ថេថេ និយាយមិនឈប់ និយាយតាំងពីមេឃភ្លៀងរហូតដល់រាំង ហើយពោះគេក៏កូរលាន់គ្រូកៗ ទើបនាយឈប់និយាយ ធ្វើមុខជូរហូញ។
« ឯងប្រហែលឃ្លានហើយ! ចាំខ្ញុំនាំឯងទៅញាំអីចុះ! » នាងញញឹមរួចទាញខ្សែរក្រវ៉ាត់ពាក់លើខ្លួន ដោយមើលនាឡិការ ដើរដល់ម៉ោង៥ល្ងាច ប៉ុន្តែអាកាសធាតុនៅខាងក្រៅ ដូចម៉ោង៧យប់អិញ្ចឹង ងងឹតស្លុបឈឹង ព្រោះទើបតែធ្លាក់ភ្លៀងរួច។
« ថ្ងៃនេះអ្នកស្រីមិនមានណាត់ទេឬ? » គេអង្គុយជជីកសួរនាងក្រមុំ ព្រោះគិតថានាងប្រហែលជាមានការណាត់ជួបនៅថ្ងៃចុងសប្តាយ៍។
« គ្មានទេ! ខ្ញុំត្រូវជួបភ្ញៀវនៅពេលល្ងាចនេះ តែគេសុំលើកទៅថ្ងៃស្អែក! ម្យ៉ាងទៀត នៅខាងក្រៅបែបនេះ កុំហៅខ្ញុំថាអ្នកស្រីប្រធានអី ហៅខ្ញុំថាបងស្រីទៅ! » នាងមិនចង់ឲ្យអ្នកធ្វើការជាមួយនាងមានសម្ពាធដែលត្រូវហៅនាមពេញយស ទោះនៅកន្លែងផ្សេងក្រៅពីកន្លែងធ្វើការទេ។
« បាទបងស្រី! »គេញញឹមស្ងេញ កំពុងរីករាយព្រោះហៅថាបងស្រី វាស្និទ្ធស្នាលជាងអ្នកស្រីប្រធាន ម្យ៉ាងទៀតគេចូលចិត្តសព្វនាមថា បងស្រីណាស់ ។ ម៊ែលី ញញឹមព្រោះនាងខានទទួលបានអារម្មណ៍ធ្វើជាខ្លួនឯងបែបនេះយូរហើយ។ ពីមុនមកមានតែនៅផ្ទះជួបជុំហ្វាមី ជីមីននិងស៊ូហា ទេទើបនាងអាចបង្ហាញពីខ្លួននាងដោយមិនបាច់លាក់លៀម។ ចំណែកឯពេលនេះនាងអាចបង្ហាញខ្លួនឯងចំពោះថេថេ បានដូចគ្នា។
ម៊ែលី បើកឡាននាំថេថេ ទៅកាន់ហាងប្រចាំរបស់នាងនិងគ្រួសារជីមីន ព្រោះទីនេះជាកម្មសិទ្ធរបស់ត្រកូលគីមដូចគ្នា ហើយនាងអាចនាំគេមកទីនេះបានដោយមិនបាច់ភ័យថាមានអ្នកការសែតលួចថតរូបយកទៅសរសេរព័ត៌មានអាក្រក់ៗដើម្បីតែប្រយោជន៍របស់ពួកគេ។ ប្រហែលម៉ោង៩យប់ នាងក៏ជូនគេទៅផ្ទះ ជាប់មាត់និយាយគ្នាផង នាំគ្នាលេងល្បែងនៅក្នុងហាងផងក៏ជ្រុលម៉ោងទៅហើយ។
« អរគុណណាស់បងស្រីដែលជូនខ្ញុំមកផ្ទះ! » នាយកម្លោះរក្សារស្នាមញញឹមជាប់មិនរលុប ឪនគំនាបនាងតូចយ៉ាងសុភាព ហើយលើកដៃបាយៗដាក់នាង។
« ខ្ញុំទៅហើយ! ឯងចូលផ្ទះទៅ! » បបូរមាត់នាងចេះតែចង់ញញឹម ទើបនិយាយចប់ភ្លាមនាងចុចកញ្ចក់ឡានបិទយ៉ាងលឿន រួចបើកឡានត្រលប់ទៅភូមិគ្រឹះគីមវិញ។
« គាត់គួរឲ្យស្រលាញ់ណាស់! ជាស្រីស្អាត ដែលស្អាតទាំងរូបរាងងនិងបេះដូង! » ថ្ពាល់គេកាន់តែក្រហមពេលរំលឹកពីម៊ែលី ហើយបេះដូងក៏លោតញាប់ខ្លាំងៗខុសធម្មតា ស្លឹកត្រចៀកគេក្រហមងាំង ហើយដៃរមួលចូលគ្នា ឈរញញឹមនៅមុខផ្ទះ ទាល់តែលោកយាយគេស្រែកហៅពីខាងក្នុង។
« ចៅថេ... ទៅឈរញញឹមស្អីមុខផ្ទះហ្នឹង? ឆាប់ចូលផ្ទះមកចៅ! » ក្មេងអស់នេះដូចខ្វះកន្លែងឈរ ទៅឈរមុខផ្ទះ គិតចង់ធ្វើចំណីឲ្យមូសឬយ៉ាងម៉េចហ្នឹងនៀក។
« បាទលោកយាយ! ខ្ញុំទៅហើយ! » គេសើចហើយកាន់ថង់ឥវ៉ាន់ដើរចូលក្នុងផ្ទះទាំងស្នាមញញឹមដូចមនុស្សឆ្កួត ធានាបានថា គេដេកយល់សប្តិឃើញម៊ែលី ទៀតប្រាកដណាស់។
គេចូលក្នុងបន្ទប់គេង ដែលមានបិទរូបម៊ែលី ពេញបន្ទប់ ។ នាងមិនមែនជាតារាទេ តែនាងល្បីមិនចាញ់តារាឡើយ ហើយអ្នកការសែតក៏ចូលចិត្តតាមប្រមាញ់រូបនាង ព័ត៌មានរបស់នាង ដើម្បីយកទៅសរសេររកលុយផងដែរ។ អាចថាម៊ែលី ជាបុគ្គលល្បីនិងមានឥទ្ធិពលក្នុងសង្គមនេះ ព្រោះគណនីអ៊ីនស្តាក្រាមរបស់នាងមានអ្នកតាមដានរហូតដល់ទៅ 56M follower ឯណោះ ហើយនាងមិនសូវផុសរូបប៉ុន្មានទេ មានតែ១៥រូបប៉ុណ្ណោះ ហើយសុទ្ធតែជារូបថតជួបជុំជាមួយគ្រួសារជីមីន ចំណែករូបនាងផុសតែម្នាក់ឯងវិញណា អូហូយយយ! អ្នកឡាច និងខមិនរាប់សែននាក់ ។
នៅក្នុងបន្ទប់របស់ថេថេ មានរូបម៊ែលី គ្រប់សកម្មភាព នាងទៅទីណា ចូលរួមកម្មវិធីអី ទៅប្រទេសណាខ្លះ ផុសរូបជាមួយនរណាខ្លះ គេព្រីនបិទពេញបន្ទប់។ មនុស្សភាគច្រើនវក់នឹងតារា តែគេវក់ជាមួយប្រធានចាត់ការ គ្រប់គ្រងតារាទាំងអស់ក្នុងផលិតកម្មនៅក្នុងក្រុមហ៊ុន ហើយ នាងក៏ជាអ្នកជំនួញ សហគ្រិនម្នាក់ដែលជោគជ័យផងដែរ។ បែបនេះហើយទើបគេឈ្លក់វង្វេងជាមួយនាងខ្លាំងដល់ថ្នាក់យកអនាគតមកផ្សារភ្ជាប់ជាមួយនាង។
« ញាំទឹកដោះគោហើយឆាប់ចូលគេងណាចៅ! » លោកយាយកាន់ទឹកដោះគោមួយកែវដាក់លើតុចៅប្រុស ហើយចូលទៅក្បែរថេថេ គេញញឹមឪបលោកយាយយ៉ាងណែន ចាប់ផ្តើមនិយាយរឿងដែលជួបម៊ែលី ថ្ងៃនេះប្រាប់លោកយាយ ដោយគេនិយាយផងញញឹមផង ធ្វើឲ្យលោកយាយញញឹមតាម គាត់ដឹងទាំងអស់ថាគេចូលចិត្តហើយគាំទ្រម៊ែលី ណាស់ តែងតែប្រាថ្នាពេលធំឡើងក្លាយជាមនុស្សជោគជ័យដូចម៊ែលី។
« រាត្រីសួស្តីលោកយាយ! » ថេថេ ជូនលោកយាយទៅកាន់បន្ទប់គេងរបស់គាត់ហើយថើបគាត់មួយខ្សឺតរួចទើបទៅបន្ទប់គេងរបស់គេសរសេរកំណត់ហេតុចូលសៀវភៅទាល់តែចប់ទើបចូលគេង។
// ព្រឹកឡើង //
ម៊ែលី រៀបចំខ្លួនទៅធ្វើការដូចសព្វដង ចំណែកអ្នកបម្រើក៏រៀបចំអាហារពេលព្រឹកជូននាងក្រមុំ តាមតួនាទី។ ពេលរាងតូចដើរដល់តុអាហារ បម្រើក៏ដួសបាយដាក់ចានឲ្យមិនចាំបាច់នាងហាមាត់ប្រាប់។
« កាលពីយប់មិញអ្នកនាងមកផ្ទះវិញម៉ោងប៉ុន្មានដែរចាស៎? នាងខ្ញុំនៅចាំផ្លូវរហូតដល់គេងលក់តែម្តង! » ស្រីបម្រើដែលនៅមើលថែម៊ែលី តាំងពី១០ឆ្នាំមុនមកដល់ពេលនេះ នាងនៅតែធ្វើការឲ្យត្រកូលគីម ដដែរ។
« យប់មិញខ្ញុំទៅហាងអាហារ ពេលរាំងភ្លៀងហើយមកវិញម៉ោង១០យប់! លើកក្រោយបងជេន មិនបាច់រង់ចាំខ្ញុំទេ បងទៅសម្រាកចុះ! ហើយបើបងមិនស្រួលខ្លួនទៅសម្រាកទៅបង ចាំឲ្យក្មេងៗធ្វើជំនួសបងចុះ! » នាងញញឹមស្រទន់ដាក់ជេន ព្រោះនាងបារម្ភពីជេន ដូចគ្នា។ ពួកនាងមើលថែគ្នាទៅវិញទៅមក ស្រលាញ់គ្នាដូចបងប្អូន តាំងពីថេយ៉ុងស្លាប់ទៅ ជេនតែងតែមើលថែម៊ែលី រាល់ថ្ងៃនៅកំដរ ឲ្យជាកម្លាំងចិត្ត នៅក្បែរមិនឲ្យនាងឯកា រហូតក្លាយជាទម្លាប់ដែលពួកគេបារម្ភពីគ្នា។
« ខ្ញុំមិនអីទេអ្នកនាងតូច! ចាំខ្ញុំទៅរៀបចំអាហារពេលថ្ងៃត្រង់ជូនណា៎! »
« ចាសបង! » ម៊ែលី ញញឹមញាំអាហារពេលព្រឹកអស់ ក៏លាជេន ទៅក្រុមហ៊ុន ដោយជេន ក៏ធ្វើការរបស់នាងបន្ត។
// ក្រុមហ៊ុន //
« អ្នកស្រីប្រធានមកហើយ! ! »
« ពួកឯងមេខ្លាមកហើយ! » បុគ្គលិកនៅជាន់ក្រោមស្រែកប្រាប់គ្នា ហើយប្រញាប់រៀបចំខ្លួនឲ្យរៀបរយមានសណ្តាប់ធ្នាប់ ព្រោះម៊ែលី តែងតែដើរឆែកអូហ្វីសបុគ្គលិកគ្រប់ផ្នែក រហូតបុគ្គលិកទូទាំងក្រុមហ៊ុន ដាក់រហស្សនាមឲ្យនាងថាជា " មេខ្លា" នៅក្នុងក្រុមហ៊ុននេះអ្នកណាក៏ខ្លាចម៊ែលី ចាប់កំហុសដែរ ព្រោះបើនាងចាប់បានថាមានកំហុសអ្វីមួយកើតឡើង នាងមិនខ្វល់ទេថាជារឿងអចេតនា ឬក៏ចេតនាក្តី នាងត្រូវពិន័យពួកគេតាមច្បាប់របស់នាង ជួនកាលត្រូវបណ្តេញចេញក៏មានដែរ។
« អរុណសួស្តីអ្នកស្រីប្រធាន! » បុគ្គលិកនាំគ្នាឈរគោរពនាងក្រមុំ ដោយឈ្ងោកមុខចុះបែបមនុស្សមានពិរុទ្ធ។
« ឯងទៅបន្ទប់ខ្ញុំ! » បបូរមាត់លាបក្រេមក្រហមស្រាល ក្នុងឈុតពណ៍ប្រផេះនិងខ្មៅ និយាយដោយកាន់ប៊ិកចង្អុលទៅបុគ្គលិកស្រីម្នាក់ដែលមានឬកពារញញើតញញើមជាងគេជាងឯង។
« ចា...ចាសអ្នកស្រីប្រធាន! » នាងក្រមុំជាបុគ្គលិកថ្មី ឆ្លើយតបទាំងបែកញើសពិនគ្រាប់ពោត ព្រោះក្នុងដៃនាងមានថង់អាហារដែលរៀមច្បងផ្ញើទិញ ហើយនាងបែរជាអ្នកទទួលកាន់វា នាំបញ្ហាដល់ខ្លួនឯង។
ម៊ែលី សម្លឹងមុខបុគ្គលិកគ្រប់គ្នា ឃើញថាគ្មានបញ្ហាអ្វីនាងក៏ដើរចូលបន្ទប់របស់នាង ដោយមានយូអ៊ី តាមពីក្រោយជាមួយបុគ្គលិកថ្មី។
« ចាំមើលៗថានាងត្រូវមេខ្លាដេញចេញដែរទេ? »
« ទើបតែចូលធ្វើការថ្ងៃទីមួយក៏ត្រូវមានកំហុសបាត់ទៅហើយ! » សម្លេងខ្សឹបខ្សៀវនិយាយដើមគ្នា បន្តល្វើយៗ ពួកគេក៏បំបែកគ្នាទៅធ្វើការរៀងៗខ្លួន តែហ៊ាននៅឈរយូរច្បាស់ជាបានការងារថ្មីមិនខាន។
នៅក្នុងបន្ទប់ធ្វើការរបស់ម៊ែលី ឯណោះវិញ នាងក្រមុំឈរសម្លឹងកុំព្យូទ័រ មើលប្រវត្តិរូបរបស់បុគ្គលិកថ្មី ហើយរាងតូចញ័រខ្លួនឈរពីមុខនាងក៏ចាប់ផ្តើមនិយាយសុំឪកាសពីអ្នកដែលមានឋានៈជាប្រធាន។
« អ្នកស្រីប្រធានឲ្យខ្ញុំសុំទោសកុំដេញខ្ញុំចេញអីណាអ្ហឹកៗ ទុកឪកាសឲ្យនាងខ្ញុំផងហ៊ឹក...! »
« ជាបុគ្គលិកថ្មី ហ៊ានទិញរបស់មកញាំក្នុងអូហ្វីស នាងថ្លើមធំណាស់ដឹងទេ? »
« គឺពួកគាត់ផ្ញើខ្ញុំទិញឲ្យពួកគាត់អ្ហឹកៗ ខ្ញុំមិនដឹងពិតមែន! អ្នកស្រីកុំដេញខ្ញុំចេញអី! » នាងលើកដៃសំពះម៊ែលី ហូរទឹកភ្នែករហាម។
« នាងដាក់ពាក្យធ្វើការនៅទីនេះក្នុងផ្នែកអី? » ម៊ែលី ឈរពិតកៅអី យកដៃរុញវែនតាឡើងលើបន្តិចរួចឪបដៃចូលគ្នាមើលទៅកាន់បុគ្គលិកថ្មីដោយភាពត្រជាក់ស្រិប។ យូអ៊ី ដែលឈរក្បែរនារីកំសត់បានត្រឹមលេបទឹកមាត់ក្អឹកៗភ័យជំនួស តែនាងមិនបារម្ភប៉ុន្មានទេ ព្រោះនាងស្គាល់ចៅហ្វាយស្រីនាងច្បាស់ណាស់។
« គឺ...ខ្ញុំចង់ធ្វើជា អ្នកមើលថែតារា...» នាងតបទាំងរដាក់រដុប ចៅហ្វាយស្រីពិតជាកាចនិងត្រជាក់ដូចពាក្យគេថាមែន។
« ចឹងវាគ្មានហេតុផលណាដែលនាងត្រូវធ្វើជាអ្នកជញ្ចូនអាហារឲ្យពួកគេទេ! » ម៊ែលី ខាំថ្គាមខ្នើសចិត្តជាមួយភាពស្លូតបូតរបស់នារីម្នាក់នេះ។
« ខ្ញុំជាបុគ្គលិកថ្មី ខ្ញុំគិតថាបើខ្ញុំធ្វើល្អជាមួយពួកគាត់ ដូច្នេះខ្ញុំអាចមានទំនាក់ទំនងល្អនៅកន្លែងធ្វើការ ហើយមានមិត្តរួមការងារច្រើន! »
« ចន លីម៉ា! នាងមកទីនេះមកធ្វើការ មិនមែនមករាប់ញាតិ! ហើយបើចង់រាប់អានអ្នកនៅកន្លែងធ្វើការត្រូវមើលផងថាពួកគេចង់រាប់អាននាងចេញពីចិត្តឬក៏ដើម្បីតែផលប្រយោជន៍? ទីនេះជាកន្លែងធ្វើការ មិនមែនកន្លែងផ្គាប់ចិត្តរណបអ្នកណាម្នាក់ទេ ត្រូវចាំពីតួនាទីរបស់នាង! ហើយ...» ម៊ែលី ដកឃ្លាបន្តិច ដើរមកឈរពីមុខ លីម៉ា ឪនផ្ទៃមុខចុះយឺតៗនិយាយខ្លាំងៗដាក់នាង ធ្វើឲ្យបុគ្គលិកនៅខងក្រៅភ័យឡើងញ័រខ្លួន។
« បើនាងមិនចង់ធ្វើត្រូវឆ្លើយថាមិនចង់! នាងមិនមែនក្មេងដែលធ្វើតាមអ្វីដែលពួកគេប្រើនាងនោះឡើយ! ខួរក្បាលនាងមានសម្រាប់គិត ហើយមាត់នាងសម្រាប់តបត ទៅរឿងដែលនាងមិនចង់ធ្វើ! តើនាងស្តាប់យល់ទេ? »
« អ្ហឹកៗ ខ្ញុំយល់ហើយ! តទៅខ្ញុំមិនទិញអីឲ្យពួកគេទៀតទេហ៊ឹក...» នាងយំញ័រខ្លួនតតាត់
« ជូតទឹកភ្នែកចេញហើយទៅធ្វើការរបស់នាងទៅ! »
« អ្នកស្រីមិនដេញខ្ញុំចេញទេមែនទេ? »
« អ្នកនាងចន លីម៉ា! អ្នកស្រីប្រធានប្រាប់ឲ្យអ្នកនាងទៅធ្វើការដូច្នេះអ្នកនាងមិនត្រូវបានបណ្តេញចេញឡើយ! » យូអ៊ី និយាយទាំងស្នាមញញឹម ចំណែកលីម៉ា ញញឹមឪនក្បាលជាច្រើនដង រួចក៏ចាកចេញទៅទាំងទឹកភ្នែកជោគថ្ពាល់។
« អ្ហឹម....» ម៊ែលី ទម្លាក់ខ្លួនលើកៅអី បិទភ្នែកពេលដែលរឿងគ្រប់យ៉ាងបានដោះស្រាយ។
« យូអ៊ី ឲ្យផ្នែកមើលថែតារា ធ្វើការអូធីដល់ព្រឹកទៅ! ហើយថ្ងៃត្រង់ខ្ញុំហៅប្រជុំ! » ម៊ែលី ជិបកាហ្វេរមួយក្អឹកហើយនិយាយទៅកាន់យូអ៊ី នាងក្រមុំជំនួយការញញឹមងក់ក្បាល ឆ្លើយចាស៎ បែរខ្នងដើរចេញទៅខាងក្រៅយ៉ាងលឿន។
.....
ក្រុមតារាចម្រៀងខេផប់បុរសជំនាន់ថ្មី ត្រូវកោះហៅប្រជុំ នៅថ្ងៃត្រង់ក្នុងបន្ទប់ប្រជុំដ៏ធំ ដែលមានម៊ែលី ជាអ្នកចាត់ចែងគ្រប់យ៉ាងក្នុងការប្រជុំ។ ក្មេងប្រុសវ័យ១៧ឆ្នាំ ដល់១៩ឆ្នាំ ចំនួន ៧នាក់បានចូលអង្គុយតាមកៅអីរៀងៗខ្លួន ហើយប្រធានអ្នកចាត់ការតារា ជាម៊ែលី ផ្ទាល់ និងលីម៉ា រួមទាំងអ្នកគ្រប់គ្រងចាស់ៗ៤រូបទៀត ក៏មានវត្តមាននៅក្នុងបន្ទប់ប្រជុំនេះដែរ។ តែចម្ងល់នោះគឺ...
ក្រែង ជីមីន ជាម្ចាស់ក្រុមហ៊ុននេះមែនទេ? ហេតុអីមិនចូលរួមប្រជុំ?
ចម្លើយគឺ ការគ្រប់គ្រងតារា បែងចែកកាលវិភាគ អីអស់នេះគេទុកឲ្យម៊ែលី ជាអ្នកចាត់ចែង គេផ្ទាល់បានត្រឹមនៅខាងលើ ជជែកជាមួយម្ចាស់ឧបត្ថម និងខ្លាយអិន រួមទាំងធ្វើទីផ្សារឲ្យដើរ ការប្រម៉ូតកេរ្តិ៍ខ្លួន ទាក់ទងនឹងការផ្សព្វផ្សាយតារាទៅទីផ្សារបរទេសជាដើម។
ថេថេ អង្គុយនៅកៅអីខាងមុខជាប់នឹងកៅអីម៊ែលី ដែលគេអាចមើលមុខនាងបានច្បាស់ៗហើយក៏បានឃើញនាងធ្វើដោយស្វាហាប់ផងដែរ។ គេអង្គុយញញឹមញញែមស្តាប់នាងធ្វើបទបង្ហាញ យ៉ាងមានក្តីសុខ នាងពូកែណាស់ និយាយភាសាអង់គ្លេសបានស្ទាត់ជំនាញ គេសម្លឹងមើលតែមុខនាង មិនបានស្តាប់ខ្លឹមសារដែលនាងនិយាយទេ ដូច្នេះពេលសួរសំណួរគេក៏ធ្វើមុខឡេឡង់ៗតែម្តង។
« គីម ថេថេ តើយល់យ៉ាងម៉េចដែរក្នុងការប្រជុំថ្ងៃនេះ? » ម៊ែលី ឈរឪបដៃលហៅឈ្មោះគេឮៗ ធ្វើឲ្យមនុស្សក្នុងបន្ទប់ប្រជុំទាំង១០នាក់ជាង ភ័យជំនួស។
ក្មេងនេះ លេងសើចណាស់ នាងនិយាយរាប់ម៉ោង គេមិនយកចិត្តទុកដាក់ស្តាប់ហើយនៅលេងសើចទៀត ត្រូវប្រដៅចេញទើបបាន។
« គឺ...គឺ...ៗ ខ្ញុំគិតថាល្អណាស់! » ឆ្លើយឲ្យតែរួចពីមាត់។
« ដែលថាល្អគឺល្អរបៀបណា? »
« គឺ....គឺៗ » គេឆ្លើយមិនចេញ! ខ្មាស់គេណាស់!
« ឲ្យខ្ញុំសុំទោសផងអ្នកស្រីប្រធាននិងគ្រប់គ្នាផង! ខ្ញុំមិនបានយកចិត្តទុកដាក់ស្តាប់ខ្លឹមសារការប្រជុំំមួយនេះ! » គេឪនក្បាលសុំទោសនាងតូច និងគ្រប់គ្នាដោយការដឹងខ្លួនខុស។ ម៊ែលី ក៏ក្រហ៊ែម ប្តូររឿងវិញ។
« អ្ហឹម...! សម្រេចថាពួកយើងធ្វើតាមនេះចុះ! អរគុណគ្រប់គ្នាដែលបានចូលរួម! ចំណែកឯង...! ទៅជួបខ្ញុំនៅបន្ទប់ធ្វើការ! » ស្រដីចប់នាង ដើរចេញទៅមុនគេឯងឯទៀតតែម្តង។ នាយកម្លោះឈរធ្វើមុខម៉ង់ៗ ដូចក្មេងវង្វេងម្តាយ។
« ឆាប់តាមគាត់ភ្លាមទៅ! » យូអ៊ី ទះស្មាគេតិចៗហើយនាយក៏ក្រោកក្រេស រត់ទៅតាមម៊ែលី ត្រុកៗ។
« អ្នកស្រីប្រធាន!! » គេហៅនាង តែនាងដើរធ្វើមិនឮគេកំពុងតែហៅ។
« អ្នកស្រីប្រធានឈប់សិន!! » ថេថេ ហៅនាងជាថ្មី បុគ្គលិកក៏នាំគ្នាអើតកមើលតាមចន្លោះវាំងននពណ៍ស។
« ក្មេងនោះត្រូវពិន័យអ្នកស្រីប្រធានម្នាក់ទៀតហើយ! »
« ដឹងតែរស់មិនស្រួលហើយចាំមើលទៅ! » ពួកគេខ្សឹបខ្សៀវគ្នា ធ្វើឲ្យសមាជិកក្រុមរបស់ថេថេ ភ័យឡើងមក ត្បិតនរណាក៏ល្បីថា អ្នកស្រីប្រធានអ៊ីន កាចយ៉ាងណា។ ហើយក៏នាំគ្នាទៅលបស្តាប់នៅជញ្ជាំងបន្ទប់ម៊ែលី។
ចូលចិត្តចេះដឹងរឿងគេណាស់!
_________
ដឹងតែត្រូវធ្ងន់ហើយក្មេងតូច