជាលើកទីមួយដែលគេយំនោះ។ត្រូវហើយគេមិនដែលយំទេ គេធ្លាប់តែជាខ្លាមានអំណាច តែងសង្រ្គប់ចាប់សត្វតូចៗមកធ្វើជាអាហារតែពេលនេះ ខ្លាមួយនេះបែរជាស្រែកយំឡើយដោយភាពឈឺផ្សារលាយជាមួយនិងការភ័យខ្លាចទៅវិញ។
"អ្នកប្រុសខ្ញុំលឺសម្លេងអ្នកប្រុសស្រែកមានរឿងអីមែនទេ"ជំនិតគេបោះសម្តីសួរទៅកាន់រាងក្រាស់ទាំងនៅត្រហេបត្រហប
"កុំនិយាយច្រើន ឯងឆាប់ទៅយកឡានមក ឱ្យលឿនឡើង"ជេយ៍និយាយ ជំនិតគេមិនចាំយូរក៏រត់ទៅយកឡាន ចំណែករាងក្រាស់ក៏លើកបីត្រកងកាយតូចឡើងទៅខាងលើដើម្បី រង់ចាំឡានមកដល់
"អ្នកប្រុសអញ្ជើញចូល"ឡានឈប់ភ្លាម យ៉ុងសាន ប្រញាប់ចុះមកបើកទ្វារឱ្យអ្នកប្រុសខ្លួនភ្លាម។ឃើញអ្នកប្រុសខ្លួនចូលអង្គុយបានរៀបរយគេក៏ប្រញាប់ចូលក្នុងឡានដើម្បីបើកចេញទៅ មន្ទីរពេទ្យយ៉ាងរហ័ស
"សូមកុំកើតអីឱ្យសោះណា លីស៊ូ នៅជាមួយបងសិន បងមិនទាន់បានធ្វើល្អដាកើអូនទេ ពួកយើងត្រូវនៅជាមួយគ្នា"រាងក្រាស់ស្រដីឡើងទាំងអួលអាក់ ចុងដៃចុងជើងអ្នកកម្លោះក៏ត្រជាក់អស់។
«មន្ទីរពេទ្យ»
ធ្វើដំណើរអស់ជាយូរឡានទំនើបពណ៌ខ្មៅមួយគ្រឿងដែលបើកលឿនដូចព្យុះក៏រំកិលកង់ចូលដល់មុខមន្ទីរពេទ្យ គ្រាន់តែឃើញឡានក្រុមគ្រូពេទ្យក៏នាំគ្នារុញរទេះរុញ ដើម្បីនាំនាងតូចចូលទៅបន្ទប់សង្រ្គោះបន្ទាន់។
"សាច់ញាតិអ្នកជម្ងឺសូមរង់ចាំនៅខាងក្រៅសិន"ទៅដល់ក្នុងបន្ទប់សង្រ្គោះបន្ទាន់រាងក្រាស់ស្ទើរតែចូលទៅមួយពេទ្យទៅហើយ បើសិនគេអនុញ្ញាត។ខណៈពេលដែលរាងស្តើងនៅក្នុងបន្ទប់សង្រ្គោះបន្ទាន់ អ្នកម្ខាងទៀតក៏នៅមិនស្ងៀមឡើយ គេដើរទៅមក ចុះឡើងៗ ធ្វើឱ្យជំនិតគេស្ទើរតែវិលមុខសង្រ្គោះបន្ទាន់ដែលទៅហើយ
"អ្នកប្រុសអង្គុយចុះសិនទៅ អ្នកប្រុសមិនហត់ទេហេស ខ្ញុំឃើញអ្នកប្រុសដើរទៅមកមួយថ្ងៃហើយ"ព្រោះតែទ្រាំមើលទៀតលែងបាន យ៉ុងសានក៏លូកមាត់ខ្លះ គេដើរយ៉ាងនិងមិនវិលមុខទេឬ បើគ្រាន់អ្នកអង្គុយមើលផងស្ទើរដាច់ផ្ងារទៅហើយនិង
"អ្នកប្រុស ខ្ញុំជឿថា អ្នកនាងនិងមិនអីទេ កុំបារម្ភពេកអី"លឺសម្តីជំនិតហើយរាងក្រាស់ក៏ងាកសម្លក់គេថ្មែ រហូតដល់ជំនិតផ្អឹបមាត់ជាប់លែងហ៊ាននិយាយអីបន្ត។
"អូហ៍លោកដុកទ័រ"កំពុងតែរង់ចាំយ៉ាងតានតឹងទីបំផុតលោកដុកទ័រក៏ចេញមករាងក្រាស់ក៏រហ័សបែរទៅភ្លាម
"ប្រពន្ធខ្ញុំយ៉ាងមិចទៅហើយលោកគ្រូពេទ្យ"គ្រាន់តែឃើញលោកដុកទ័រជេយ៍ក៏ស្ទុះទៅសួរលោកទុកទ័រភ្លាម ទាំងបេះដូងលោតញាប់ព្រោះភ័យខ្លាចនាងកើតអីធ្ងន់ធ្ងរខ្លាំង
"អ្នកជម្ងឺបាត់បង់ឈាមច្រើនណាស់ពួកយើងត្រូវការឈាមជាបន្ទាន់"លោកដុកទ័រនិយាយរាងក្រាស់ឆ្លេឆ្លាឡើងភ្លាម
"ឈាមខ្ញុំ យកឈាមខ្ញុំទៅលោកគ្រូពេទ្យ ខ្ញុំមានឈាមប្រភេទB"ជេយ៍និយាយលោកគ្រូពេទ្យក៏តប
"តែអ្នកជម្ងឺមានឈាមប្រភេទO"លឺដុកទ័រនិយាយអ្នកកម្លោះទម្លាក់ទឹកមុខចុះទាំងអស់សង្ឃឹម
"យកឈាមខ្ញុំទៅខ្ញុំមានឈាមប្រភេទO"កំពុងតែអស់សង្ឃឹមស្រាប់តែលឺសម្លេងមាំមួយបន្លឺឡើងពីក្រោយខ្នងនាំឱ្យគ្រប់គ្នាងើបមុខសម្លឹងទៅគេព្រាត
"អាជេគ"គ្រាន់តែឃើញមុខក៏ស្គាល់ច្បាស់ រាងក្រាស់លាន់មាត់ឡើងជាមួយនិងមុខក្រញ៉ូវមិនពេញចិត្តនៅវត្តមានជេគ តែជេគវិញគេញញឹមស្រស់បំព្រងដូចជាគ្មានរឿងអីកើតឡើង
"មិចក៏ឯងមកទីនេះបាន"ជេយ៍សួរទៅអ្នកជាមិត្តដោយសម្តីគម្រោះគម្រើយ មើលទៅគេប្តូរពីកើតទុកមកជាខឹងមួយប៉ព្រិចភ្នែក
"យើងជិះឡានមកនិងហើយ ឯងសួរដូចអត់សួរ"សម្តីជេគនិយាយឡើងធម្មតា ទឹកមុខគេក៏ញញឹមជាប់ គេពិតជាចិត្តត្រជាក់ពេកហើយ
"មិនថាឯងមកដោយវិធីស្អីទេ តែឯងឆាប់ទៅវិញទៅយើងមិនចង់ឃើញមុខឯងទេ"ជេយ៍និយាយព្រមជាមួយដៃលើកច្រានអ្នកជាមិត្តឱ្យចេញ
"អឺ សូមអភ័យទោសអ្នកប្រុសទាំងពីសូមរក្សាសណ្តាប់ធ្នាប់ផងទីនេះជាមន្ទីរពេទ្យ"ឃើញទង្វើរះួកគេលោកដុកទ័រក៏និយាយភ្លាម តែវាក៏បានផលមែនព្រោះពួកគេក៏ថយមួយចំហៀងម្នាក់ហើយស្ងាត់រៀងខ្លួន
"អ្នកប្រុសខាងនេះមានឈាមប្រភេទOមែនទេ"លោកដុកទ័រសួរទៅជេគ
"បាទ"ជេគងក់ក្បាល់តប
"អញ្ចឹងសូមអញ្ជើញមកតាមខ្ញុំមក ខ្ញុំពិនិត្យសុខភាពលោកបន្តិច"បន្ទាប់ពីនិយាយហើយ លោកដុកទ័រក៏នាំផ្លូវជេគឱ្យដើរតាម។
បន្ទាប់ពីពិនិត្យសុខភាពឃើញថាល្អហើយលោកដុកទ័រក៏ចាប់ផ្តើមបូមឈាមពីរាងក្រាស់ បន្ទាប់ក៏យកទៅដើម្បីបញ្ចូលឱ្យអ្នកជម្ងឺនៅក្នុងបន្ទប់សង្រ្គោះបន្ទាន់ដោយមានរាងក្រាស់ពីនាក់ដែលមើលមុខគ្នាមិនចំកំពុងអ្គុយចាំចម្លើយពីដុកទ័រ។
"ឯណា កូនលីស៊ូយ៉ាងមិចទៅហើយ"កំពុងស្ថិតក្នុងស្ថានភាពតានតឹង ក៏ស្រាប់លឺសម្លេងស្រ្តីវ័យចំណាស់ម្នាក់និយាយមក វាជាសម្លេងស៊ាំត្រចៀក គ្រាន់តែលឺជេយ៍ដកដង្ហើមធំ ងាកទៅសម្លក់ដាក់ជំនិតគេ តែជំនិតគេក៏គ្រវីក្បាលឡើងបញ្ជាក់ថាគេមិនដឹងទេ
"កូនជេយ៍ លីស៊ូយ៉ាងមិចហើយ"ពេលមកដល់ជិតលោកស្រីផាកក៏សួរកូនម្តងទៀត
"នៅមិនទាន់ដឹងនៅឡើយទេម៉ាក់"រាងក្រាស់និយាយតបទៅអ្នកជាម៉ាក់ទាំងទម្លាក់មុខចុះមិនហ៊ានសម្លឹងគាត់ឡើយ
"ចិត្តថ្លើមឯងគិតចង់លាក់ម៉ាក់គ្រប់រឿងមែនទេ"លិកស្រីផាកសួរគេងើបមុខឡើង
"ត្រូវហើយម៉ាក់ដឹងរឿងនេះមកពីណា"ជេយ៍សួរសំណួរនេះឡើងដោយការចង់ដឹង តើគាត់ដឹងមកពីណាទៅ
"តាំងពីព្រឹកមកម៉ាក់ព្យាយាមខលមកឯងជាច្រើនដងប៉ុន្តែគ្មាបអ្នកណាលើកទេ យ៉ុងសានក៏ដូចគ្នាយើងខលជាច្រើនលើកក៏មិនឃើញចុចទទួលឡើយ សំណាងហើយដែលខលទៅចូលក្មួយជេគ"លោកស្រីផាកនិយាយជេយ៍សម្លឹងមើលទៅជេគឥតដាក់ភ្នែកថាអីចេះខុស
"ឯងជាអ្នកប្រាប់អ្នកម៉ាក់មែនទេ?"សំណួរសួរឡើងជាមួយនិងរាងក្រាស់ទាំងពីរក៏សម្លក់គ្នាឥតដាក់ មើលទៅម្នាក់ៗដូចចង់សុីសាច់ហុតឈាមគ្នាទៅរស់យ៉ាងអញ្ចឹង