抖阴社区

                                    

ល្ងាច...
ពេលថ្ងៃហៀបអស្ដង្គត នាំឲ្យផ្ទៃមេឃប្រែជាពណ៌ក្រហមលាយទឹកក្រូចយ៉ាងស្រស់ស្អាត ហ្វូយីង ពាក់អាវសឺមីដៃវែងពណ៌ខៀវស្រាលរលុងៗ ដៃអាវមូរឡើងដល់កែងដៃ ស្លៀកខោខូវប៊យជើងវែង ពាក់ស្បែកជើងប៉ាត់តាពណ៌ស ស្ពាយកូនកាបូបតូចមួយពណ៌ខ្មៅ សក់លើកបួងធូរៗធ្លាក់កូនសក់ ដើររកការងារធ្វើមិនទាន់បានទេ គិតថានឹងហៅតាក់ស៊ីជិះត្រលប់ទៅផ្ទះវិញ ស្អែកចាំដើររកទៀត ស្រាប់តែសំឡេងទូរស័ព្ទរោទ៍ឡើង ទើបលូកដៃយកទូរស័ព្ទចេញពីក្នុងហោប៉ៅខោមកចុចទទួល
«សួស្ដី»
(ហ្វូយីង មែនទេ?)
«ចាស ខ្ញុំ ហ្វូយីង»
(នេះមេការ ហុងយៀន ណា៎ ថ្ងៃបើកសម្ពោធរីសតហេតុអីមិនម៉ោ?)
«ខ្ញុំប្រាប់មេការហើយថាលាឈប់ ពេលនេះខ្ញុំកំពុងរវល់ដើររកការងារថ្មី»
(នាងរកការងារធ្វើថ្មី ទាំងមិនទាន់លាឈប់ពីកន្លែងការងារចាស់បែបនេះមិនបានទេ ហ្វូយីង រីសតលំដាប់ផ្កាយ៥ មានច្បាប់វិន័យត្រឹមត្រូវ មិនមែនថាធ្វើក៏ធ្វើ ឈប់ក៏ឈប់ទេ ចង់ឈប់មករីសតឥឡូវនេះ មកដាក់ពាក្យលាឈប់ឲ្យត្រឹមត្រូវ) នាងមិនមក គាត់អត់ការងារធ្វើឥឡូវហើយ។
«ចាស ដឹងហើយមេការ»

«ថាម៉េចខ្លះ?» អ្នកឈរក្បែរ គំរាមកាត់ប្រាក់ខែមេការ និងទម្លាក់តំណែងមេការចោល គំហកសួរជិតត្រចៀក ធ្វើឲ្យគាត់ភ្ញាក់ព្រើត ភ័យញ័រដៃទទ្រើក
«នាងប្រាប់ថាកំពុងរកការងារធ្វើថ្មីលោក»
«ផ្ដេសផ្ដាស ការងារចាស់មិនទាន់ឈប់ ចង់រកការងារថ្មី នាងមានសិទ្ធស្អី? មេការគ្រប់គ្រងបុគ្គលិករបៀបម៉េច ឲ្យចេញចូលរីសតខ្ញុំស្រេចក្បាលចិត្ត?»
«ខ្ញុំប្រាប់ឲ្យនាងមកដាក់ពាក្យលាឈប់ហើយលោក»
«ឥឡូវនេះ?»
«ចាស ឥឡូវនេះ នាងកំពុងតែមក»
«មកដល់ ឲ្យឡើងទៅបន្ទប់ខ្ញុំ»
____
ផ្គាប់ដួងចិត្ត
ភាគ២០

«បន្ទប់ណាចាស?» មេការ ហុងយៀន សួរបញ្ជាក់ ព្រោះបន្ទប់គេមាន២ មិនច្បាស់ថាបន្ទប់គេង ឬបន្ទប់ធ្វើការ? ខ្លាចនាងមកដល់ ប្រាប់ឲ្យឡើងទៅខុស ត្រូវគេបន្ទោសទៀត រឿងបុគ្គលិកចូលថ្មីម្នាក់នេះ ថ្ងៃនេះ នាងត្រូវម្ចាស់រីសតបាញ់ច្រើនគ្រាប់ណាស់ ស្ពឹកមុខណាស់ មិនយល់ហេតុអីគ្រាន់តែបុគ្គលិកចូលថ្មីម្នាក់ឈប់ គេមួម៉ៅក្តៅក្រហាយថ្នាក់នេះ? មិនគួរឲ្យជឿ ដែលថ្ងៃបើកសម្ពោធរីសតទាំងមូល គេអាចដើរចេញពីក្នុងកម្មវិធី មកខ្វល់នឹងរឿងបុគ្គលិកតូចតាចម្នាក់ឈប់បែបនេះ?
«បន្ទប់ធ្វើការ ហើយមេការគិតថាបន្ទប់ណា?» សូវម៉ីង ជ្រួញចិញ្ចើមសួរត្បកដោយទឹកមុខកាច ដូចចង់ស៊ីសាច់មេការ ធ្វើឲ្យមេការញញឹមមិនសូវសមដាក់ ញ័រមាត់ភ័យ
«ខ្ញុំក៏គិតថាបន្ទប់ធ្វើការដែរចាស ហិហិហិ»
«មេការនៅមានអារម្មណ៍សើច?» សូវម៉ីង សម្លុតសួរ ទឹកមុខកាន់តែកាច គេកំពុងមួម៉ៅចង់ឆ្កួត នៅសើចចេញ?
«សុំទោសចាស» មេការ ហុងយៀន រហ័សយកដៃបិទមាត់ខ្លួនឯង ឈប់សើចភ្លាម ចង់តែទះមាត់ខ្លួនឯងឲ្យបែកទេ សើចមិនយល់កាលៈទេសៈ។
សូវម៉ីង គ្រងឈុតថាក់ស៊ីដូពណ៌ខ្មៅដ៏សង្ហា ដើរទៅរកជណ្តើរយន្ត ឡើងទៅបន្ទប់ធ្វើការ ទាំងអារម្មណ៍ក្ដៅដូចភ្លើង។

១៥នាទីកន្លងទៅ...
«មេការហេតុអីមកឈរនៅត្រង់នេះ?» ហ្វូយីង មកដល់រីសត ឃើញមេការ ហុងយៀន ឈរនៅមុខរីសតធ្វើមុខមាំ
«ចាំនាងហ្នឹងហើយ នាំអំពល់ទុក្ខណាស់» មេការរអ៊ូបន្ទោស ព្រោះដោយសារនាងទើបត្រូវមាត់ម្ចាស់រីសត លូកចាប់កដៃនាង អូសនាំដើរទៅរកជណ្ដើរយន្ត ចុចឡើងទៅបន្ទប់ធ្វើការម្ចាស់រីសត ស្របពេល ហ្វូយីង មិងមាំង រកសួរនាំអីមិនបាន មួយភ្លែតសោះ មេការក៏នាំនាងដើរចូលមកដល់ក្នុងបន្ទប់ធ្វើការម្ចាស់រីសត នាងដកដង្ហើមធំធុញទ្រាន់ ដែលត្រូវមកជួបមនុស្សថោកទាប ដែលមិនចង់ជួបម្ដងទៀត
«ខ្ញុំនាំ វ័យ ហ្វូយីង មកហើយលោក» ហុងយៀន នាំ ហ្វូយីង ដើរទៅឈរនៅមុខតុធ្វើការ ញញឹមប្រាប់ ទាំងនៅតែបុកពោះមិនបាត់ ព្រោះឃើញមុខគេមាំ ចិញ្ចើមជ្រួញចូលគ្នា
«មេការចេញទៅ»
«ចាស» ឃើញ ហុងយៀន ដើរចេញ ហ្វូយីង ចង់ចេញដែរ តែចេញមិនរួច ពេលឮសំឡេងគំហក
«នាងបុគ្គលិកថ្មីនៅសិន»

??????????????Where stories live. Discover now