គេមិនព្រមចាញ់ ចង់បង្ហាញប្រាប់នាង អ្វីដែល ស៉ិន ថាយយិន មិត្តគេធ្វើបាន គេអាចធ្វើបានដូចគ្នា ថែមទាំងធ្វើបានល្អជាង នាងចាំមើលទៅ គ្រាន់តែប្រឡាក់សាច់ វាមិនដែលពិបាកស្មុគស្មាញជាងធ្វើជំនួញ
«ល្អណាស់ យើងក៏ចង់ភ្លក្សរសជាតិសាច់ចៀមប្រឡាក់ថ្វីដៃឯង លាក់សមត្ថភាពពិសេសមករាប់ឆ្នាំ ក្រៅពីផឹកជក់ យើងមិនដែលដឹងការពិតឯងចេះធ្វើម្ហូប បញ្ចេញឲ្យអស់ពីថ្វីដៃទៅលោកថៅកែ អ៊ូ» ថាយយិន ស្ទុះក្រោកឈរ ទះដៃប្រាវៗ ញញឹមសរសើរមិត្ត តែបង្កប់ដោយការឌឺដង ព្រោះដឹង សូវម៉ីង មិនចេះធ្វើម្ហូប ជៀនតែពងទាមួយគ្រាប់មិនបានស៊ី ទម្រាំឲ្យទៅប្រឡាក់សាច់ចៀមមួយចានដែកធំ មានគ្រឿងផ្សំច្រើនមុខ ស្ករ ប៊ីចេង អំបិល ពណ៌សដូចគ្នា បែងចែកដាច់ឬអត់មិនដឹង ប្រឹងអួតចេះ ទាំងល្ងីល្ងើ លើកនេះកាច់បំបាក់អំនួត អ៊ូ សូវម៉ីង ចំពោះមុខស្រីម្ដង
«ត្រឹមប្រឡាក់សាច់កំប៉ិកកំប៉ុក យើងមិនចាំបាច់ត្រូវបញ្ចេញឲ្យអស់ពីថ្វីដៃ ប្រឡាក់បិទភ្នែកក៏ឆ្ងាញ់ជាងឯង» សូវម៉ីង អួតដោយការជឿជាក់១០០ពេញបឹប លូកដៃចាក់ស្រាផឹកមួយកែវទៀតបន្ថែមភាពជឿជាក់ឲ្យខ្លួនឯង
«អួតឲ្យខាតពេលធ្វើស្អី ធ្វើឲ្យចេញលទ្ធផលសិនម៉ោ» ថាយយិន ញោចចុងមាត់ ដើរនាំផ្លូវ សូវម៉ីង ទៅផ្ទះបាយ ស្របពេល សូវម៉ីង ខាំសង្រ្គឺតធ្មេញ បម្រុងដើរតាម តែ ហ្វូយីង រហ័សស្ទុះក្រោក ស្រវាចាប់ដៃគេ គេងាកសម្លក់នាង
«លោកអាចធ្វើបាន?» នាងដឹងគេមិនចេះ គ្រាន់តែអំនួតចង់ឈ្នះ
«ឬនាងគិតខ្ញុំអន់ជាងវា?»
«ខ្ញុំដឹងលោកពូកែ»
«តែនាងសរសើរវា មិនសរសើរខ្ញុំ?»
«មកពីលោកមិនបានធ្វើអីគួរឲ្យសរសើរ»
«ចុះវាធ្វើស្អីខ្លះឲ្យនាងសរសើរ គ្រាន់តែប្រឡាក់សាច់ឆ្ងាញ់ និយាយជាមួយនាងមិនប៉ុន្មានម៉ាត់ ស្បូននាងបើកទទួលវាហើយ ចិត្តងាយយ៉ាងនេះ?»
«លោក អ៊ូ»
«ឬខ្ញុំអុកវាស្រួលមិនទាន់ដល់ចិត្ត ទើបចង់លើកជើងឲ្យ ថាយយិន អុកម្ដង?»
ផ្លាច់/
ហ្វូយីង ទ្រាំស្ដាប់សម្ដីគ្រោតគ្រាតគេមើលងាយនាងលែងបានហើយ ទើបយារដៃទះមុខគេមួយកំផ្លៀងយ៉ាងខ្លាំង ធ្វើឲ្យ ចុងតឺ ដែលឈរក្បែរនោះ ភ្ញាក់ព្រើត បើកភ្នែកធំៗ ភ័យបុកពោះជំនួស
«លោកអាក្រក់បែបនេះ ទើបខ្ញុំរកកន្លែងសរសើរមិនឃើញ ខ្ញុំប្រាប់លោក អ៊ូ សូវម៉ីង លោកមិនបាច់ប្រឹងទេ ព្រោះលោកគ្មានអ្វីល្អដែលអាចប្រៀបនឹងលោក ថាយយិន បាន ទោះលោកមានគ្រប់យ៉ាងដែលលោក ថាយយិន មាន តែខ្ញុំសុំដាក់ពិន្ទុឲ្យលោកចាញ់»
«នាងមានសិទ្ធស្អី?» សូវម៉ីង ខឹងច្រឡោតតោតតូង ក្ដៅឆួលពេញទ្រូង លូកដៃច្របាច់កនាង កនាងតូច មួយក្ដាប់ដៃគេ តែមិនហ៊ានច្របាច់ខ្លាំង ខ្លាចនាងដកដង្ហើមមិនរួច
«...» ហ្វូយីង ខឹង ខ្ជឹបមាត់លែងតបនឹងគេ ទឹកភ្នែកហូរដាបថ្ពាល់ ងាកមុខទៅម្ខាង ដូចខ្ពើមមុខគេមិនចង់ឃើញ
«នាងជារបស់ខ្ញុំតែម្នាក់ ចាំទុក» អារម្មណ៍ប្រចណ្ឌលាយឡំស្រវឹងស្រឿងៗ ជំរុញឲ្យគេធ្វើបាបនាង តែគេកាន់តែធ្វើបាប នាងកាន់តែស្អប់ គេមិនចង់ឲ្យនាងស្អប់ ទើបលែងដៃពីកនាង ដឹងខ្លួនធ្វើជ្រុល តែមិនខ្ចីលួង ដើរទៅផ្ទះបាយបាត់។
ក្នុងផ្ទះបាយ...
«យើងត្រៀមឲ្យឯងរួចស្រេចអស់ហើយ ទាំងសាច់ ទាំងគ្រឿងផ្សំ ចាំតែឯងបញ្ចេញថ្វីដៃប្រឡាក់ទេ» ថាយយិន ញឹមៗចុងមាត់ ពេលឃើញ សូវម៉ីង ដើរចូលមកទាំងធ្វើមុខដូចចងបាញ់
«ឯងគិតអីចំពោះបុគ្គលិកយើង?» សូវម៉ីង សួរដោយសំឡេងមាំ
«បុគ្គលិកឯងស្អាត ប្រាប់ត្រង់យើងចង់ញ៉ែ»
«ញ៉ែមិនបាន» សូវម៉ីង សង្រ្គឺតធ្មេញក្រតៗ សម្លក់ ថាយយិន ដូចមិនមែនមិត្ត តែជាសត្រូវ
«ហេតុអី?» ថាយយិន លើកចិញ្ចើមម្ខាងឡើង ដឹងហេតុផលហើយ ធ្វើជាសួរ
«ហ្វូយីង មានម្ចាស់ហើយ»
«តែនាងប្រាប់យើងថានៅ?»
«នាងចង់បោកឯង»
«បានស្រីស្អាតដូច ហ្វូយីង បោក យើងសុខចិត្តឲ្យបោក»
«យើងព្រមានឯង ស៉ិន ថាយយិន នាងមានម្ចាស់ហើយ ញ៉ែមិនបាន»
«តែយើងចង់ញ៉ែ»
«យើងប្រាប់ថាញ៉ែមិនបាន» សូវម៉ីង គំហក ស្ទុះចាប់ក្របួចកអាវ ថាយយិន ទប់កំហឹងមិនបាន ចង់យារដៃដាល់មុខមិត្ត តែ ថាយយិន លើកដៃរងមុខ សើចរលាក់ក្អឹកៗ ទើបគេព្រមលែងកអាវមិត្ត
«អូខេៗ យើងមិនញ៉ែបុគ្គលិកឯងទេ ប្រឡាក់សាច់បានឬនៅលោកថៅកែ អ៊ូ?»
«ប្រាប់យើងពីរបៀបប្រឡាក់ផង» គេមិនចេះ
«នៅមុខស្រីធ្វើគ្រាន់បើ» ថាយយិន ចំអក តែក៏ព្រមប្រាប់មិត្តពីរបៀបប្រឡាក់សាច់ឲ្យឆ្ងាញ់
«បើឯងចង់សាងសង់សណ្ឋាគារនៅលើកំពូលភ្នំ យើងមានយោបល់ខ្លះ»
«វ័យ ហ្វូយីង បុគ្គលិកយើង មានម្ចាស់ហើយ ហាមញ៉ែ»
«អាលោក អ៊ូ យើងថាឯងប្ដូរប្រធានបទនិយាយទៅ វិលទៅមកត្រលប់ចូលតែប្រធានបទដដែល ហ្វូយីង ជាបុគ្គលិកឯង មានម្ចាស់ហើយ ហាមញ៉ែ ឯងនិយាយ៥ដង យើងស្ដាប់ធុញ»
«យើងខ្លាចអាលោក ស៉ិន មិនទាន់ច្បាស់ ហ្វូយីង មានម្ចាស់ហើយ ញ៉ែមិនបាន»
«៦ដង»
«បើឯងគិតចង់ញ៉ែ បោះបង់ចោលទៅ»
«ឈឺក្បាលណាស់វើយ» ថាយយិន យកដៃញីក្បាលខ្លួនឯង ពុលចង់ក្អួតនឹងពាក្យដែល សូវម៉ីង និយាយស៊ាំតាប៉ែដដែលៗ ខ្លាចតែគេដណ្ដើម
បន្ទាប់ពីប្រឡាក់សាច់ហើយ សូវម៉ីង និង ថាយយិន ដើរចេញពីផ្ទះបាយមកវិញ យកសាច់ដែលប្រឡាក់ហើយទៅអាំង ស្របពេល ហ្វូយីង អង្គុយមុខស្មើ ស្ងៀមស្ងាត់មិននិយាយស្ដី គេដឹងនាងនៅខឹងរឿងមុននេះ ទើបយកសាច់អាំងឆ្អិន ទៅហាន់ជាចំណិតតូចៗ ដាក់ចានឲ្យនាងភ្លក្ស
«ខ្ញុំប្រឡាក់ផ្ទាល់ដៃ អាំងឆ្អិនហើយ ឈ្ងុយទេ?» សូវម៉ីង ដាក់បង្គុយលើកៅអីក្បែរនាង យកសមចាក់សាច់ចៀមមួយដុំ ឲ្យនាងហិត នាងងាកមុខចេញ
«សាកភ្លក្សមួយម៉ាត់ទៅ»
«ឆ្អែតហើយ» ឆ្អែតចិត្ត លេបលែងចូល
«ខ្ញុំផ្លុំបញ្ចុកនាង»
«លោកញ៊ាំខ្លួនឯងទៅ» នាងតបទាំងមិនងាកមើលមុខគេ
«ខ្ញុំចង់ឲ្យនាងញ៊ាំ»
«ខ្ញុំមិនចង់ញ៊ាំ»
«នាងត្រូវញ៊ាំ» គេគំហក យកដៃចាប់មុខនាងឲ្យបែរមករកគេ
«...» នាងមើលគេ កែវភ្នែករលីងរលោង
«នៅលើកំពូលភ្នំ មានកន្លែងដើរលេងច្រើន ស្អែកចង់ដើរលេងទេ?» គេចង់លួងនាងឲ្យបាត់ខឹង តែនាងនៅខឹងមិនបាត់
«...»
«ខ្ញុំស្រវឹង ទើបជ្រុលដៃច្របាច់កនាង»
«...»
«ខំប្រឡាក់ហើយ អាំងឆ្អិនទៀត នាងមិនញ៊ាំ អន់ចិត្តណាស់»
«...»
«មិនញ៊ាំកាត់ប្រាក់ខែ»
«...»
«ញ៊ាំមួយម៉ាត់ទៅ យីងៗ បណ្ដូលចិត្តថៅកែ»