សូវម៉ីង ញញឹមចុងមាត់ សម្លឹងមើលរូបរាងកាយនាង ពីក្បាលដល់ចុងជើង ពីចុងជើងដល់ក្បាល ធ្វើឲ្យនាងយល់ភ្លាមថា ការប្រាក់ដែលគេចង់បានជាអ្វី វាធ្វើឲ្យនាងកាន់តែមានអារម្មណ៍ខ្ពើមស្អប់ថែមទៀត
«ថោក» មួយម៉ាត់ចុងក្រោយ មុនពេលនាងអូសវ៉ាលិស បំបុកស្មាគេដើរចេញ គេបណ្ដោយឲ្យនាងទៅ មិនឃាត់ ទោះនាងចាកចេញពីទីនេះ ទៅនៅផ្ទះជួល ផ្ទះនាងជួល នៅតែជាផ្ទះរបស់គេ យ៉ាងណានាងគេចពីគេមិនផុតទេ ម្យ៉ាងទៀតគេក៏មិនចង់ឲ្យនាងនៅទីនេះបន្តដែរ ព្រោះមាន ជឺលីង មកនៅជាមួយ គេមិនអាចធ្វើអ្វីនាងបានស្រេចចិត្ត ដូចពេលនៅតែ២នាក់ទេ គេមិនមែននៅស្រលាញ់ ឬក្រែងចិត្តសង្សារចាស់ តែទង្វើដែលគេធ្វើដាក់ ហ្វូយីង គេមិនដែលធ្វើដាក់ស្រីណាទេ បើ ជឺលីង ដឹង ពិតជាមិនគាំទ្រដែលគេធ្វើបែបនេះ នាងចេញល្អហើយ កុំឲ្យមានបញ្ហាវែងឆ្ងាយ គេខ្ជិលបកស្រាយ ពេលសង្សារចាស់សួរនាំ។យប់...
ហ្វូយីង មកដល់ផ្ទះជួលវិញ អង្គុយត្របោមក្បាលជង្គង់ យំឡើងខ្សោះខ្លួនហើយ យំឈឺចិត្ត យំព្រោះភាពឆោតល្ងង់របស់ខ្លួន ចង់បោកយកលុយគេ ចង់ជោគជ័យ ចង់ក្លាយជាអ្នកមាន គេនិយាយអីក៏ជឿ ឲ្យធ្វើអីក៏ធ្វើ ទីបំផុតបែរជាត្រូវគេបោកវិញ អស់ខ្លួនឲ្យគេទទេៗ ជំពាក់បំណុលគេវ័ណ្ឌកទៀត ១០លាន១ម៉ឺនដុល្លារ មិនមែនចំនួនលុយតិចតួចទេ ត្រឹមបុគ្គលិកធ្វើការស៊ីប្រាក់ខែដូចនាង ទោះប្រឹងធ្វើការដល់ស្លាប់ចាប់ជាតិថ្មី ក៏សងគេវិញមិនរួចដែរ កុំថាឡើយ១០លាន តែ១ម៉ឺន ឬ១លាន នាងគ្មានលទ្ធភាពសងផង សំខាន់នាងបានទទួលលុយពីគេមកតែ១ម៉ឺនទេ តែគេលេងល្បិចថោកទាបដាក់នាង ឲ្យនាងចុះហត្ថលេខា និងផ្ដិតមេដៃ ទទួលខ្ចីលុយពីគេ១០លាន ពិតជាអាក្រក់ណាស់ បឺតជញ្ជក់ឈាមនាងស្រស់ៗ គ្មានភាពជាមនុស្សសោះ នៅយកប៉ាម៉ាក់នាង ប្អូនប្រុសនាង មកគំរាមមិនឲ្យនាងរត់ទៀត នាងស្អប់ប្រុសថោកទាបម្នាក់នោះណាស់ នាងចង់ស្លាប់ លែងចង់រស់ហើយ តែនាងខ្លាចថាបន្ទាប់ពីនាងស្លាប់ បំណុល១០លាន ត្រូវធ្លាក់ទៅលើប៉ាម៉ាក់នាង និងប្អូនប្រុសនាង ត្រូវសងជំនួស ដូច្នេះនាងមិនអាចរើសយកផ្លូវស្លាប់យករួចខ្លួនតែម្នាក់ឯងទេ ចង់រត់ក៏មិនបាន ចង់ស្លាប់ក៏មិនបាន គិតអ្វីក៏មិនចេញ នាងជិតឆ្កួតហើយ ហេតុអីជីវិតនាងត្រូវមកជួបនឹងរឿងអយុត្តិធម៌បែបនេះ?
ជាតិមុននាងបានសាងបាបកម្មអីទៅលើ អ៊ូ សូវម៉ីង ទើបជាតិនេះគេតាមធ្វើបាប ចងកម្មចងពៀរនាងម្ល៉េះ?
នាងវេទនាណាស់ គេធ្វើឲ្យនាងវេទនាណាស់ មានជីវិតរស់ពិបាកជាងស្លាប់។
«ខ្ញុំស្អប់លោក អ្ហឹកៗ» នាងយំអណ្តឺតអណ្តកដោយការឈឺចាប់ យំដង្ហក់ដង្ហើម យំតែម្នាក់ឯង យំរហូតដេកលក់មិនដឹងខ្លួន។ថ្ងៃថ្មី...
ហ្វូយីង មកដល់រីសតធ្វើការធម្មតា តែមេការក៏ហៅទៅសួរនាំដែរ ដោយសារនាងបាត់មិនឃើញមកធ្វើការប៉ុន្មានថ្ងៃ នាងប្រាប់ថាប៉ាឈឺ មេការក៏យល់ និងស្ដីបន្ទោសឲ្យតិចតួចដែរ ចង់ឲ្យលើកក្រោយពេលនាងឈប់ ត្រូវចេះផ្ដល់ដំណឹងជាមុន និងដាក់ច្បាប់ត្រឹមត្រូវ មិនមែនចង់ឈប់ក៏ឈប់ ចង់មកក៏មក ព្រោះរីសតមានច្បាប់ទម្លាប់។
ហ្វូយីង ឋិតក្នុងឯកសណ្ឋានបុគ្គលិករីសត ឱបកម្រាលពូក១ឈុត ឈរនៅមុខជណ្តើរយន្ត ព្រោះត្រូវឡើងទៅជាន់លើ ដើម្បីប្ដូរកម្រាលពូក តែពេលទ្វារជណ្តើរយន្តបើក នាងស្រាប់តែវិលមុខខ្ញាល់មួយរំពេច ទ្រេតខ្លួនចង់ដួល តែសំណាងដែលមានបុរសសង្ហាម្នាក់ស្ទុះចេញពីជណ្ដើរយន្ត មកជួយត្រកង
«អ្នកនាងយ៉ាងម៉េចហើយ?»
«មិនអីទេ» នាងគ្រាន់តែឈឺក្បាលតិចតួច ទាញដៃគេដែលជួយទប់ចេញ ប្រឹងឈរដោយខ្លួនឯង
«មិនស្រួលខ្លួន គួរតែសម្រាក» គេមើលទៅមុខនាងស្លេកស្លាំងណាស់ និងគ្មានកម្លាំងកំហែងទេ
«ចាស អរគុណ» ហ្វូយីង ញញឹមស្ងួតដាក់ ទើបគេដកយកនាមប័ណ្ណ១សន្លឹក ចេញពីក្នុងកាបូបហុចឲ្យនាង
«ខ្ញុំជាគ្រូពេទ្យ បើអ្នកនាងចង់ពិនិត្យសុខភាព ខ្ញុំពិនិត្យឥតគិតថ្លៃទេ»
«អ្ហ៎ ចាស» ហ្វូយីង លូកដៃទទួលយកនាមប័ណ្ណដោយស្នាមញញឹម ស្របពេលម្ចាស់រីសតមកឃើញ ញ័រសាច់ទាំងព្រឹក គិតថានាងកំពុងទាក់ទាញភ្ញៀវ សម្លក់នាងដូចចង់ស៊ីសាច់ និងពេលភ្ញៀវដើរចេញ គេចូលទៅរករឿងភ្លាម
«បើឲ្យខ្ញុំឃើញនាងទទួលនាមប័ណ្ណពីភ្ញៀវប្រុសទៀត កាត់ប្រាក់ខែ១ឆ្នាំ» សូវម៉ីង កញ្ឆក់យកនាមប័ណ្ណពីដៃនាង ក្ដាប់ឡើងខ្ទេច មុននឹងគប់ចោលនៅចំពោះមុខនាង ស្របពេលនាងស្ងៀមស្ងាត់ ដើរចូលទៅក្នុងជណ្ដើរយន្ត គេទាញចេញវិញ ព្រោះរករឿងមិនទាន់ឆ្អែត
«បុគ្គលិករីសត មិនមែនស្រីលក់ខ្លួន កុំដើម្បីលុយ យកចរិតស្រីលក់ខ្លួន មកប្រើនៅរីសតខ្ញុំ»
ផ្លាច់/

YOU ARE READING
??????????????
Romance??????????????????????????? ???????????????????? ??? ??????? ??????????????? ??????????????? ?????????????? ???????????????????????? ???????????? ????????? ??????????????????????????? ????????????? ????????????? ????????????? ??????????????????? ???...